ព័ត៍មានទាន់​ហេតុការណ៏
Search

យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២១ ឧសភា គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ពី​ចំនួន​គណបក្សនយោបាយ ដែលមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ប្រកួត​ប្រជែង

ភ្នំពេញ ​៖​ អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​ថា គ​.​ជ​.​ប នឹង​សម្រេច​ពី​គណបក្ស​នយោបាយ ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ប្រ​កួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មិន​ឲ្យ​លើស​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​។​

លោក ទេព នីថា លើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីអំពី​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​បច្ចុប្បន្នភាព​ចំនួន​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​ដែល​កិច្ចប្រជុំ​នេះ បានរៀបចំ​នៅ​ការិយាល័យ​កណ្ដាល គ​.​ជ​.​ប នា​ក្រសួងមហាផ្ទៃ ដោយមាន​ការចូល​ពី តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ន​ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន អ្នកជំនាញ jica និង​អ្នកជំនាញការ​កូរ៉េ ប្រចាំ​នៅ គ​.​ជ​.​ប និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងថា ក្នុង​រយៈពេល​១៥ ថ្ងៃ​នៃ​ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ កាល​ទី​៦ មាន​គណបក្ស​ចំនួន​២០ បាន​ទៅ​ចុះបញ្ជី ហើយ​រហូតមក​ដល់ពេលនេះ គ​.​ជ​.​ប បានប្រកាស​ទទួលស្គាល់​គណបក្ស​ចំនួន​៥​ហើយ ​ដែល​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

តាម​លោក ទេព នីថា នៅ​មាន​គណបក្ស​ចំនួន​៤​ទៀត ដែល គ​.​ជ​.​ប នឹង​ទទួលស្គាល់​មិន​អោយ​លើស​ថ្ងៃទី​១៨​នោះ​ទេ ហើយ​ពេលនេះ​កំពុងតែ​ពិនិត្យ គឺ​មានន័យថា គ​.​ជ​.​ប​មាន​ឱកាស​៧​ថ្ងៃ ដើម្បី​ពិនិត្យ​សម្រេច ហើយ​រយៈពេល​៧​ថ្ងៃនេះ បើ​ពិនិត្យឃើញ​ថា មាន​ឯកសារ​ត្រឹមត្រូវ គ​.​ជ​.​ប នឹង​សម្រេច​យល់ព្រម ហើយ​ក្នុង​ករណី​ឯកសារ​មានការ​ខ្វះខាត គ​.​ជ​.​ប នឹង​ឲ្យ​បំពេញ​ក្នុង​រយៈពេល​៥ ថ្ងៃ ហើយ​បើ​បំពេញ​មិនបាន​គ្រប់គ្រាន់​ទេ គ​.​ជ​.​ប នឹង​ប្រកាស​បដិសេធ តែ​គណបក្សនយោបាយ មាន​សិទ្ធិ​ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ពេល​ដោះស្រាយ​រយៈពេល​១០​ថ្ងៃ​ទៀត​។​

គណបក្ស​ចំនួន​៤​នោះ រួមមាន​គណបក្ស​ខ្មែរ​តែមួយ​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី ហើយ​មាន​គណបក្ស​១​ទៀត​ដែល គ​.​ជ​.​ប នឹង​សម្រេច​មិន​ឲ្យ​លើស​ថ្ងៃទី​១៩ ខែឧសភា នេះដែរ គឺ​បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​។ ដោយឡែក​នៅក្នុង​បក្ស​ចំនួន​១០ ទៀត គ​.​ជ​.​ប នឹង​សម្រេច​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​។​

ចំណែក​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លើកឡើងថា បន្ទាប់ពី​ចុះបញ្ជី​គណបក្សនយោបាយ​រួច គ​.​ជ​.​ប នឹង​អញ្ជើញ​តំណាង​គណបក្សនយោបាយ​ទាំងអស់​មក​ចូលរួម​ចាប់លេខ​រៀង ហើយ​បន្ទាប់ពី​ជាប់ឆ្នោត​លំដាប់​លេខ​រៀង​រួច គ​.​ជ​.​ប នឹង​ចាប់ផ្ដើម​បោះពុម្ព​សន្លឹកឆ្នោត​នៅ​តា​មណ្ឌល ដែល​បក្សនយោបាយ​ទាំង​នោះបាន​ឈរឈ្មោះ​បោះឆ្នោត ហើយ​បន្ទាប់ពី​ការបោះពុម្ព​សន្លឹកឆ្នោត នឹង​ឈានទៅដល់​ការឃោសនា ដែលមាន​រយៈពេល ២១ ថ្ងៃ​។​

សូមបញ្ជាក់ថា គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ទៅ​ចុះបញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នោះ ដែល​រួមមាន ១, គណបក្ស​ប្រជាជន​កម្ពុជា ២, គណបក្ស​យុវជន​កម្ពុជា ៣, គណបក្ស​សញ្ជាតិ​កម្ពុជា ៤, គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ៥, គណបក្ស​ហ៊្វុនស៊ិនប៉ិច ៦, គណបក្ស​ខ្មែរ​តែមួយ ៧, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៨, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៩, គណបក្ស​ពន្លឺ​ថ្មី ១០, គណបក្ស​ខ្មែរ​ក្រោក ១១, គណបក្ស​​​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ១២, គណបក្ស​ធម្មាធិបតេយ្យ ១៣, គណបក្ស​ខ្មែរ​ឈប់​ក្រ ១៤, គណបក្ស​ខ្មែរ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច ១៥, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១៦, គណបក្ស​រស្មី​ខេមរា ១៧, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១៨, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៩, គណបក្ស​មាតុភូមិ​យើង ២០, គណបក្ស​ឆន្ទៈ​ខ្មែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684