ព័ត៍មានទាន់​ហេតុការណ៏
Search

ហេង នរៈ​កក្កដា​ រំលេច​សារ​ទាំង​ទឹកភ្នែក​ ក្រោយ​បាត់បង់​ឱកាស​រស់នៅ​ក្បែរ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ប្រុស​ខ្ពស់​សង្ហា​លោក ហេង នរៈ​កក្កដា ស្រប​ពេល​បច្ចុប្បន្ន​ កំពុង​តែ​រស់នៅ​ឯកា​ ​ដោយ​ត្រូវ​បាត់បង់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ ដោយ​គ្មាន​ពេលណា​ ដែល​គាត់​(​ម្តាយ​) ​នឹង​ត្រូវ​វិលត្រឡប់​វិញ​នោះ​ថ្មីៗ​នេះ​ លោក​បាន​សរសេរ​រំលេច​សារ​ទាំង​ទឹកភ្នែក​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បន្ទាប់ពី​អាន​សារ​នេះ​រួច​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន​គ្រប់គ្នា។

តាមរយៈ​សំណេរ​លាយឡំ​ដោយ​ទឹកភ្នែក​របស់​លោក ហេង នរៈ​កក្កដា ដែល​បាន​រំលេច​ឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ​បាន​រៀបរាប់​ថា ​ល្ងាច​មិញ​(១៤-០៥-២០១៨)​ខ្ញុំ​បាន​ទៅ​ហូប​អី ហើយ​យ​ខ្ញុំ​បានឃើញ​ប្តី​ប្រពន្ធ​មួយគូរ​គាត់​បាន​និយាយ​គ្នា​អំពី​រឿង​ទិវា​គុណ​ម្តាយ គាត់​បាន​ជជែក​គ្នា​ថា អូន​យើង​ចេញពី​ហូប​អី​យើង​ទៅ​ទិញ​ផ្កា​ជូន​អ្នក​ម្តាយ​យើង​ព្រោះថា​ថ្ងៃនេះ​ជា​ថ្ងៃ​ទិវា​គុណ​ម្តាយ យើង​ត្រូវតែ​សងគុណ​ម្តាយ​យើង​ទាន់​គាត់​នៅមាន​ជីវិត​។​

លោក ហេង នរៈ​កក្កដា បន្តថា​ ចំណែក​ខ្ញុំ​គ្រាន់តែ​ឮ​ចឹ​ង​ខ្ញុំ​ចង់​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ខ្ញុំ​ប្រឹង​ទប់​ណាស់​ព្រោះ​ខ្ញុំ​មិន​ចង់​អោយគេ​ឃើញថា​ខ្ញុំ​ទន់ខ្សោយ​។ ​ខ្ញុំ​ទប់​រហូត​ដល់ផ្ទះ​ទើប​ខ្ញុំ​យំ​ខ្ញុំ​ស្តាយក្រោយ​ណាស់​ដែល​អ្នក​ម៉ែ​ខ្ញុំ​បាន​ទៅ​ចោល​ខ្ញុំ។ តាំងពី​ម៉ែ​បាន​ទៅ​ចោល​កូនជាង​ពីរ​ខែ​មកនេះ​កូន​មិនដែល​សប្បាយ​ឲ្យ​លះ​ម្តង​ណា​នោះ​ទេ នៅក្នុង​ខួរក្បាល​កូន​នៅ​គិត​អំពី​ម៉ែ ហើយ​កូន​តែងតែ​កុហក​ខ្លួនឯង​ថា​ម៉ែ​ទៅលេង​ស្រុក​បន្តិចទៀត​ម៉ែ​មក​វិញ​ហើយ។

តារា​ប្រុស​លោក នរៈ​កក្កដា បន្ថែមថា​ កូន​មិនដែល​គិតថា​ម៉ែ​បាន​ស្លាប់​ចោល​កូន​នោះ​ទេ នៅក្នុង​ចិត្ត​កូន​នៅតែ​រង់ចាំ​ផ្លូវ​ម៉ែ​ត្រឡប់​មក​រក​កូន​វិញ​ ទោះបី​វា​មិនអាច​កើតឡើង​ក៏ដោយ​ ក៏​កូន​នៅតែ​ចាំ​ផ្លូវ​ម៉ែ​មកវិញ​ដែរ​ម៉ែ ម៉ែ​ចិត្តអាក្រក់​ណាស់ ម៉ែ​ទុក​ឲ្យ​កូន​ក្លាយជា​ក្មេង​កំព្រាម្តាយ កូន​នឹក​ម៉ែ​ណាស់ …​។​

សូម​បញ្ជាក់​ថា ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​តារា​សម្តែង​លោក ហេង នរៈ​កក្កដា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨​ពោល​គឺ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ បច្ចុប្បន្ន​ថ្វីត្បិតតែ​ការ​ស្លាប់​របស់​ម្តាយ​លោក​មាន​រយៈពេល​ជាង​២​ខែ​ហើយក៏​ពិតមែន​ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​នៅតែ​បន្ត កាន់ទុក្ខ​ និង​រម្លឹក​នឹក​ដក់​អ្នក​ម្តាយ​ខ្លួន​ជានិច្ច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114