ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​ម ចាន់ ឈ្នះ Phich Sela ទាំង​វេទនា

អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់​កម្ពុជា ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះអ្នក​ប្រដាល់​ថៃ ​Phich Sela ដោយ​ពិន្ទុ​ទាំង​វេទនា ក្នុងការ​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាពអន្តរជាតិ នៅលើ​សង្វៀន ​TV5 ព្រែកកំពឹស កាលពី​យប់​ថ្ងៃ​សៅ​រ៍ ទី​១៩ ​ឧសភា ​២០១៨។

​ខេ​ម ចាន់ ប្រកួត​ដំបូង​មានប្រៀប​លើ ​Phich Sela ដោយ​អុក​ជង្គង់​ចូល​ពោះ ​Sela បានជា​ច្រើន​ជង្គង់ ដែល​ធ្វើអោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ រាង​ស្រុត​ធ្លាក់​កម្លាំង​បន្តិច​ដែរ។ តែ​មកដល់​ពីរ​ទឹក​ចុងក្រោយ ខេម ចាន់ បាន​ចាញ់​ប្រៀប ​Phich Sela ​វិញ ដោយ​ត្រូវ​ថៃ​វាយ​កែង​ឈាម​ច្រមុះ ហើយនិង​ត្រូវ​ថៃកាច់ផ្តួល​លើ​រេញ​ជាច្រើនលើក​ទៀត។​ ប៉ុន្តែ​យ៉ាងណា ចប់​ការប្រកួត​៥​ទឹក​នោះ ខេ​ម ចាន់ នៅតែត្រូវបាន​ចៅក្រម​ផ្តល់​ពិន្ទុ​អោយ​ឈ្នះ ​Phich Sela ដោយ​ពិន្ទុ​ដែរ។

​សូមបញ្ជាក់ថា ខេ​ម ចាន់ ឈ្នះ ​Phich Sela ដោយ​ពិន្ទុ ៤​ទល់នឹង​១ ពោល គឺ​ក្នុង​ចៅក្រម​ទាំង​៥​រូប មាន​៤​រូប​បានផ្តល់​ពិន្ទុ​អោយ​ ខេ​ម ចាន់​ ឈ្នះ​ និង​ចៅក្រម​ម្នាក់​ផ្តល់​ពិន្ទុ​អោយ​ថៃ​ឈ្នះ។ លទ្ធផលដែល​គណៈកម្មការ​បច្ចេកទេស​ប្រកាស​នេះ មិនត្រូវ​បាន​ខាង​ប៉ុស្តិ៍​ និង​ភាគី​ថៃ​យល់ស្របឯកភាព​នោះទេ ដោយ​គេ​យល់ថា​ការប្រកួត​នេះ គឺ​សមតែ​ខាង​ថៃ​ឈ្នះ។

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ ​ដែល​បាន​ទស្សនា​ផ្ទាល់​នៅសង្វៀន​នោះ និយាយថា ទោះជា​លទ្ធផល​នេះ​ស្តែងចេញ​យ៉ាងនេះ​ក្តី តែបើ​តាម​ការពិនិត្យជាក់ស្តែង ​និង​ផ្អែកទៅលើ​ការប្រកួត​នេះ ជាការ​ប្រកួត​លក្ខ​ណៈ​មិត្តភាព ពុំមែន​ជាការប្រកួត​ដណ្តើមពាន​រង្វាន់​នោះ គូ​នេះ​អាចអោយ​ស្មើគ្នា​បាន ព្រោះថា​ពីរ​ទឹក​ចុង​ក្រោយនេះ លោក​ក៏​មើលឃើញ​ខាង​ថៃ​មានប្រៀប​លើ​ ខេ​ម ចាន់ ដែរ​។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលធំអន្តរាគមន៍​លេខ​២ បាន​ប្រកួត​ចាញ់ ​តាំង សីហា អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិបកងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដាច់​ ៥​ទល់​០ ​តែម្តង។ ​សួង សុវណ្ណ​ថា ក៏ត្រូវ​បាន​គេ​រិះគន់ថា ប្រកួត​មិន​អស់ពី​សមត្ថភាព​ដែរ។

​សយ សី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ បាន​ប្រកួត​ឈ្នះ ធា រិទ្ធី អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​ដាច់​ ៥ ​សូន្យ​ដែរ។ ធា រិទ្ធី គេ​ប៊ិះ​តែ​សន្លប់​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ត្រូវ​មួយ​កែង​ឆ្វេង​របស់​ តាំង សីហា វាយ​ចំ​ក្រោយ​ភ្នែក​ខាងស្តាំ​មួយ​កែង​ខ្លាំង​គួរសម​ដែរនោះ។ ប៉ុន្តែ​ក្រោយពី​អាជ្ញាកណ្តាល​រាប់ដល់​៨ ធា រិទ្ធី គេ​បាន​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥។ តែ​លទ្ធផល ធា រិ​ទ្ធ នៅតែ​ចាញ់ ​តាំង សីហា​ ដដែល។

​ចំណែក ជឹម សារ៉ាត់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ចាញ់ ​ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិបពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​ដាច់ ៥​ទល់នឹង​០​ដែរ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114