ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ផ្តួល Beer Singha ទឹក​៤ ខ​ណៈ រិ​ទ្ធ ភូ​លូ ឈ្នះ ​Khunkla ត្រឹម​ពិន្ទុ

​អ្នក​ប្រដាល់​កម្ពុជា ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ​Beer Singha Sor.Borisuth អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​ Carabao នៅសង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​២០ ​ឧសភា​ ២០១៨។

Beer Singha Sor.Borisuth ដែលមាន​ប្រវត្តិ​ប្រកួត​៨១​លើក ឈ្នះ​៥៨​លើក ចាញ់​២១​លើក និង​ស្មើ​០១លើក​នោះ ក្នុងការ​ប្រកួត​បី​ទឹក​ដំបូង ឡៅ ចន្ទ្រា​ ពិបាកធ្វើ​គេ​ដែរ​ ដោយ​គេ​បាន​វាយ​សងទៅលើ ​ចន្ទ្រា ធ្វើអោយ ​ចន្ទ្រា​ ត្រូវ​កណ្តាប់ដៃ និង​ជើង​ទាត់​របស់គេ​ច្រើនគួរសម​ដែរ។ យ៉ាងណា​មកដល់​ទឹកទី​៤ Beer Singha រាង​ចន្លោះប្រហោង​បន្តិច ឡៅ ចន្ទ្រា​ បាន​ដាល់​មួយ​ដៃ​ឆ្វេង​ចំ​គល់​ថ្គាម​ស្តាំ​របស់អ្នក​ប្រដាល់​ថៃ​រូបនេះ បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងា​រសន្លប់​លើ​រេញ​តែម្តង។ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុងប្រភេទ​ទម្ងន់ ​៦៧​ គីឡូក្រាម​។

​ចំណែក រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ គេ​បានទទួល​ជ័យជម្នះ លើ​អ្នក​ប្រដាល់​ថៃ Khunkla Chheangmai Academy Gym. ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ​៥ ​ទឹក​ពេញ​នោះ។ ក្នុងការ​ប្រកួត​លើក​នេះ រិ​ទ្ធ ភូ​លូ សម្រុក​វាយ​ទៅលើ​អ្នក​ប្រដាល់​ថៃ Khunkla Chheangmai រហូត ទោះបីជា​ការចូល​ទៅនោះត្រូវ​រង​នូវ​កណ្តាប់ដៃ ​និង​ជើង​ទាត់​របស់​ថៃ​យ៉ាងណាក៏ដោយ ក៏ ​ភូ​លូ នៅតែ​គឃ្លើន​ដើរចូល​វាយ​ដែរ​។ ទីបំផុតការព្យាយាម​របស់ ​ភូ​លូ ​បានសម្រេច​ដោយ​ឈ្នះ Khunkla Chheangmai ដោយ​ពិន្ទុ ក្រោយ​បញ្ចប់​ការប្រកួត។

​​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គុជ​សា ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​វាយ​ចាញ់ លី កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ។ ពីរ​នាក់​នេះប្រកួតគ្នា​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម៕

ចាន់ ស៊ី​ណាត និង លិញ ភារ​ម្យ ឈ្នះ​ថៃ​ដូចគ្នា
​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង​ លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ បាន​ប្រកួត​ឈ្នះអ្នក​ប្រដាល់​ថៃ​ដូចគ្នា ក្នុង​ការជួបកួ​ប្រត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀនបាយ័ន​បឹង​ស្នោ កាលពី​រសៀល​ថ្ងៃទី​២០​ ឧសភា​ ២០១៨​ នេះដែរ។ Hanhserklek Site Jarkhung ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៥​លើក ចាញ់​២០​លើក ​និង​ស្មើ​០២​លើក ត្រូវ ចាន់ ស៊ី​ណាត យក​ប្រៀប​ឈ្នះ​សឹងតែ​គ្រប់ទឹក។ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មកកម្ពុជា​នោះទេ​កន្លងមក។ ជា​លើក​ទី​មួយហើដែល Hanhserklek មកជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​នោះ។ ចំណែក លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ​វិញ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Yoddoi Sasiprapha Gym.​ អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២ បន្ទាប់ពី​ត្រូវ ​ភា​រម្យ​ ទាត់ឲ្យ​ខូច​ជើង​ខាងស្តាំ​នោះ។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ វាយឈ្នះ​ ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ ទឹក​ពេញ​នោះ។ ពីរនាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម។

​ព្រឿង សុខ​ចើ​ត អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវ​ នួន ម៉ា​រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​ភារ​ម្យគុនា​ខ្មែរ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២។​ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម៕

ម៉ឺន​ មេ​ឃា​ ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​ ៦០ គីឡូក្រាម​
​អ្នក​ប្រដាល់​ទម្ងន់​ ៦០​ គីឡូក្រាម ​៤ ​រូប ដែលមាន​ ម៉ឺន មេ​ឃា ​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ​, ឆាយ មាស ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ,​ជ័រ ​ពៅ ក្លិប​ថ្មគោលពោធិ​សែន​ជ័យ និង​ ឡុង ស៊ី​ថេត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ​ទី​១៩​ ឧសភា នៅលើ​សង្វៀនបាយ័ន​ស្ទឹងមានជ័យ​នោះ គឺ​បាន​ទៅលើ ម៉ឺន មេ​ឃា។​ ពួកគេ​ទាំង​ ៤ ​នាក់​នេះ បាន​ប្រកួត​គ្នាតាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១ ជា​ម្ចាស់​ពានរង្វាន់។ ម៉ឺន មេ​ឃា ក្នុងការ​ប្រកួត​ជម្រុះ​ដំបូងគេ​វាយ​ឈ្នះ ​ឆាយ មាស ក្លិប​សំរោង​កោងខេត្តបាត់ដំបង​ ដោយ​ពិន្ទុ ហើយ​បាន​មកជួប​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ ​ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិសែន​ជ័យ។

​​ជ័រ ពៅ ក្នុងការ​ប្រកួត​ជម្រុះគេ​បាន​វាយ​ឈ្នះ ​ឡុង ស៊ី​ថេត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣ ខ​ណៈការប្រកួត​មានតែ​បី​ទឹក​នោះ។ នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ ជ័រ ពៅ បាន​វាយ​ចាញ់​ ម៉ឺន មេ​ឃា ដោយ​ពិន្ទុ​ធ្វើអោយ ​មេ​ឃា ​ក្លាយជា​ម្ចាស់​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន​ ទម្ងន់​ ៦០ គីឡូក្រាម។

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​យកឈ្នះ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ ដោយ​ពិន្ទុ។​ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុងប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម។​

សូមបញ្ជាក់ថា ពីរ​នាក់​នេះធ្លាប់​ប៉ះគ្នា​ពីរលើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះចាញ់​គ្នា​ម្តងម្នាក់ៗ។ ឥឡូវ​ការជួប​ប្រកួត​គ្នា​លើក​ទី​៣​នេះ វឿន សា​វិ​ន គេ​ឈ្នះ​ សុខ សុវណ្ណ ​ដោយ​ពិន្ទុ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114