ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ជួប Beer Singha ខ​ណៈ ​រិ​ទ្ធ ភូ​លូ ជួប Peithang នៅ​សង្វៀន​ស្ទឹងមានជ័យ

​អ្នក​ប្រដាល់​កម្ពុជា ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ​ឈ្មោះ Beer Singha Sor.Borisuth នា​យប់​ថ្ងៃអាទិត្យ​ ទី​២០ ​ឧសភា​ ២០១៨​ នេះ នៅក្នុងកម្មវិធី​ប្រដាល់ ​Carabao លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទទម្ងន់​ ៦៧​ គីឡូក្រាម​។ ឡៅ ចន្ទ្រា និង Beer Singha​ នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ជា​អ្នក​ចំណូល​ថ្មី។

Thanunchai គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ឈ្នះ​៦២លើក ចាញ់​១១​លើក មិនដែល​ស្មើ ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៥​លើក។​ យ៉ាងណា Beer Singha​ មកជួប ​ឡៅ ចន្ទ្រា លើក​នេះមិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះថា ចន្ទ្រា​ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង។ ចន្ទ្រា​ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជាង​ពាក់កណ្តាល​រយលើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Farsurak ដោយ​ពិន្ទុ​។

​ចន្ទ្រា តាំងពី​ដូរ​ឥរិយាបថ​ប្រកួត ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូល​វាយ​មុន​តែម្តង។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើអោយ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួតជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។ តែ​លើក​នេះ ចន្ទ្រា​ ត្រូវ​ជួប​ជើង​ខ្លាំង​លើស​គូប្រកួតលើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ។ ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​ហើយ ដូច្នេះ​បទពិសោធន៍​របស់គេ​ក៏មាន​ច្រើន​ដែរ។ ចាំមើលការប្រកួត​លើក​នេះ​ជាមួយ ​Beer Singha ឡៅ ​ចន្ទ្រា​ អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះបានដែរ​ឬ​អត់?។

​ចំណែក រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ Peithang Sor.Muaythai Gym. ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០ គ​.​ក្រ។ ពីរ​នាក់​នេះពុំធ្លាប់ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​ រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជាជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៣​លើក និង​ឡាវ ​២ លើក​ប៉ុណ្ណោះ។ ​ដូច្នេះលើក​នេះ​ជា​លើក​ទី​៦ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ភូ​លូ មាន​ប្រវត្តិប្រកួត​ប្រមាណ​ជា​៤៨​លើក ក្នុងនោះ​វាយ​ឈ្នះ​៣៤​លើក ចាញ់​១០លើក និង​ស្មើ០៤​លើក។ គេជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែយ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ភូ​លូ ​អាច​យកឈ្នះ Peithang បាន​ឬក៏​អត់​នោះទេ​?។​

Peithang ជា​ជើង​ខ្លាំងដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។ ​ដូច្នេះ រិ​ទ្ធ​ភូ​លូ ប្រកួត​លើក​នេះអាចនឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ តែបើអាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ។ អ្នកប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​លើក ឈ្នះ​៥១​លើក ចាញ់​១០​លើក និង ស្មើ​០១លើក។ ចាំមើលរវាង ​រិ​ទ្ធ ភូ​លូ និង Peithang តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។

​​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គុជ​សា ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​លី កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួតក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម។ ឯ វុត្ថា ណាវី អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​ រិ​ទ្ធ អាទិត្យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម៕