ព័ត៍មានទាន់​ហេតុការណ៏
Search

Watcharalek​ សុំ​សងសឹក​ កែវ រំ​ចង់ ខ​ណៈ ចាន់ ចំរើន​ ជួប​ Deth Jitmuengnon​ នៅ​សង្វៀនស្ទឹងមានជ័យ​

​កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ ត្រូវបាន​គេ​ផ្គូ​ផ្គងអោយ​ជួប​ប្រកួត​ជាមួយ​ Watcharalek Site Kolab នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​លើស​ង្វៀន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​២៥ ឧសភា ២០១៨​ ខាងមុខនេះ។​

កែវ រំ​ចង់ អ្នក​ប្រដាល់​ល្បីឈ្មោះ​ និង​គ្មាន​គូប្រកួត​សម្រាប់​ការប្រកួត​ស្រុក​នោះ ពេលនេះ​គេ​មានគូប្រកួត​ហើយ ដោយ​ជួប​គូសត្រូវ​ចាស់​គឺ Watcharalek Site Kolab ដែល​ធ្លាប់​វាយចាញ់​គេ​ដោយពិន្ទុ​ម្តងកាលពី​​ប្រាំ​ឆ្នាំមុន ​នៅលើ​សង្វៀន ​Khmer Fighter ឆ្នាំ ​២០១៣។ ​អ្នក​ប្រដាល់​ទាំងពីរជួបគ្នាក្នុង​ប្រភេទ​ទម្ងន់​ ៧០​ គីឡូក្រាម។

Watcharalek នេះគេ​ជា​ជើង​ខ្លាំង​មួយរូប​ក្នុងចំណោម​កីឡាករ​ថៃ​ ដែល​ឡើងមក​ប្រកួត​នៅ​ស្រុក​ខ្មែរនោះ។ គេ​ទើប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ​ខ្សែក្រវាត់​លី​អូ​ទម្ងន់ ​៧០​ គីឡូក្រាម។ អ្នកប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​តែ​ចំនួន​១១៣៥​លើក ឈ្នះ​៩៥​លើក ចាញ់​១៩​លើក ស្មើ០១​លើក និង​ធ្លាប់​វាយ​ដៃ​គូអោយ​សន្លប់​ ១៨​ លើក​ឯណោះ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃរូបនេះមកជួប​ កែវ រំ​ចង់ គឺមិន​ប្រាកដថា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​ដែល​កន្លងមកសុទ្ធតែ​អះអាងថា​ជា​ជើង​ខ្លាំង​នោះ សុទ្ធតែ​ត្រូវ ​កែវ រំ​ចង់​ ផ្តួល​យកឈ្នះ​បានដែរ។

កែវ រំ​ចង់ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣១​លើក ក្នុងនោះ​ឈ្នះ​១១៥​លើក ចាញ់​១២​លើក និងស្មើ​៤​លើក ហើយ​ រំ​ចង់ ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៤​លើក។ ការប្រកួត​ចុងក្រោយនេះ រំ​ចង់ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Takunsingha ក្នុង​ទឹក​ទី​៤​ កាលពី​ថ្ងៃទី​១៧​ កុ​ម្ភៈ ២០១៨។ កែវ រំ​ចង់ គេ​ខ្លាំង​កណ្តាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់ណាស់។ ដូច្នេះ​ចាំមើល តើ កែវ រំ​ចង់ អាច​យកឈ្នះ Watcharalek បាន​ទៀត​ដែរ​ឬ​អត់​នោះ​?។​

ចំណែក ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ថៃ Deth Jimuengnon ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦០ គ​.​ក្រ។ ពីរ​នាក់​នេះពុំ​ធ្លាប់​ដែល​ប៉ះគ្នាម្តងណា​នៅឡើយ​ទេ​កន្លងមក​។​ ចាន់ ចំរើន ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំនួន​៩​លើក ដោយ​វាយ​ឈ្នះ​៦លើក​ និង​ចាញ់​៣​លើក។ ​ដូច្នេះលើក​នេះ​ជា​លើក​ទី​១០ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។​ ក្នុងការជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ ចាន់ ចំរើន បាន​ចាញ់​ក្រោម​កណ្តាប់ដៃ​របស់ Khamlai Yuok ក្នុង​ទឹក​ទី​៣។

​ចំរើន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៨៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៧១​លើក ចាញ់​១០ លើក និង​ស្មើ០៤​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចំរើន អាច​យកឈ្នះ Deth Jimuengnon បានឬក៏​អត់​នោះទេ​?។ Deth Jimuengnon គេ​មក​ប្រកួត​លើកចុងក្រោយ​នៅ​កម្ពុជា​នោះ គឺ​បាន​វាយឈ្នះ ​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ។

​​Deth Jimuengnon ជា​ជើង​ខ្លាំងដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។ ​ដូច្នេះ ចាន់ ចំរើន ប្រកួតលើក​នេះអាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និងខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៩​លើក ចាញ់​១០​លើក និងស្មើ​០១​លើក។ ចាំមើល រវាង ​រិ​ទ្ធ ចាន់ ចំរើន និង Deth Jimuengnon តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុងការជួបគ្នា​នេះ?។

​​ដោយឡែកការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ៦៥​ គីឡូក្រាម។ ឯ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា នឹង​ជួប​ប្រកួត​ជាមួយ មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រត​គិរី។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114