ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរសាទរ ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើពិភពលោក​

សៀមរាប​៖ ​ក្រោយ​ការចូលរួម​បោះឆ្នោត​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក គេហទំព័រ​ដ៏ល្បីល្បាញ TripAdvisor បានផ្តល់​ចំណាត់ថ្នាក់​លេខ​១ ​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាសំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ និង​ចំណាត់ថ្នាក់​លេខ​១៣ ​ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ​២០១៨ ​នេះ​។​

​នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​អង្គរ​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយទទួលបាន​ចំណាត់​លេខ​១​ ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា គឺកាលពី​ឆ្នាំ ២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness​។​

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រអន្តរជាតិ​មួយ ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ​គឺគេហទំព័រ TripAdvisor​។ នៅ​ឆ្នាំ ​២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១ ​បន្ថែមទៀត នៅលើ​គេហទំព័ររបស់​ក្រុមហ៊ុន Lonely Planet ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌មានទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនា​វដ្តី និង​សៀវភៅជាដើម​។ នៅ​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៨ ​​នេះ TripAdvisor ក៏បាន​បន្ត​ផ្តល់ចំណាត់ថ្នាក់​លេខ​១ ​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ​ក្នុងឋានៈ​ជា​សំណង់​ដ៏​មាន​សារៈសំខាន់ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក​។​

​នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​យើង​ទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពីបណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ក្នុងនាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរាសូម​ចូលរួម​អបអរសាទរ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ បន្ត​ចូលរួម​ថែរក្សាការពារ​នូវ​បេតិកភណ្ឌ​របស់​ដូនតា​យើង​ឲ្យ​បាន​ខ្លាំងក្លា​ ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​តទៅ​៕​