ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស​ណ​យ សងសឹក Khamlaipetch មិនបាន​សម្រេច, អ៊ូច ធា​រិ​ទ្ធ ចាញ់​ពិន្ទុ Thanupetch

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ ​វង្ស ណ​យ ក្លិប​អាណាចក្រ​គុន​ខ្មែរ និង អ៊ូច ធា​រិ​ទ្ធ ក្លិបអាណាចក្រ​គុន​ខ្មែរ បាន​បរាជ័យ​ក្នុង​ការជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ និង​ឡាវ លើស​ង្វៀនបាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​សុក្រ ​ទី​១៨​ ឧសភា ​២០១៨។ វង្ស ណ​យ ដែល​ត្រូវបាន​គេផ្តល់ឱកាស​អោយ​ជួប​ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​ថៃ Khamlaipetch Phakthungchai នោះ គឺមិនបាន​សម្រេច​នោះទេ ដោយ​វាយ​ចាញ់ Khamlaipetch ដោយ​ពិន្ទុ​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរជួបប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៧០ ​គីឡូក្រាម។

Khamlaipetch កាលពី​ជួប​ប្រកួត​ជាមួយ ​វង្ស ណ​យ លើក​ទី​១(​ថ្ងៃទី​២៩​ កញ្ញា​ ២០១៧)​នោះ គេ​បានផ្តួល​យកឈ្នះ ​វង្ស ណ​យ ក្នុង​ទឹក​ទី​២ តែ​លើក​នេះ​គេ​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ វង្ស ណ​យ ក្នុងការឡើង​សងសឹក Khamlaipetch នេះ ប៊ិះ​តែ​ចាញ់​ក្នុង​ទឹក​ទី​២​ទៀត ដោយ​ត្រូវ​អាជ្ញាកណ្តាល​រាប់​ ៨ ដល់​ទៅ​ពីរ​ដងក្នុង​ទឹក​ទី​២​នេះ ដោយសារតែ​ត្រូវ Khamlaipetch អុក​ជង្គង់​ចូល​ពោះ ​និង​ឆ្អឹងជំនី​នោះ។ ប៉ុន្តែ ​វង្ស ណ​យ បាន​គ្រប់គ្រង​ស្ថានភាព​ប្រកួត​ឡើងវិញ ចាប់ពី​ទឹក​ទី​៣ ​ដល់​ទឹក​ទី​៥ ដោយចាញ់​ត្រឹម​ពិន្ទុ។

​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ គេ​ប្រកួត​ចាញ់ Yayamuaythai ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា ​៥ ​ទឹក​ពេញ​នោះ។ ​ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ គីឡូក្រាម។​ អ៊ូច ធា​រិ​ទ្ធ បាន​វាយ​សម្រុក​ទៅលើ Thanupetch ខ្លាំង​ណាស់ដែរ តែ​មិនអាច​យក​ប្រៀបឈ្នះ​លើ​អ្នក​ប្រដាល់​ឡាវ​នេះ​បាន។ យ៉ាងណា Thanupetch មាន​ស្នាម​បែក​នៅ​ថ្ពាល់​ខាងស្តាំ ដោយសារ​កែង​របស់​ អ៊ូច ធា​រិ​ទ្ធ ដែរ។​ នេះ​ជា​លើកដំបូង​ហើយដែល ​អ៊ូច ធា​រិ​ទ្ធ វាយ​ចាញ់​បរទេសនោះ ក្នុងចំណោម ៥ លើក​ដែល​គេ​ជួប​ថៃ​៤​លើក ឈ្នះ​៣​លើក និង​ស្មើ​១​លើក ទើបតែ​ចាញ់ឡាវ​លើក​នេះ​ប៉ុណ្ណោះ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បាន​វាយស្មើ​ជាមួយ ​ហួន ​សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ក្នុង​ការជួប​សងសឹក​នោះ។ ស៊ូ វ​ណ្ណះ បាន​វាយ​ចាញ់​ ហួន សុខ​នី​ម ដោយ​ពិន្ទុ​ប្រផុតប្រផើយ កាលពី​ថ្ងៃទី៥ ​ឧសភា ​កន្លងមកនេះ ហើយ​ឡើង​សងសឹក​នេះបាន​ត្រឹម​ស្មើ​ជាមួយ​ ហួន សុខ​នី​ម ប៉ុណ្ណោះ។

​​អ្នក​ប្រដាល់ ជី ឆា​លី ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បាន​យកឈ្នះ​ គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវជនវាល​ស្បូវ ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់ ​៥៤​ គីឡូក្រាម ហើយ ចាន់ សុ​ខៃ ក្លិប​និរោធមានជ័យ បាន​ផ្តួល ខន សុខ​ទៀង ក្លិប​កុលបុត្រ​គុន​ខ្មែរ អោយ​សន្លប់​ក្នុង​ទឹក​ទី​៤៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114