ព័ត៍មានទាន់​ហេតុការណ៏
Search

SEATV​ ប្រកាស​បើក​ការប្រកួត​ខ្មែរ​-​ថៃ ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៦ ​ទម្ងន់​ ៥៧​ គីឡូក្រាម

​ព្រឹត្តិការណ៍​ប្រដាល់​មួយដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ ៤​ រូប និងអ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ ៤ រូប ដើម្បី​ជួបគ្នា​វាយ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៦ ​ទម្ងន់ ​៥៧​ គីឡូក្រាម​នោះ នឹង​ចាប់ផ្តើមធ្វើការ​ប្រកួត​ជម្រុះ​នៅ​រសៀល​ថ្ងៃទី​០២ ​មិថុនា ​២០១៨​ ខាងមុខនេះ នៅលើ​សង្វៀន​ SEA-TV ។

​លោក យិន ខេមរា នាយក​ផ្នែក​ទីផ្សារ​ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៤​ ឧសភា​ ២០១៨ នេះអោយដឹងថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​ទម្ងន់​ ៥៧ ​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង ​៤ ​នាក់​នោះរួមមាន ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​, យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ , ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។ ឯ​អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញមាន Kamlay Youk , To To , Theap Kao និង Phach Yaksou ។

​ការប្រកួត​តាម​រូបមន្ត​វិលជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ ដែលមាន​បី​ដំណាក់កាល។ ដំណាក់​ទី​១ អ្នក​ប្រដាល់​ទាំង​៨​នាក់​នោះ ចែកជា​ពូ​ល​ខ្មែរ និង​ពូ​លប​រទេស ដែលមាន​៤​នាក់​មួយ​ពូ​ល ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់ ត្រូវ​ប្រកួត​វិលជុំ​ជាមួយ​ពូ​ល​អ្នក​ប្រដាល់​ថៃ ដោយ​ជម្រុះ​ចោល​ទុក​តែ​២​នាក់ សម្រាប់​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រដណ្តើម​ខ្សែក្រវាត់​ និង​ប្រាក់រង្វាន់​តែប៉ុណ្ណោះ។ សម្រាប់​រូបមន្ត​ប្រកួត​នេះ គឺ​ខ្មែរ​មិន​ប៉ះ​ខ្មែរ​គ្នាឯង​ទេ ឯ​អ្នក​ប្រដាល់​បរទេស ក៍​មិន​ប៉ះគ្នា​ដែរ​ក្នុង​វគ្គ​ជម្រុះ​នោះ ។ មិនមាន​វគ្គ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ អ្នកចាញ់​ក្នុង​ជុំ​ជម្រុះ​ចប់​ការប្រកួត​តែម្តង ។​ហើយ ក៏​ពុំមាន​ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ នោះដែរ ។

​លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ខា​រ៉ា​បាវ បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែលបង្ក​ឲ្យ​អ្នក​ប្រដាល់​ទាំង ៨ រូប​ ខ្មែរ​៤ ថៃ៤ ត្រូវ​ប្រជែង​គ្នា​យក​រង្វាន់​ដែល​អាចជួយ​កែប្រែ​ជីវភាពបាន។ ការប្រកួត​នេះ អ្នក​ដែល​ដណ្តើមបាន​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៥ ​គីឡូក្រាម​នោះ នឹង​ទទួលបាន​ប្រាក់រង្វាន់​ធំ​គឺ​៥.០០០​ដុល្លារ​អាមេរិក និង​លេខ​២ បាន​៣.០០០​ដុល្លារ​អាមេរិក ។ ​ជាមួយនឹង​ប្រាក់រង្វាន់​ដ៏​ធំ​នេះ លោក ​ម៉ិ​ល កាដូ អគ្គនាយករង​កីឡា​តំណាង​ក្រសួង​អប់រំ បាន​ផ្តាំផ្ញើ​ដល់​កីឡាករត្រូវតែ​ធ្វើខ្លួន​អោយបាន​ល្អ គោរព​ឲ្យ​បាន​ដាច់ខាត​នូវ​វិន័យ សីលធម៌ ពិសេស​ត្រូវ​រក្សា​ទម្ងន់​របស់ខ្លួន ​៦៥ ​គ​.​ក្រ​ អោយ​បានល្អ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ក្រើនរំលឹក​ដល់គណៈកម្មកា​រប​ច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែ​កាត់ក្តី​អោយបាន​ត្រឹមត្រូវ សុក្រឹត យុត្តិធម៌​ ហើយ​លោក​ក៏​បានប្រកាស​នឹងដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រដាល់ ដែល​ប្រកួត​ដណ្ដើមខ្សែក្រវាត់​ឲ្យ​ធ្ងន់​ជាង​ការប្រកួត​ធម្មតា​ផងដែរ ព្រោះនេះ​ជាការ​ប្រកួត​ក្នុង​លក្ខណៈពិសេសបំផុត៕​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114