ព័ត៍មានទាន់​ហេតុការណ៏
Search

ពុទ្ធ ឆាយ​រិទ្ធី សាក​ជាមួយ Kreang Krai ខ​ណៈ ចេង គា ជួប​បារាំង Duverly

នៅ​សង្វៀន​ទូរទស្សន៍ ​SEATV នា​យប់​ថ្ងៃ​សៅ​រ៍ ទី​២៦ ​ឧសភា​ ២០១៨​ នេះ អ្នក​ប្រដាល់​កម្ពុជា​ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ Kreang Krai ហើយ​អ្នកប្រដាល់​កម្ពុជា ​ចេង គា ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​សាក់​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​បារាំង Duverly ។

​ពុទ្ធ ឆាយ​រិទ្ធី និង Kreang Krai ពួកគេ​ទាំងពីរ​នាក់​នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា​ ឆាយ រិទ្ធី និង Kreang Krai នេះគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ហើយ​មាឌ និង​កម្ពស់ក៏ប្រហាក់ប្រហែលគ្នា​ដែរ គឺ​ ឆាយ​រិទ្ធី ១,៧១ ​ម៉ែត្រ ឯ Kreang Krai ១,៦៦ ​ម៉ែត្រ តែ​ថៃ​ចាញ់បទពិសោធន៍​និង​កំណត់ត្រា​ ឆាយ​រិទ្ធី។

​​Kreang Krai គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ ៩៨​ លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៧៥​លើក ចាញ់​២០លើក និង​ស្មើ​០៣​លើក។ ចំណែក​ ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១០៨​លើក គេវាយ​ឈ្នះ​៨៣​លើក ចាញ់​២៣​លើក ស្មើ​០២​លើក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះពុំអាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាចអ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

​លោក ណន រិ​ទ្ធ ដែលជា​គ្រូបង្វឹក​របស់ ​ពុទ្ធ ឆាយ​រិទ្ធី បាន​និយាយថា លោក​បារម្ភ​ចំពោះ​ការប្រកួតនេះ ព្រោះថា Kreang Krai គេ​មាន​កណ្តាប់ដៃ​រហ័ស ឯ​រឿង​ទាត់ ជង្គង់ កែង មិនជា​បញ្ហា​អ្វីឡើយ។ ប៉ុន្តែ​យ៉ាងណា លោក ​ណន រិ​ទ្ធ បាន​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី គេ​កំពុង​ប្រឹង​ហាត់ដើម្បីយកឈ្នះ​លើ Kreang Krai អោយបាន។​

អ្នក​ប្រដាល់ ​ចេង គា ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវបាន​គេ​ផ្តល់​ឱ​កាស​អោយ​ឡើង​ប្រកួត​ជាមួយ​បរទេស​ជាលើកដំបូង ដោយ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​បារាំង Duverly។ ពួកគេ​ទាំងពីរ​នាក់នេះនឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម។​ ចេង គា ជា​អ្នក​ប្រដាល់​ដែល​មិនមាន​ឈ្មោះ​ល្បីនោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ម្នាក់ ដែលមាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​មាន​កណ្តាប់ដៃល្អ ហើយ​សំខាន់​ជាងនេះទៀត គឺមាន​ចិត្ត​ប្រដាល់​ធំ និង ស៊ូ​ចំពោះ​ការប្រកួត។

Duverly ជា​ជើង​ថ្មីដែល​ហ្វឹក​ហាត​នៅ​ប្រទេស​ថៃ។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៣៧លើក ឈ្នះ​២៥លើក និង​ចាញ់​១២​លើក មិនដែល​ស្មើ។ បើតាម​អ្នក​ផ្គូផ្គង​អោយដឹងនោះ​ថា Duverly គេ​មានស្នៀត​ជើង​ទាត់​ល្អ ហើយ​កណ្តាប់ដៃ​របស់គេ​ក៏​ល្អ​ដែរ។​ ចាំមើល ចេង គា អាច​យកឈ្នះ Duverly បាន​ឬ​អត់ សម្រាប់​ការប្រកួត​ជាមួយ​បរទេស​លើកដំបូង​នេះ​?។ យ៉ាងណា ចេង គា ចាញ់​ត្រង់​កម្ពស់ហើយ ព្រោះ Duverly​ មាន​កម្ពស់​ ១,៧២​ ម៉ែត្រ ខ​ណៈ​ខ្លួនគេ​ ១,៧១​ ម៉ែត្រ។

វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ផ្គងអោយ​ជួប​ប្រកួតជាមួយ លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម​។​លិញ ភារ​ម្យ មិនដឹងថា មានសំណាង​ឈ្នះ​ វៀត ប៊ុន​ឌឿ​ន ឬ​អត់​នោះទេនៅក្នុង​ការជួបគ្នា​លើកដំបូងនេះ​?។

​រវាង ​វៀត ប៊ុន​ឌឿ​ន និង លិញ ភា​រម្យ​ នេះពីមុនមក​ពុំដែល​ប៉ះគ្នា​នោះទេ។ និយាយ​រួម​ លិញ ភារ​ម្យ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ ភា​រម្យ​ គេ​គ្រាន់តែ​មានចិត្ត​ប្រដាល់​ធំ ​មាន​ផ្លែ​កណ្តាប់ដៃ​ល្អ និង​ស៊ុហ្វ​ខ្លាំង​ប៉ុណ្ណោះ។ ចំពោះ​ វៀត ប៊ុន​ឌឿ​ន ​វិញ​នោះ គេ​មាន​ភាពរហ័សរហួន ស្នៀតគុន​គេ​ក៏មានលក្ខ​ណៈល្អប្រសើរ​ដែរ។ អ្វី​ដែលជា​ចំណុចខ្លាំង​របស់ ​វៀត ប៊ុន​ឌឿ​ន គឺ​ស្នៀត​ទាត់​និង​ជង្គង់ដែល​នរណា​ក៏​ពិបាក​ទប់ទល់​ដែរ។

ទោះជា​យ៉ាងណា រវាង​ វៀត ប៊ុន​ឌឿ​ន និង លិញ ភារ​ម្យ ជួប​ប្រកួត​គ្នា​នេះពុំ​ដឹងថា នរណា​ជាអ្នកទទួលបាន​ជ័យជំនះ​នោះឡើយ​?។​ វៀត ប៊ុន​ឌឿ​ន ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​ក្នុង​ទឹក​ទី​៤ ហើយ​ការប្រកួត​ចុងក្រោយ​របស់ ​លិញ ភា​រម្យ​វិញ គឺ​ប្រកួត​ឈ្នះ​ថៃក្នុង​ទឹក​ទី​២។

​សេក ចៅ​ជូត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ ​កូយ ឡាយ អ្នកប្រដាល់​មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម។​ ចៅ​ជូត ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​មាន​ផ្លែ​ល្អ​ដូច​អ្នក​ប្រដាល់ជើងចាស់​ដែរ ដោយក្នុង​ការឡើង​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​រហូត។ ការប្រកួត​ចុងក្រោយ​របស់​ ចៅ​ជូត គឺ​វាយ​ឈ្នះ ឡុង ឡា អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុកអន្លុងវែង ដោយ​ពិន្ទុ។

កូយ ឡាយ គេ​ក៏​ជា​អ្នក​ប្រដាល់​ឡើង​ប្រកួតមិនសូវ​ដែល​ចាញ់​ដែរ។ តែ​អ្នក​ប្រដាល់​រូបនេះភ្លាត់ស្នៀត​ត្រូវ​ចាញ់​ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ក្នុង​ទឹក​ទី​១ ក្នុង​ការឡើង​ប្រកួត​ចុងក្រោយ​នេះ។ ចាំមើលរវាង ​សេក ចៅ​ជូត និង កូយ ឡាយ នេះ តើន​រណា​ជា​អ្នកឈ្នះ​សម្រាប់​ការជួបគ្នា​លើក​ទី​១នេះ?៕