ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្តម កុយ សុវណ្ណ ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​២២៥​នាក់​ ក្នុងពេល​បុណ្យបួស​រ៉ា​ម៉ា​ដន នៅក្នុង​ភូមិ​អូរ​លយ ឃុំ​ជើង​គ្រាវ

​កំពង់ឆ្នាំង​ ៖ ក្នុងពេល​បុណ្យ​បួស​រ៉ា​ម៉ា​ដន ខ្មែរឥស្លាមចំនួន​ ២២៥ ​នាក់ នៅក្នុង​ភូមិ​អូរ​លយ ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ ត្រូវបាន​ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ ដឹកនាំ​ក្រុម​ការងារ​សម្ព័ន្ធ​យុវជនស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង និង​អាជ្ញាធរ​មូលដ្ឋាន នាំយក​អំ​ណោយ​មនុស្សធម៌​ទៅចែកជូន​ដោយ​ផ្ទាល់ដៃ​។

​ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយស្រុក​កំពង់ត្រឡាច និង​ជា​ប្រធានកិត្តិយស សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ទៅកាន់​ប្រជា​ពល​រដ្ឋ​ក្នុង​ពិធី​ចែក​អំណោយ​ថា​ អ្នក​កាន់សាសនា​ឥស្លាម ក៏​មិនខុសពី​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដែរ គឺ​ព្រះ​អា​ឡា និង​ ព្រះពុទ្ធ​ តែង​ប្រៀនប្រដៅ​អោយធ្វើ​អំពើ​ល្អនៅក្នុង​សង្គម ស្គាល់​ខុស​ស្គាល់​ត្រូវ ដឹង​ល្អ​ដឹង​អាក្រក់ ទើប​ក្នុងសង្គម​គ្រួសារ និង​សង្គមជាតិ​មានសេចក្តីសុខ ​មានការ​រីកចម្រើន​។

​ឯកឧត្តមក៏បាន​សំណូមពរ​ដល់​​ពលរដ្ឋ​ទាំងអស់ ​ត្រូវ​នាំគ្នា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​ចូល​រួមការ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើស​តំណាងរាស្ត្រ​របស់​គណបក្សណាមួយ​ដែល​យើង​ស្រឡាញ់ ដើម្បី​ដឹកនាំ​ប្រទេសជាតិមានការ​អភិវឌ្ឍន៍ និង​មានសុខសន្តិភាព។ ដោយ​មិនត្រូវ​ចាញ់​ល្បិចកល​របស់​ក្រុម​អ្នកនយោបាយ​អគតិ ដែល​ចង់​បំផ្លាញការបោះឆ្នោត បំផ្លាញ​សុខសន្តិភាព បំផ្លាញ​ការអភិវឌ្ឍន៍ នាំមក​នូវ​ភ្លើងសង្គ្រាម​ធ្វើអោយប្រជាពលរដ្ឋ​រង​ទុក្ខ​ខ្លោចផ្សា​ទៀត​នោះឡើយ។

​​លោកជំទាវ តុង ណា​រី ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព បាន​ថ្លែងថា​ ក្រោមការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​សិទ្ធិគោរព​លើ​ជំនឿ​សាសនា​របស់ខ្លួន ដោយ​មិន​ប្រកាន់​ពូជ​សាសនា និន្នាការ​នយោបាយ​អ្វី​ឡើយ ធ្វើអោយ​សាសនា​ទាំងអស់​មានការ​រីកចម្រើន​ក្រោម​ដំបូល​សន្តិភាព។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវនាំ​គ្នា​ទៅ​បោះឆ្នោត ដើម្បី​ការពារ​សន្តិភាព​ដែល​កំពុងមាន កុំអោយ​បាត់បង់ ទើប​អនាគត​កូនចៅរបស់​យើង​សំបូរ​សប្បាយ​រុងរឿង​។

​ឯកឧត្តម ម៉ាត់ ម៉ូត ប្រធាន​ស្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ក​ចំនួន​ ២២៥​ នាក់ ក្នុងនោះ​ក៏មាន​ប្រជា​ល​រដ្ឋ​ខ្មែរ​ចំនួន​ ២៥ នាក់​ដែរ ដែល​មកពី​៥​ភូមិ ក្នុង​ឃុំ​ជើង​គ្រាវ ដែល​ក្នុង​ម្នាក់ៗ​បានទទួល​ខី​ត​១​កញ្ចប់ មានតម្លៃ​ស្មើនឹង ​២ ​ម៉ឺន​រៀល ក្នុងនោះ​មាន ក្រ​ម៉ា មី ស្ករស ទឹកដោះគោ និង​ទឹកក្រូច។ ឯកឧត្តម​ក៏បាន​សំណូម​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា​ ដើម្បី​ស្រុកភូមិ​យើង​ទទួលបាន​ការអភិវឌ្ឍ​ និង​ទទួលបានសុខសន្តិភាព​ដូច​សព្វថ្ងៃ យើង​ត្រូវតែទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា អោយបាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​បន្តទៀត​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114