ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ទះ​បាញ់​ ផ្ដាច់​យក​ជីវិត​មនុស្ស​៥​នាក់ ខណៈ​កំពុង​ជួយ​លើក​ផ្ទះ​អ្នក​ភូមិ

កោះកុង ​៖ ​​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​​ខែ​ឧសភា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៣​និង​០០​នាទី ​មាន​ករណី​គ្រោះធម្មជាតិ​មួយ​ដ៏​សាហាវ​ បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​រង​របួស​ស្រាល​ម្នាក់​ស្ថិតនៅ​ចំណុច​អូ​ទា​ពង ​ភូមិ​ប្រឡាយ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ជនរងគ្រោះ​ទី​១.​មាន​ឈ្មោះ​សេម សាវឿន ​ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ (​ស្លាប់​)​ ទី​២.​ឈ្មោះ​សេម សឿន​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ (​ស្លាប់​)​ ទី​៣.​ឈ្មោះ​ទិល សារុណ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ (​ស្លាប់​)​ ត្រូវជា​ប្តី​របស់​សេម សាវឿន​(​ស្លាប់​)​ ទី​៤​ឈ្មោះ​ផាន់ វ៉ា​ធី​(​កុមារ​)​ អាយុ​៤​ឆ្នាំ​(​ស្លាប់​)​។ អ្នក​ទាំង​៤​រស់នៅ​ភូមិ​ច្រក​ឬ​ស្សី ​ឃុំ​ជំនាប់ ​ស្រុក​ថ្មបាំង​ ខេត្តកោះកុង។ ទី​៥.​ឈ្មោះ​ភិន ភឿន​ ភេទ​ប្រុស​ អាយុ​២៦​ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ ស្រុក​ថ្មបាំង​ ខេត្តកោះកុង​(​ស្លាប់​)​ ទី​៦.​ឈ្មោះ​ធឿន ចាន់ថា ​ភេទ​ស្រី ​អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ច្រក​ឬ​ស្សី ​ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្តកោះកុង រង​របួស​ស្រាល ត្រូវ​បាន​​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មបាំង។

សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ថា ​ករណី​រន្ទះបាញ់​​នេះ ​កើត​ឡើង​ ខណៈ​ជនរងគ្រោះ​ទាំងអស់​ បាន​ទៅ​ជួយ​លើក​ផ្ទះ​អ្នកភូមិ​​​នៅ​ចំណុច​អូ​ទា​ពង​ ដែល​កំពុង​សាងសង់​ផ្ទះ​ថ្មី​ ​ ក្នុង​នោះ​ដែរ​ក៏​បាន​ខូចខាត​សម្ភារៈ​មួយ​ចំនួន​រួមមាន ទូរស័ព្ទ​ដៃ​២​គ្រឿង ស្ពីឃ័រ​(​ធុងបាស​)​មួយ​គ្រឿង​ និង​ងាប់​សត្វ​ឆ្កែ​ចំនួន​៣​ក្បាល។ អ្នក​ដែល​ស្លាប់​ទាំង​៥​នាក់​នោះ ​មាន​ពី​នាក់​ជា​ប្តី​ប្រពន្ធ​ និង​៣​នាក់​ទៀត​គ្រួសារ​ផ្សេងៗ​គ្នា។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​៥​នាក់ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕