ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អង់គ្លេស​បន្ត​ជួយ​វិស័យ​អប់រំ​កម្ពុជា

ភ្នំពេញ ៖ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម និង ជម្រាបលា នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នៅ​វិមាន​សន្តិភាព​។​

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស បាន​ជម្រាបជូន​សម្ដេច​ថា​លោក រីក រាយ​យ៉ាងខ្លាំង​ក្នុង​បេសកកម្ម​ការទូត​រយះពេល ៤ ឆ្នាំកន្លះ​នៅ​កម្ពុជា។ លោក​បាន​មានប្រសាសន៍​ផងដែរ​ថា​ចំពោះ​រូបលោក​ផ្ទាល់​ក៏ដូចជា​រាជរដ្ឋាភិបាល​អង់គ្លេស ផងដែរ គឺ​បានចាត់ទុក​កម្ពុជា​គឺជា​មិត្ត​របស់​អង់គ្លេស​។

លោក​បញ្ជាក់ថា នៅពេល​ជួប​សម្ដេច​តេ​ជោ ជា​លើកដំបូង​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​លើ​ការយក ចិត្ត​ទុកដាក់​ទៅលើ​វិស័យ​អប់រំ លោក​បាន​ជម្រាបជូន​សម្ដេច​ថា ​ក្នុង​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​លោក បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​អប់រំ វិស័យ​បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ហើយ​ក្នុង​ដំណើរ​ទស្សន កិច្ច​របស់លោក​ទៅកាន់​គ្រប់​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា លោក​មាន​ចំណាប់អារម្មណ៍ នឹង សុទិដ្ឋិនិយម​យ៉ាងខ្លាំង លើ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។ លោក​បន្តថា​ប្រព័ន្ធ​អប់រំ​នេះ​បានផ្ដល់​ជំនឿ​ទុកចិត្ត​និង​ផ្ដល់​ក្តីសង្ឃឹម យ៉ាងខ្លាំង​ទៅដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​។ ជារួម​លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ប្រទេស​កម្ពុជា​។​

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​ថ្លែង​អំណរ គុណ លោក វីល្លាម ហើយ​បាន​មានប្រសាសន៍ថា លោក​ទូត​បានធ្វើ​ការងារ​យ៉ាង​ច្រើន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ គឺមាន​សារៈសំខាន់​ណាស់​ហើយ​អាទិភាព​របស់​កម្ពុជា​ចក្រភព អង់គ្លេស បាន​ជួយ​កម្ពុជា​ត្រង់ចំណុច​សេចក្តីត្រូវការ​តែម្ដង​។

សម្ដេច​បាន​ថ្លែងអំណរគុណ​សាជាថ្មី​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ជួយ​កម្ពុជា ហើយ​សង្ឃឹមថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ជួយ​កម្ពុជា លើ​វិស័យ​អប់រំ​នៅ​បន្តទៀត និង​បាន​ជូនពរ​លោក​វីល្លាម​ឱ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​បេសកកម្ម​របស់លោក​នា​ថ្ងៃ​អនាគត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684