ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ជំរុញ​ឲ្យ​ទួរគី ហោះហើរ​ត្រង់​មក​កម្ពុជា​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ បានអនុញ្ញាត​ឲ្យ​លោក ស្រី អ៊ុន​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គ​រដ្ឋ ទូតទួរ​គី​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោកស្រី អ៊ុន លូ បាន​សម្តែង​ការសប្បាយ​រីករាយ​ណាស់ ដែល​បាន​ធ្វើជា​ឯកអគ្គរដ្ឋទូត​​ទួរ​គី​ប្រចាំ កម្ពុជា នាពេលនេះ​។​

លោកស្រី​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​ជំរុញ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ឲ្យ​មាន​លក្ខណៈ​បើក ទូលាយ​ថែមទៀត​។
​ ​
លោកស្រី​បាន​មានប្រសាសន៍​បន្តថា វិស័យ​វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច គឺ​នៅ​មាន​កម្រិត​នៅឡើយ សម្រាប់​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង ក្នុងការ​ប្រមូលយក​រាល់​ព័ត៌មាន​ទាំងឡាយ របស់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​អ្នកវិនិយោគ​ទួរ​គី ដើម្បី​ទាញយក​នូវ​ការវិនិយោគ មកកាន់​កម្ពុជា។

លោកស្រី ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​បញ្ហា​ទេសចរណ៍​ផងដែរ​ដោយ​លោកស្រី​នឹង​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​​ទួរ​គី​មកកាន់​កម្ពុជា​។​

សម្តេច​តេ​ជោ​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ ព្រមទាំង​អបអរសាទរ ចំពោះ​លោកស្រី អាយ​ដា ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត ​​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៅ​កម្ពុជា​។ សម្តេច​ក៏បាន​អរគុណ​លោកស្រី​ចំពោះ​ការនាំ​ការសាកសួរ​សុខ ទុក្ខ ពី​សំណាក់​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​តួ​ក​គី ជូន​ចំពោះ​សម្តេច​។​
​ ​
សម្តេច​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​នៅ​ឆ្ងាយ​ពីគ្នា​មែន​ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​គឺមាន​ភាព​ជិតស្និទ្ធ​ល្អ​ហើយ​ក្នុងន័យនេះ ស​ម្តេច​ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ពិតជា​មាន​បំណង ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ​ដូច​ដែរ​លោកស្រី បាន​ប្តេជ្ញាចិត្ត​នោះដែរ​។​
ពី​នោះ​ទៅទៀត​សម្តេច​បាន​មានប្រសាសន៍​ដែរ​ថា​ ការ​បើ​មានការ​ហោះហើរ​ត្រង់​ពី​ទួរ​គី មកកាន់​កម្ពុជា​ហើយ​នោះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នឹង​មាន​ការកើនឡើង ពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ នឹង​មាន​ការ​កើនឡើង​កាន់តែ​ខ្លាំង​ឡើង៕