ព័ត៍មានទាន់​ហេតុការណ៏
Search

រមណីយដ្ឋាន​ទេសចរណ៍​មានការ​កើនឡើង តែ​នៅមាន​បញ្ហា​ប្រឈម ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​កម្ពុ​ជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ជិត ៤០០​កន្លែង ដែល​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវការ​ដោយ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ចំនួន ៥៦​កន្លែង ព្រម​ជា​មួយ​កន្លែង​មាន​សក្ដានុពល​ទាក់ទាញ​ទេសចរ​ជាច្រើន​ទៀត ដែល​បាន​និងកំពុង​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​។

តែ​ទោះជា​យ៉ាងណា ក៏​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​ការគ្រប់គ្រង​សំរាម​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​អនាម័យ​បរិស្ថាន​។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ចលនា​ប្រឡងប្រណាំង រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​២ អម​ជាមួយ​ចលនា​ប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​១ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ទៀត​ថា រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ ដែល​ការ​អភិវឌ្ឍ​មាន​លក្ខណៈ​យឺតយ៉ាវ ហើយ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ទៀត ពុំ​ទាន់​មានការ​វិនិយោគ​ឲ្យ​បាន​ពេញលេញ​នៅឡើយ​។

លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា មិនអាច​កាត់​ផ្តាច់​បាន​ពី​អន្តរ​ទំនាក់ទំនង​រវាង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន ដែល​ជា​ប្រភព​សក្តានុពល​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរណ៍​កម្ពុជា​។ ក្នុង​ន័យ​នេះ​ហើយ ​ទើប​រាជរដ្ឋាភិបាល​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ និង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​ពិតប្រាកដ ដែល​ជា​កត្តា​គន្លឹះ​និង​ជា​មូលដ្ឋាន​ចូល​រួម​ចំណែក​ធានា​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច និង​ជា​មូលដ្ឋាន​ទ្រទ្រង់​ដល់​ការ​ធ្វើ​សមាហរណកម្ម​ក​ម្ពុ​ជា​ក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​ការ​ត្រៀម​លក្ខណ​សម្បត្តិ​របស់​កម្ពុជា ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។ គោលដៅ​នេះ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​លើកកម្ពស់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត បរិស្ថាន​ល្អ​។ ជា​មួយ​នេះ​ការរៀបចំ​កន្លែង​ស្នាក់នៅ​ប្រកបដោយ​ភាពកក់ក្តៅ មាន​ផាសុកភាព តែ​មិន​ចំណាយ​ច្រើន និង​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការ​រចនា​ដោយ​មិន​ប្រើ​ម៉ាស៊ីនត្រជាក់ តែ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

ទន្ទឹម​នេះ​ការជំរុញ​ការប្រើប្រាស់​កសិកម្ម​ខ្នាត​តូច​បែប​បរិស្ថាន ដូចជា​ការ​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​នៅក្នុង​រមណីយដ្ឋាន ការ​ដាំ​ផ្កា បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ​ជាដើម​នោះ គឺជា​ការទាក់ទាញ​អ្នក​ទេសចរណ៍​ផងដែរ​។ ដោយឡែក​សម្រាប់​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​ផ្សព្វផ្សាយ​សកម្មភាព​សហគមន៍​ទេសចរណ៍​នៅ​កម្ពុជា ដែល​ទទួលបាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​នានា ធានា​ឲ្យ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

ជា​មួយ​នេះ​ដែរ ​លោក​រដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍ ក៏បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​កម្លាំង​សមត្ថកិច្ច​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព និង​ភាព​ពេញ​ចិត្តជា​អតិបរមា​ជូន​ភ្ញៀវទេសចរ​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​សហគមន៍​ទេសចរណ៍​មួយចំនួន ដែល​មាន​ការរៀបចំ​បាន​ល្អ​ស្របតាម​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា និង​ស្តង់ដា​រសហគមន៍​ទេសចរណ៍​អាស៊ាន មានដូចជា​សហគមន៍​ជី​ផាត់​ខេត្តកោះកុង សហគមន៍​ចំបក់​ខេត្តកំពង់ស្ពឺ សហគមន៍​កោះ​ទ្រង់​ខេត្តក្រចេះ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ខេត្តបន្ទាយមានជ័យ និង​សហគមន៍​អា​រ៉ែ​ង​ខេត្តកោះកុង​ជាដើម​។

គួរ​បញ្ជាក់ដែរ​ថា បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ឆ្នាំ​២០១៧​មកនេះ ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ប្រមាណ ៥​លាន ៦​សែន​នាក់ បានមក​ទស្សនា​ប្រាសាទបុរាណ​នានា​នៅ​ប្រាសាទ​អង្គរ ព្រមទាំង​សម្រាក​នៅ​តំបន់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ក្នុងនោះ មាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ជាង ១​លាន ២​សែន​នាក់ ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ ក្នុង ចំណោម​ទេសចរណ៍​បរ​ទេស​ទាំងអស់​ដែល​មក​កម្ពុជា​៕