ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​ប្រធាន​ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន​ករណី​ចេញ​សែក​អត់លុយ​ជិត​២​លានដុល្លារ​

ភ្នំពេញ ​៖ ​អតីត​ប្រធាន​ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​​ឧសភា ឆ្នាំ​២០១៨​នេះ​ ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​អំពើ​ល្មើស​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ចេញ​សែក​អត់​លុយ មាន​ទំហំ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ។

ជនជាប់ចោទ​ឈ្មោះ​យ៉ុ​ន សុភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រោយ​ទីផ្សារ​ភាគហ៊ុន​ដួល​រលំ​ ដោយ​នាំទៅ​នូវ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​របស់​អតិថិជន។

នៅក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម លី សុខ​ឡេង និង​តំណាង​អយ្យកា​រលោក សេង ហៀ​ង ជនជាប់ចោទ​ឈ្មោះ យ៉ុ​ន សុភា បាន​សារភាពថា នៅ​អំឡុង​ឆ្នាំ​២០១៥​ខ្លួន​បាន​បង្កើត​ក្រុមហ៊ុន​ទីផ្សារ​លក់​ភាគហ៊ុន​ដោយមាន​អតិថិជន​ជាច្រើន​បាន​ចូលមក​បណ្ដាក់ទុន​តាម​រយៈ​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ធ្វើជា​ផ្លូវច្បាប់។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ផ្ដល់អោយ​អតិថិជន​នូវ​ប្រាក់ចំណេញ​ចំនួន​៣,៤​ភាគរយ​នៃ​ប្រាក់​ដើមទុន ។ លុះ​មកដល់​ដើមឆ្នាំ​២០១៦​ទីផ្សារ​ភាគហ៊ុន​ធ្លាក់​ចុះ​ធ្វើ​អោយ​ក្រុមហ៊ុន​ត្រូវ​ខាតបង់​ប្រាក់​អស់រលីង ហើយ​ក្រុមហ៊ុន​ក៏បាន​ចេញ​សែក​ជាច្រើន​ទុក​តម្កល់​អោយ​បណ្ដា​ភាគី​ភាគហ៊ុន រួមមាន​ឈ្មោះ គៀ ម៉ា​រ៉ាវី បាន​ទទួល​សែក​៣​សន្លឹក សរុប​ជា​ប្រាក់​ចំនួន​៣៤​ម៉ឺន​ដុល្លារ និង​មាស​សុទ្ធ​១​គីឡូ។ ឈ្មោះ ញ៉ែរ ថា​វី សែក​២​សន្លឹក មាន​ទឹក​ប្រាក់​៤ ២២០០​ដុល្លារ។ ឈ្មោះ លឹម សុខ​ងី​ម សែក​២​សន្លឹក មាន​ទឹកប្រាក់​ចំនួន​១០ ៧០០០​ដុល្លារ។ ឈ្មោះ ឡោ ស៊ុន​ហួរ សែក​១​សន្លឹក មាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ។ ឈ្មោះ សួន សារិន សែក​៤​សន្លឹក មាន​ទឹកប្រាក់​ចំនួន​៦៨​ម៉ឺន​ដុល្លារ។ ឈ្មោះ រុន ណេ​ត​ណារិន សែក​២​សន្លឹក មាន​ទឹកប្រាក់​ចំនួន​១០​​ម៉ឺន​ដុល្លារ។

ក្នុង​រឿងក្ដី​នេះ ដោយសារ​ជនជាប់ចោទ​បាន​សារភាព​ពី​ការ​ចេញ​សែក​អត់​លុយ​​​គ្រប់​ករណី ​ដូច្នេះ លោក​សេង ហៀ​ង ជា​តំណាង​អយ្យការ​បាន​ស្នើ​អោយ​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​តាម​មាត្រា​២៣១​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​ចៅក្រម លី សុខ​ឡេង បាន​កំណត់​ប្រកាស​សាលក្រម​រឿងក្ដី​នេះ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684