ព័ត៍មានទាន់​ហេតុការណ៏
Search

កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ខេត្ត​ព្រះសីហនុ ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​មួយ​សប្ដាហ៍​ទៀត​

​ព្រះសីហនុ​ ៖ ​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​​​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម,លោក យន្ត មីន អភិបាលខេត្ត,លោក​ឧកញ៉ា កុក អាន ប្រធាន​ក្រុមហ៊ុន អាន កូ,ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តព្រះសីហនុ​ និង​មន្ត្រី​រដ្ឋាករទឹក​ខេត្ត​ផងដែរ​ រួមទាំង​សហការី​ នា​​​ព្រឹក​ថ្ងៃទី​២១​ ឧសភា ឆ្នាំ​​២០១៨ បាន​ចុះ​ពិនិត្យ​ទីតាំង​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ស្ថិត​ក្នុង​សង្កាត់​លេខ​១ ​ក្រុងព្រះសីហនុ (​តំបន់​ការពារ​ក្បាលឆាយ​)​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់ ចំពោះ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ ដែល​ខេត្ត​ព្រះសីហនុ​ កំពុង​ប្រឈម​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ខេត្ត​ព្រះសីហនុ មាន​បញ្ហា​រអាក់រអួល​ទឹក​ប្រើប្រាស់ គឺ​ដោយសារ​តែខេត្ត​ព្រះសីហនុ ​បច្ចុប្បន្ន​កំពុងមាន​ការ​អភិវឌ្ឍ​ខ្លាំង ជាមួយនឹង​កំណើន​លំហូរ​ចូល​អ្នក​វិនិយោគិន​ពី​បរទេស បាន​មក​បណ្តាក់ទុន​នៅខេត្ត​ព្រះសីហនុ​កើនឡើង​ច្រើន ធ្វើឱ្យ​បញ្ហាផ្គត់ផ្គង់មានការកើនឡើងជា​លំដាប់​។ ជុំវិញ​បញ្ហា​នេះ ​គឺ​បណ្តាលមកពីក្រុមហ៊ុន​ទឹកស្អាត​អានកូ​ ពង្រីក​បណ្តាញ​មិនទាន់​​គ្រប់​ទៅដល់​គោលដៅ ​ហើយ​ចំពោះមុខ ការ​ផ្គត់ផ្គង់​ទឹកស្អាតប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ ​លោក បណ្ឌិត ចម ប្រសិទ្ធ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ផងដែរ​ថា ក្នុង​រង្វង់មួយស​ប្តា​ហ៍​ទៀត​នឹង​មានទឹកប្រើប្រាស់​ជាធម្មតា​វិញ​ហើយ​ និង​លែងមាន​បញ្ហា​ទៀតហើយ ដោយសារ​ខេត្ត​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គភាពរដ្ឋាករទឹក​ស្វ័យ​ត​ក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុនទឹកស្អាត​អាន​កូ ដើម្បី​ធ្វើ​កិច្ចការ​នេះក្នុងការ​ផ្គត់ផ្គង់​ទឹក ដែលមាន​ប្រភពទឹក​យកមកពី​តំបន់ក្បាល​ឆាយ។

​ខេត្ត​ទាំងមូល​ជា​តំបន់​សេដ្ឋកិច្ច​ ពិសេស​ពហុ​បំណង​ដែលមាន​រោងចក្រ​រាប់ពាន់​កើតឡើង ដូចនេះដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ផ្គត់ផ្គង់ទឹកស្អាត​ប្រើប្រាស់ឲ្យ​គ្រប់​ តម្រូ​វ​ការ នៅតាមរោងចក្រ​ធំៗ​ តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ​គឺ​ក្រុមហ៊ុន អា​កកូ ជា​អ្នកផ្គត់ផ្គង់ ​ហើយសម្រាប់តាម​ផ្ទះប្រជាពលរដ្ឋ​ អង្គភាពរដ្ឋាករទឹកជា​អ្នកផ្គត់ផ្គង់ ដើម្បី​មាន​ភាពងាយស្រួលក្នុងការ​គ្រប់គ្រង។​

​ជាមួយគ្នានេះ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​អំពាវនាវផងដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋទូទាំង​ខេត្ត សូម​ឲ្យ​មានការ​យល់ដឹង​ និង​រួម​គ្នាការពារដីតំបន់ក្បាលឆាយ និង​លុបបំបាត់​នៅ​ភាព​អនាធិបតេយ្យ ចូលកាប់​ទន្ទ្រាន​ដី ព្រៃ​ឈើ វាតទី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ កុំ​ឲ្យ​កើតមាន​បន្ត​ទៅ​ទៀត ពីព្រោះ​តំបន់​ក្បាលឆាយ​នេះ គឺជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាតដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រើប្រាស់​ទាំង​អស់​គ្នាក្នុងពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត៕