ព័ត៍មានទាន់​ហេតុការណ៏
Search

មឿ​ន សុខ​ហ៊ុ​ច ជួប Chhouk Chhai លើស​ង្វៀន Boostrong SEATV ឯ សៀវ ង៉ុ​យ ជម្រះបញ្ជី​ជាមួយ ផាន ផាត់​យុទ្ធ

មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ Chhouk Chhai នា​ព្រឹក​ថ្ងៃអាទិត្យ ​ទី​២០ ​ខែឧសភា ឆ្នាំ​២០១៨​ នេះ នៅលើ​សង្វៀន Boostrong Fighter On Fire របស់ SEATV ។

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច និង Chhouk Chhai នេះ ធ្លាប់​ដែល​ប៉ះគ្នា​ម្តង​ហើយកន្លងមក ដោយ​ សុខ​ហ៊ុ​ច ​ឈ្នះ​ដោយ​ពិន្ទុ។ ដូច្នេះ​ការជួបគ្នា​លើក​នេះ គឺជា​ការជួប​សងសឹករបស់ Chhouk Chhai ហើយ។ ពួកគេ​ពីរ​នាក់​នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។

​អ្នក​ប្រដាល់ ​មឿ​ន សុខ​ហ៊ុ​ច ឥឡូវនេះ​មិន​ដូច​ពីមុន​ទេ។ គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំនឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀតឃើញថា​គេ​ខ្លាំង​ និង​ល្អ​ជាង​មុន​។ តែ​យ៉ាងណា ពេលនេះ​ត្រូវគេផ្គូផ្គង​អោយ​ជួប​ជាមួយ Chhouk Chhai ដែលជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ។

​បើតាម​ប្រវត្តិ​របស់​ Chhouk Chhai នេះ គេ​ជា​ជើង​ខ្លាំងដែលមាន​ស្នៀត​ប្រដាល់​ល្អ និង ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​ក៏​មិនធម្មតា​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ជិត​មួយរយ​លើក​ទៅហើយ។ Chhouk Chhai គេ​ធ្លាប់​វាយ​ឈ្នះ​ ឃីម ឌី​ម៉ា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ​ម្តងហើយកន្លងមក​, ឈ្នះ ឡៅ ចន្ទ្រា ដោយ​ពិន្ទុ​, វាយ​ស្មើ​ជាមួយ ​ឡុង សុ​ភី , ឈ្នះ​ ធី តុង​ហ៊ី ក្លិបសាល​វ័​ន្ត​កីឡា ,​ឈ្នះ ​ផង់ សុភាព​ ដោយ​ពិន្ទុ​ និង​ធ្លាប់​ឈ្នះ ​ផល សោ​ភ័​ណ្ឌ ពីរលើក​ថែមទៀត។ ការដែល​អាច​យកឈ្នះ​លើ​ ឃីម ឌី​ម៉ា,ឡៅ ចន្ទ្រា,ផល សោ​ភ័​ណ្ឌ បាន​ដូច្នេះ គឺ​បញ្ជាក់ថា Chhouk Chhai គេ​មិនធម្មតា​នោះឡើយ។

​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​នៅស្រុក​ខ្មែរ​ផងដែរ។ តាម​អ្នក​ផ្គូផ្គង​អោយដឹង​នោះ​ថា ជា​អ្នក​ប្រដាល់​ថៃ​ម្នាក់​ដែល​រឹងមាំ និង​វាយខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៣​លើក ឈ្នះ​៨១​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ យ៉ាងណា Chhuok Chhai ធ្លាប់​ចាញ់​ពិន្ទុ​ មឿ​ន សុខ​ហ៊ុ​ច ​ម្តង​រួចទៅហើយ កាលពីឆ្នាំ​ ២០១៦​ កន្លងមក។ សុខ​ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត​១៣១​លើក ឈ្នះ​១០៤​លើក ចាញ់​២៣លើក និង​ស្មើ​០៤​លើក ហើយ ​សុខ​ហ៊ុ​ច ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ជាច្រើន​នាក់។​ ចាំមើលការប្រកួត​លើក​នេះ​ជាមួយ Chhouk Chhai តើ មឿ​ន សុខ​ហ៊ុ​ច​ អាច​យកឈ្នះ​បាន​ទៀត​ដែរ​ឬអត់ ?​។

​សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ឡើង​ជម្រះបញ្ជី​ជាមួយ​ ផាន ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិបសាល​វ័​ន្ត​កីឡា។ សៀវ ង៉ុ​យ និង​ ផាន ផាត់​យុទ្ធ នេះពួកគេ​ធ្លាប់​ប៉ះគ្នា​ចំនួន​៥​លើក​ហើយកន្លងមក​។ ក្នុងការ​ជួបគ្នា​៥​លើក​នេះ សៀវ ង៉ុ​យ វាយ​ឈ្នះ ផាត់​យុទ្ធ តែ​ពីរ​លើក​ប៉ុណ្ណោះ ឯបីលើក​ទៀត​ចាញ់​ផាត់​យុទ្ធ។ ការជួប​ជាមួយ​ ផាន ផាត់​យុទ្ធ ​នេះ សៀវ ង៉ុ​យ ពិបាក​សង្ឃឹម​ឈ្នះណាស់។ ​ជាការ​ពិបាក​សម្រាប់​ សៀវ ង៉ុ​យ ក្នុងការ​យកឈ្នះ​លើ ​ផាត់​យុទ្ធ ដោយសារ​ ផាត់​យុទ្ធ គេ​មានកណ្តាប់ដៃ​ខ្លាំង រហ័ស និង​ស៊ូ​ចំពោះ​ការប្រកួត​ថែមទៀត។​ ជាមួយ​នឹងមាន​ស្នៀត​ប្រដាល់​ល្អ ផាត់​យុទ្ធ គេ​ហ៊ាន​ថែមទៀត។

​សៀវ ង៉ុ​យ គេ​ខ្លាំង​និង​ល្អ​ កែង ​ជង្គង់ ក្នុង​ខ​ណៈ​ដែល​គេ​ខ្ពស់​ស្រាប់​នោះ ង៉ុ​យ គេ​ពូកែ​ធាក់ ​និង​ពូកែជង្គង់ ប៉ុន្តែ​គេ​អាច​ចាញ់​កម្លាំង​របស់​ ផាត់​យុទ្ធ និង​ចាញ់កល​ល្បិច​ប្រកួត​។​ ប៉ុន្តែ​យ៉ាងណា ផាត់​យុទ្ធ ក៏​ពិបាកធ្វើ​សៀវ ង៉ុ​យ​ដែរ ប្រសិនបើ​ សៀវ ង៉ុ​យ​ គេ​រឹងមាំ​បន្តិច និងវាយ​ប្រយោល​មិន​ចូល​កៀកនោះ គឺ ​ផាត់​យុទ្ធ យ៉ាប់​ជាមួយ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់ សៀវ ​ង៉ុ​យ​ ហើយ។ ដូច្នេះចាំមើល​រវាង​ពីរ​នាក់​នេះ​ជួបគ្នា​លើក​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។

​ការប្រកួត​ចុងក្រោយ​របស់ ​សៀវ ង៉ុ​យ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់ ​សេន កុសល ក្លិប​មោងឫស្សី​មរតកគុន​ខ្មែរ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ឯការប្រកួត​ចុងក្រោយ​របស់​ ផាន ផាត់​យុទ្ធ វិញ ក៏​វាយ​ចាញ់ លន បញ្ញា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ដោយ​ពិន្ទុ​ដែរ។

​ចំពោះ វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ ​អាន ទាវ ក្លិប​យុវជន​វាល​ស្បូវ។ ពួកគេ​ទាំងពីរ​នេះជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៤​ គីឡូក្រាម ហើយ មាឃ វណ្ណា​រ៉ា ក្លិប​រាជសីហ៍ខេត្តរតនគិរី ត្រូវគេ​ផ្គូ​អោយ​ប្រកួត​ជាមួយ ​ហេង វុ​ទ្ធា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដោយប្រកួត​ក្នុង​ទម្ងន់ ​៦០ គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114