ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​គ​.​ជ​.​ប​ថា អង្គការ សមាគម ដែល​មិនបាន​ចូលរួម​សង្កេតការណ៍​ ហើយ​ហ៊ាន​វាយ​តម្លៃ នឹង​ត្រូវ​​​ប្រឈម​ផ្លូវច្បាប់

ភ្នំពេញ​ ៖ ​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាងថា អង្គការ សមាគម ដែល​មិនបាន​ចូលរួម​សង្កេតការណ៍ មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​បានទេ ពីព្រោះ​ខ្លួន​មិនបាន​ចូលរួម ហើយ​ប្រសិនបើ​​​ហ៊ាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​វាយតម្លៃ​ណាមួយ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដោយ​ខ្លួនឯង។

​លោក ហង្ស ពុទ្ធា លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ និង​ជាការ​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយពី​មាន​អង្គការ សមាគម ចំនួន​២ បាន​មិន​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​។ លោក​លើកឡើងថា ច្បាប់​បានចែង​ថា គ​.​ជ​.​ប ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​សរុប​មាន​ចំនួន​១១​ភាគី ក្នុងនោះ អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល ក៏​ជា​ភាគី​ពាក់ព័ន្ធ​មួយ​ផងដែរ ហើយ​អ្វីដែល​មានចែង​នៅក្នុង​ច្បាប់ អង្គការ សមាគម​ណា​ដែល​ចាប់អារម្មណ៍ ក្នុងការ​ចូលរួម​សង្កេតការណ៍ អាចដាក់​ពាក្យ​ចូលរួមបាន ដូច​អ្វីដែល​អង្គប្រជុំ​បានប្រកាស​ថា មកដល់ពេលនេះ គ​.​ជ​.​ប បានប្រកាស​ទទួលស្គាល់​អ្នកសង្កេតការណ៍​ចំនួន​២១៧៨​នាក់​ហើយ ហើយ​មួយ​ពាន់​នាក់​ទៀត​កំពុងតែ​ពិនិត្យ ដូច្នេះ​នេះ គឺជា​បញ្ហា​មួយ​ដែល​បញ្ជាក់ថា ផ្លូវច្បាប់​កំពុងតែ​ត្រូវបាន​អនុវត្ត​។​

តាម​លោក ហង្ស ពុទ្ធា ទោះបីជា​អង្គការ សមាគម​ទាំងពីរ​នោះ មិនបាន​ចូលរួម​ក៏ដោយ ក៏​នៅមាន​អង្គការ សមាគម ជាច្រើន​ទៀត ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ដែរ ដូចជា​សមាគម​ឧ​ត្ត​មសិ​ក្សា​ជាដើម ដែល​ប្រជុំ​ទៅដោយ​បញ្ញវន្ត បាន​មកជួប​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្តង​ហើយ ដើម្បី​ពិភាក្សា​ពី​ការដាក់​អ្នកសង្កេតការណ៍​ចូលរួម​នៅក្នុង​ការបោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ​។ ដូច្នេះ​ការប្រកាស​មិន​ចូលរួម​សង្កេតការណ៍​របស់​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និក​ហ្វិ​ច មិនមាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ការរៀបចំ​របស់ គ​.​ជ​.​ប នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​បើ​អង្គការ​ទាំងពីរ​នោះ មិនបាន​ចូលរួម​សង្កេតការណ៍ ខ្លួន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​បានទេ ពីព្រោះ​ខ្លួន​មិនបាន​ចូលរួម​សង្កេតការណ៍ ហើយ​ប្រសិនបើ​មិន​ចូលរួម​សង្កេតការណ៍ បែរជា​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​វាយតម្លៃ​ណាមួយ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដោយ​ខ្លួនឯង ប្រសិនបើ​របាយការណ៍​នោះ ធ្វើអោយប៉ះពាល់​ទៅដល់​ភាពត្រឹមត្រូវ និង​សុចរិត​ភាព រប​ស់គ​.​ជ​.​ប​។​

លោក ហង្ស ពុទ្ធា បានបញ្ជាក់​ទៀតថា គ​.​ជ​.​ប បាន​បើក​សិទ្ធិ​គ្រប់គ្រាន់​ឲ្យ​អង្គការ​សមាគម​ទាំងអស់​បាន​ចូលរួម​នៅក្នុង​ការសង្កេត​ការណ៍​បោះឆ្នោត​នេះ ប៉ុន្តែ​អង្គការ​ទាំងពីរ​នេះ​បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា នឹងចូលរួម​សង្កេតការណ៍ ដូច្នេះ​មានន័យថា អង្គការ​ទាំងនោះ បាន​ទម្លាក់​សិទ្ធិ​របស់ខ្លួន ក្នុងការ​ចូលរួម ដោយ​ខ្លួនឯង ដូច្នេះ​វា​មិន​សមរម្យ​ទេ នៅពេលដែល​ខ្លួនឯង មិនបាន​ទៅ​មើល ទៅពិនិត្យ បែរជា​ហ៊ាន​វាយតម្លៃថា​យ៉ាងនេះ​យ៉ាងនោះ​។​

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ការចូលរួម ឬ​មិន​ចូលរួម​សង្កេត​ការ​ណ៍​បោះឆ្នោត​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សិទ្ធិ​សម្រេច​ផ្ទាល់ខ្លួន​របស់​អង្គការ​ទាំងនោះ ប៉ុន្តែ​បើ​អង្គការ​ណា​បានប្រកាស​ខ្លួនឯង​ហើយ ថា​មិន​ចូលរួម​សង្កេត​ការ​ណ៍​បោះឆ្នោត គឺ​មានន័យ​អង្គការ​នោះ បាន​បោះបង់​សិទ្ធិ​និយាយ​រាល់​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការបោះឆ្នោត រហូតដល់​ចប់​ការបោះឆ្នោត​និង​ក្រោយ​ការបោះឆ្នោត ទោះបី​ធ្វើការ​ព្យាករ​ណ៍ ការ​ទស្សន៍ទាយ ការវិភាគ ការលើក​ឡើងជា​មតិ អនុសា​ស​ន៏ ក៏ដូចជា​ការផ្តល់​បទ​សម្ភាស​ន៏ ជាមួយ​អ្នក​សារ​ព៌​ត​មាន​ជាដើម ក៏​អត់​អាចមាន​ដែរ​។ ដូចនេះ នេះ​ជាការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​សុទ្ធសាធ​។ នៅ​ថ្ងៃក្រោយ បើសិនជា​ប្រព្រឹត្ត​ផ្ទុយ​ពី​កា​រស​ម្រ​ច​ចិត្ត​នេះ គឺ​អង្គការ​នោះៗ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ដោយ​ជៀស​មិន​រួច​។

ជាមួយគ្នា​នោះ លោក សុខ ឥសាន បានស្នើ​ឲ្យ​មេត្តា​តាមដាន លើ​អង្គការ​ទាំងនេះ ឲ្យ​ដិតដល់ តើ​មាន​ប្រព្រឹត្តល្មើស​សំដី​របស់ខ្លួន​ឬទេ​៕