ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់​អនុសាសន៍​៥​ចំណុច​សម្រាប់​ជោគជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥

ភ្នំពេញ ​៖ ​ដើម្បី​សម្រេច​បាន​ជោគជ័យ​នូវ​គោលដៅ​ទាំង ៨ ដូច​មានចែង​ក្នុង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែលមាន​ផែនទី​បង្ហាញផ្លូវ​និង ចក្ខុវិស័យ​សម្រាប់ សកម្មភាព​មីន​នៅ​កម្ពុជា​នាពេល​អនាគត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ចំនួន​៥ ចំណុច ចំពោះ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ អន្តរជាតិ អាជ្ញាធរ​មីន និង ក្រសួង​ស្ថាប័ន​នានា។​

អនុសាសន៍​សំខាន់ៗ​ទាំង​៥​រួមមាន​៖
ទី​១-​ត្រូវ​បន្ត​ពង្រឹងគុណភាព សុវត្ថិភាព គណនេយ្យភាព និង ប្រសិទ្ធភាព​ចំពោះ​ការងារ របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ និង ការជឿទុកចិត្ត​ពី​ដៃគូ​ពាក់ព័ន្ធ។

ទី​២-​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨ -២០២៥ ស្តង់ដារ​ជាតិ សកម្មភាព​មីន ផែនការ គោលការណ៍​ណែនាំ និង សេចក្តីណែនាំ​នានា​ដែល​ចេញ​ដោយ ដែល​ចេញ​ដោយ​អាជ្ញាធរ​មីន។​

ទី​៣-​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង ភាពជា​ដៃគូ​ជាមួយ​អាជ្ញាធរ​មីន​ជាពិសេស​ការផ្តល់​ទិន្នន័យ និង​ព័ត៌មាន រួមមាន​ព័ត៌មាន​ស្តីពី​ហិរញ្ញវត្ថុ សម្ភារៈ​កម្លាំង​ប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស ។​ល​។ ដើម្បី​ឲ្យ​អាជ្ញាធរ​មីន​មានលទ្ធភាព​បូកសរុប និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ។

ទី​៤-​ត្រូវ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មីន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ការរៀបចំ និង ការអនុវត្ត​ផែនការ​បោសសម្អាត​មីន ប្រចាំឆ្នាំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ទី​៥-​អាជ្ញាធរ​មីន​ត្រូវ​ផ្តល់​ជា​ត្រីវិស័យ​ដល់​បណ្តា​ប្រតិបត្តិ​ករ​ដោះមីន​ទាំងអស់​ដើម្បី​គោរព​ឲ្យ​បាន​នូវ​គោលការណ៍​ណែនាំ សម្រាប់​ការធ្វើផែនការ​បោសសម្អាត​និង​បន្ត​ដឹកនាំ​តាម​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​មីន ២០១៨ – ២០២៥ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុតពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ ២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន អំពាវនាវ​ដល់​សហគម​ន៍​ផ្តល់ជំនួយ ដៃគូ​អភិវឌ្ឍ និង ប្រទេស​ជា​មិត្ត​សូម​បន្ត​ជួយ​គាំទ្រ ផ្តល់​កិច្ចសហប្រតិបត្តិការ និង ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាមួយ​អាជ្ញាធរ​មីន​លើ​គ្រប់​រូបភាព ។​

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែង​ទៀតថា តាម​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៧ មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៦៤,៦៨៨ នាក់​។ កម្ពុជា​តែង​បាន​ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រហូត​ឈានដល់​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​នូវ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​ដែល​បាន​ទាញ​ឲ្យ​ចំនួន​គ្រោះថ្នាក់​ធ្លាក់ចុះ​ជាប្រចាំ​។ ​ ​ ​ ​ ​ ​ ​ ​
ជាក់ស្តែង​ជនរងគ្រោះ​បាន​ថយចុះ​យ៉ាងខ្លាំង​ពី ៤.៣២០ នាក់ នៅក្នុង​ឆ្នាំ​១៩៩៦ មក​នៅ​ចំនួន​ប្រហែល ១០០​នាក់​ក្នុង​មួយឆ្នាំ ជា​មធ្យម​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា ទោះបី​ការ​បាត​បង់ជីវិត​ឬ​ពិការ​ប្រជាជន សូម្បីតែ​ម្នាក់​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គឺជា​ទុក្ខសោក​និង​ជាការ​សោកស្តាយ​បំផុត​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា តាមរយៈ​ការអនុវត្តន៍​នយោបាយ «​ឈ្នះ​-​ឈ្នះ​» កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​ទូទាំងប្រទេស បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​រំលាយ ហើយ​ប្រទេសជាតិ​ក៏​ទទួលបាន​មកវិញ​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០​ឆ្នាំ​នៅ​កម្ពុជា​។​

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​ពិតជា​បានឃើញ​យ៉ាងច្បាស់​អំពី​ការអភិវឌ្ឍ​សង្គមជាតិ ការរីកចម្រើន​លើ​គ្រប​វិស័យ​ដែល​បានកើត​ចេញពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព​នេះ ។ ក្នុងន័យនេះ​បានបង្ហាញ​ថា ប្រជាជន​កម្ពុជា​ម្នាក់ៗ បាន​យល់ច្បាស់​ណាស់​ពី​មហា​វិនាសកម្ម​ដោយសារ​សង្គ្រាម​ដូច​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ថ្មីៗ​នេះ ហើយ​តែងតែបាន​ប្តេជ្ញាចិត្ត​ខ្ពស់ ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​មិន​ឲ្យ​បាត់បង់​ទៅវិញ​ជាដាច់ខាត​នូវ​សុខសន្តិភាព​នេះ ពីព្រោះ​លទ្ធផល​នៃ​សន្តិភាព​នេះ បានរួម​ចំណែក​យ៉ាងខ្លាំង​ក្លាយ​ដល់​ការបន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ កិច្ចដំណើរការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​កម្ពុជា​។​

សម្តេច​តេ​ជោ​បាន​កត់សំគាល់ថា ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​មកនេះ លើ​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​មានដូចជា​៖

១-​រំដោះ​ផ្ទៃដី​ចំនួន​ប្រមាណ ១,៧០០​គីឡូម៉ែត្រ​ក្រឡា សម្រាប់​ផ្តល់​ដី​សុវត្ថិភាព​ជូន​ប្រជាជន​យកទៅ​ប្រើប្រាស់ ប្រកប​របរ​អាជីវក​ម្ម សាងសង់​លំនៅដ្ឋាន និង​បង្កបង្កើនផល​ជាដើម​។ ទន្ទឹម​នោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ប្រមាណ ២៥,០០០​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង ២​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។​

​២-​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ពុះពារ​ជម្នះ​ការលំបាក នៃ​វិបត្តិ​ផ្លូវចិត្ត​ជនពិការ ខិតខំ​លើកស្ទួយ​សិទ្ធិ​ជនពិការ​លើកទឹកចិត្ត​ជនពិការ​ក្នុង​កម្មវិធី​នានា រួមទាំង​ការងារ​សង្គម និង​កីឡារ ខិតខំ​ផ្តល់ជំនួយ​ផ្នែក​មនុស្សធម៌ និង​កសាង​ជីវភាព​ជនពិការ និង​ក្រុមគ្រួសារ​ជនពិការ​។ កិច្ចខិតខំ​ទាំងអស់នោះ​ត្រូវបាន​ប្រជាជន​កម្ពុជា ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ អបអរសាទរ និង​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ទុក្ខ​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​៣- ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺ​ប្រតិបត្តិ​ករ​ទាំងអស់ រួមមាន​កងយោធពល​ខេ​មរ​ភុ​មិ​ន្ទ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា អង្គការ​ហេ​ឡូ​ត្រាស់ អង្គការ​ម៉ែ​ក អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស និង​អង្គការ​ដោះមីន​កម្ពុជា បាន​បោសសំអាត និង​រំដោះ​ផ្ទៃដី​តាម​គម្រោង​អាទិភាព​របស់​សហគម​ន៍​ប្រមាណ ១០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​មួយឆ្នាំៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​ទទួលបាន​នូវ​ចំណេះដឹង​និង​បទពិសោធន៍​គ្រប់គ្រាន់​អំពី​មីន ហើយ​បានប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន ទៅជា​ប្រទេស​ដែល​យក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ច្បាស់លាស់ និង​មាន​ជំនាញ​បោសសម្អាត​មីន​/​គ្រាប់ ទៅ​ចែករំលែក​នៅលើ​ឆាក​អន្តរជាតិ ទៅប្រើ​តាម​បណ្តា​ប្រទេស​ដែល​កំពុង​ជួបប្រទះ និង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយក៏​តែង​ទទួល​គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​ជាច្រើន​បានមក​ទស្សនា​ប្រទេស​កម្ពុជា ដើម្បី​រៀនសូត្រ និង​ទទួល​បទពិសោធន៍​ផងដែរ ។ លើសពីនេះ​ទៀត ចាប់តាំងពី​ឆ្នាំ ២០០៦ ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ដោយសារ​មីន កម្ពុជា​បាន​ខិតខំ​ចែករំលែក​កងកម្លាំង​បោសសម្អាត​មីន​របស់ខ្លួន ដើម្បី​ទៅ​ចូលរួមចំណែក​សម្រាលទុក្ខ​ជូន​ដល់​ប្រទេស​ផ្សេងៗ​ដែល​កំពុង​ប្រឈម និង​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដូចជា​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ ម៉ាលី អាហ្វ្រិក​កណ្តាល សៃ​ប្រឹស លី​បង់ និង​ស៊ី​រី នៅក្នុង​ក្របខណ្ឌ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​ចូលរួម​ការងារ​បោសសម្អាត​មីន មនុស្សធម៌ និង​ផ្តល់នូវ​ភាព​សុខក្សេមក្សាន្ត​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ ។​

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​រំលឹកថា ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​កន្លងទៅនេះ ទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន ៥,៤៨៦​នាក់ បាននិងកំពុង​បំពេញបេសកកម្ម ហើយ​ទាហាន​មួក​ខៀវ​ទាំងនោះ បាន​ក្លាយជា​គ្រួសារ​មួយ​របស់​អង្គការសហប្រជាជាតិ និង​ជា​បងប្អូន​គ្រប់​ជាតិ​សាសន៍​លើ​សកលលោក ដែល​តែង​បាន​ជួយ​ផ្តល់នូវ​បរិស្ថាន​ល្អប្រសើរ​មួយ​ផ្នែ​ក្នុង​ពិភពលោក​។ ក្នុងនោះ​សម្តេច​ក៏បាន​ផ្តួចផ្តើម​គំនិត​បង្កើត​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ឯកភាពគ្នា​បង្កើត​មជ្ឈមណ្ឌល​នេះ​ដែលមាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អះអាង​និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​ចក្ខុវិស័យ​មួយ​ដែល​បានកំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត «​កម្ពុជា គឺជា​ប្រទេស​ដែល​គ្មាន​មីន ហើយ​ការ​គំរាម​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវបាន​កាត់បន្ថយ​ឲ្យ​នៅ​កម្រិត​អប្បបរមា និង​មានការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​» ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684