ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចនាយក​រដ្ឋមន្ត្រី ស្តីបន្ទោស​រដ្ឋមន្ត្រី​បី​រូប ដែល​បាន​សាចទឹក​ដាក់គ្នា​ពាក់ព័ន្ធ​នឹង​ការពុល​ស្លាប់​ប្រជាពលរដ្ឋ​ចំនួន ១៣​នាក់ នៅក្នុង​ខេត្តក្រចេះ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រើប្រាស់​វេទិកា​នៃ កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​ធ្វើការ​ស្តីបន្ទោស​ចំពោះ​រដ្ឋមន្ត្រី​បី​ក្រសួង នៅមុខ​បណ្តាញសារព័ត៌មាន ដោយសារតែ​បាន ចេញ​ផ្សាយ​លទ្ធផល​ខុសគ្នាៗ​នៃ​ការ​ពុល​ស្លាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តក្រចេះ​។ សម្តេច​បានបង្ហាញ​នូវ​ការខឹង​យ៉ាងខ្លាំង ស្ទើរតែ​បណ្តេញ​រដ្ឋមន្ត្រី​ខ្លះ​ចេញពី​តំណែង ដោយសារតែ​ការនិយាយស្តី​គ្មាន​ការទទួលខុសត្រូវ។

ក្នុង​កិច្ចប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​ឆ្នាំ​២០១៨ មុន​ចូល ដល់​របៀប វារៈ នៃ កិច្ច ប្រជុំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំណាយពេល​ប្រមាណ​២០នាទី ដើម្បី​ធ្វើការ​ស្តី​បន្ទោស និង​ជា ការព្រមាន ចំពោះ​មន្ត្រី​របស់​សម្តេច​ដែល​បាន​សាចទឹក​ដាក់គ្នា ពាក់ព័ន្ធ​និង​ការពុល​ស្លាប់​ប្រជាពលរដ្ឋ​ចំនួន ១៣ នាក់​នៅក្នុង​ខេត្តក្រចេះ។

រដ្ឋមន្ត្រី​ដែល​សម្តេច​តេ​ជោ​ចាត់ទុកថា បាន​សាចទឹក​ដាក់គ្នា​នោះ រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ផ្តល់​ហេតុផល​ផ្សេងៗ​គ្នា​ដល់​បណ្តាញ​សារព័ត៌មាន​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​មាន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ការបំពុល​ព័ត៌មាន​តាមរយៈ​រដ្ឋមន្ត្រី​ខ្លួនឯង បាន​បង្កើត​ទៅជា​បញ្ហា​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ទប់ចិត្ត​មិនបាន ដោយ​តម្រូវ​ឲ្យ​មានការ​បណ្ដេញចេញ​នូវ​រដ្ឋមន្ត្រី​មួយចំនួន​ពី​ក្នុង​ជួរ​រដ្ឋាភិបាល។ នោះ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ពុល​នៅក្នុង​ខេត្តក្រចេះ។ យើង​បានប្រគល់​ភារកិច្ច​នេះ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ធ្វើ​កិច្ចការ​នេះ​តាំងពី​ដើមទី។ ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​និង​យក​ជា​ផ្លូវការ​រួចស្រេច​ទៅ​ហើយ​… ។

ហេតុអ្វី​បានជា​ចាំ​បាច់​មានការ​អត្ថាធិប្បាយ​ទៅលើ​បញ្ហា​នេះ បញ្ហា​នោះ ថែមទៀត​ដែល​បង្កើតជា​ជម្លោះ​រវាង​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្នុង​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល …​។ សម្តេច​បាន​បន្តថា ជម្លោះ​នៅក្នុង​រាជរដ្ឋាភិបាល វា​មិន​គួរ​ឲ្យ​កើតមាន​ដូចជា​កូនក្មេង​នោះ​ទេ។ សម្តេច​មានប្រសាសន៍ថា ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់ៗ​ថា ខ្ញុំ​មានការ​ធុញទ្រាន់​និង​ស្ទើរតែ​ទ្រាំ​មិនបាន​ដោយ​សុខចិត្ត​បណ្តេញ​ចេញ​នូវ​រដ្ឋមន្ត្រី​ណា​ដែល​ខ្វះ​ការទទួលខុសត្រូវ​ក្នុង​ការ​និយាយស្តី​”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា “​ខ្ញុំ​បាន​មើល​សារ​ព័ត៌មាន​នៅ​ព្រឹក​មិញ កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅតែ​បន្ត​ចុះផ្សាយ​ផ្តោតទៅ​លើ​ជាតិពុល ហ្សា​នី​ដ ទៀត​ក្នុង​ខណៈ​ពេល​ដែល​កាសែត​រស្មី​កម្ពុជា គេ​បាន​ចុះផ្សាយ​អំពី មេ​តា​ណុល ក្នុង​សំណាក​ឈាម​ដែល​យកទៅ​ពិសោធន៍​នៅ​សិង្ហ​បុរី​”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហាញថា លោក​មានការ​ជឿជាក់​ទៅ​របាយការណ៍​របស់ ក្រសួងសុខាភិបាល​ដែល​បង្ហាញថា មនុស្ស​ស្លាប់​នៅ​ខេត្តក្រចេះ បណ្ដាលមកពី​ការផឹក​ស្រាស បូករួម​នឹង​ការប្រើប្រាស់​ទឹក​ព្រែក​។ សម្តេច​បាន​បញ្ជាក់​ទៀត​ថា សម្តេច​បានធ្វើ​ការងារ​នេះ​ដោយផ្ទាល់​ជាមួយ​ក្រសួងសុខាភិបាល តាំងពី​ដើមទី​មកម្ល៉េះ។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា “​វា​ហួសហេតុ​ពេក​ហើយ ដូចជា​ក្មេង​បៀម​ដៃ សាចទឹក​ដាក់គ្នា មួយ​ចោទ​ទៅ​មួយ ក្នុងពេលដែល​របាយការណ៍​ក្រសួងសុខាភិបាល​បាន​ធ្វើ​កិច្ចការងារ​នេះ និង​បាន​ស្នើសុំ​យោបល់​មក​ខ្ញុំ។ តើន​រណា​តាមដាន​សភាពការណ៍​នេះ​ជាង​ខ្ញុំ​នោះ។ ខ្ញុំ​បាន​ស្នើ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ប្រកាស​ជាបន្ទាន់​តាមរយៈ​ការទាក់ទង​គ្នា​តាម WhatsApp …​។ ក្រសួង​សុខា​ភិបាល​បានធ្វើ​កិច្ចការ​នេះ ហើយ​ថែមទាំង​បាន​ដឹក​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​ទៀត ចុះ​ហេតុអ្វី​យើង​មិន​ទទួលយក​លទ្ធផល​នេះ បែរជា​ទៅ​បង្កើត​រឿង​ដទៃទៀត​ដែល​វា​មិន​គួរ​ឲ្យ​កើត​”​។

ទាក់ទង​ទៅនឹង​ករណី​ពុល​ស្លាប់​មនុស្ស​១៣​នាក់​នៅ​ក្រចេះ​នេះ ដំបូង​ឡើយ​ក្រសួងសុខាភិបាល រក​ឃើញ​ថា ករណីនេះ​បណ្តាល​មក​ពី​ការពុល​ស្រា និង មួយ​ចំនួន​ទៀត​សង្ស័យ​ថា ពុល​ទឹក​ព្រែក ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ​ក្រោយមក លោក ចម ប្រសិទ្ធ ដែលជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញ​មក​អះអាង​ថា ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ​នេះ គឺ​បណ្តាល មកពី​សារធាតុ ហ្សា​នី​ដ ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​រ៉ែ​មាស​ទៅវិញ។ ការ​លើក​ឡើង​របស់ លោក ចម ប្រសិទ្ធ នេះ​ត្រូវ​បាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ប្រតិកម្ម​តប​វិញ ដោយ​បាន​បញ្ជាក់​ថា ករណី​ពុល​នេះ គឺ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​ករណី​មួយ​ចំនួន​ទៀត គឺ​បណ្តាលមកពី​ពុល​ស្រា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិន​រារាំង​អស់លោក​ក្នុងការ​ចុះទៅពិនិត្យ​ទៅ​កន្លែង​នេះ ឬ កន្លែង​នោះ​ទេ។ បើ​អស់លោក​ធ្វើ​តែ​របៀប​ហ្នឹង តើ​ឲ្យ​ខ្ញុំ​ធ្វើការ​របៀប​ម៉េច​? អស់លោក​ត្រូវ​គោរព​នូវ​ឋានានុក្រម​នៃ​ការងារ​ផង កុំ​ធ្វើ​ទទឹងទិស​ខ្លួនឯង​បានទេ កុំ​យកឈ្នះ​តែ​ខ្លួនឯង ដោយ​ខ្វះ​ការ​ទទួល ខុសត្រូវ​នោះ​បានទេ​?”

សម្ដេច​បាន​បន្ត​ថា បើ​របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​ចេញ​មក​ផ្លូវការ​រួច​ទៅ​ហើយៗ​ នាយករដ្ឋមន្ត្រី​ផ្តល់​ការណែនាំ និង ផ្តល់​ជំនួយ​ទៅតាម​របៀប​ហ្នឹង​រួចហើយ ចុះ​ហេតុអ្វី​៣​សប្តាហ៍​ក្រោយមក​មាន​របាយការណ៍​មួយ​ផ្សេង​ថា ស្លាប់​ដោយសារ​ជាតិពុល ហ្សា​នី​ដ វា​មិន​សម​ហេតុ​សម​ផល។

សម្តេច​បាន​បន្ត​ថា សម្ដេច​ពិតជា​មានការ​អៀនខ្មាស​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។ ក៏ប៉ុន្តែ​សម្ដេច​មិន​ចុះចេញ​ទេ សម្តេច​សុខចិត្ត​ដេញ​រដ្ឋមន្ត្រី​ដែល​ធ្វើ​ខុស​នោះ​ចោល។ សម្តេច​បន្ត​ថា មិនមែន​ខ្ញុំ​ផ្ដាច់ការ​ទេ តែ​វា​ក៏​មិនមែន​ជា​ល្បែង​កូនក្មេង​នោះ​ដែរ ក្នុងការ​ដឹកនាំ​ប្រទេស។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ស្តី​បន្ទោស​ទៅ​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែល​បាន​បញ្ជូន​របាយការណ៍​ទៅ​សម្តេច​ក្រោយ​ពេល​ដែល​ខ្លួន​បាន​និយាយប្រាប់​កាសែត​រួច​ទៅ​ហើយ។ សម្តេច​បាន​លើក​ជា​សំណួរ​ថា តើ​វា​មានន័យ​អ្វី​ទៀត​បើ​កាសែត​ចេញផ្សាយ​ទៅ​ហើយ​នោះ វា​មានន័យថា លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ឲ្យ​តម្លៃ​សម្តេច​អន់​ជាង​កាសែត​ទៅទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​លោក ចម ប្រសិទ្ធ នៅ​ពេល​ដែល​ខ្ញុំ​បាន​បាញ់​វីដេអូ​ចូល​ទៅ​គាត់ គាត់​បាន​ឆ្លើយតប​មកវិញ​ថា​ របាយការណ៍​បាន​បញ្ជូន​ទៅ​ខុទ្ទកាល័យ​សម្ដេច​ហើយ​ប្រហែលជា​ល្ងាច​នេះ​ទៅដល់។ សម្តេច​បាន​លើក​ជា​សំណួរ​ថា តើ​ឯកឧត្ដម​មាន​គោរព​ខ្ញុំ​ទេ នៅ​ពេល​ដែល​ឯកឧត្តម​ផ្ញើ​របាយការណ៍​មក​ឲ្យ​ខ្ញុំ ឯកឧត្តម​បាន​និយាយ​ជាមួយ​កាសែត​រួច​ទៅ​ហើយ ដូច្នេះ​បាន​សេចក្តី​ថា ​ខ្ញុំ​អន់​ជាង​អ្នកកាសែត​ទៅទៀត​។ ដូច្នេះ​មិនអាច​ឲ្យ​មាន​ករណីបែបនេះ​ទេ អស់លោក​ត្រូវ​រាយការណ៍​ឲ្យ​ខ្ញុំ​ឃើញ​សិន​ចាំ​អស់លោក​និយាយ​ជាមួយនឹង​អ្នកកាសែត។ សម្តេច​បាន​សង្កត់​ពាក្យ​ជា​សំណួរ​ធ្ងន់ៗ​ថា បាន​ឬ​មិនបាន​? បាន​ឬ​មិនបាន ?”​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សូម្បី​រូប​សម្ដេច​ក៏​មាន​ការគោរព​ចំពោះមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ដទៃ​ដែរ។ ប្រសិនជា​លិខិត​របស់​សម្ដេច​មិនទាន់​ទៅដល់​ស្ថានទូត​នៃ​ប្រទេស​ទាំង​នោះ​ទេ សម្ដេច​មិន​ផ្សាយ​ទេ ព្រះ​វា​បាត់​ការគោរព​ចំពោះ​គ្នា។ សម្តេច​តេ​ជោ​បាន​បន្ថែម​ទៀត​ថា សម្តេច​មានការ​ខ្មាសអៀន​ណាស់​នៅក្នុង​ពេលវេលា​ដែល​មន្ត្រី​របស់​សម្តេច​សុទ្ធតែ​បានធ្វើ​ការងារ​ជាមួយ​សម្តេច​ជាង ៤០ ឆ្នាំ​ប្លាយ​មក​ហើយ បែរជា​ធ្វើ​ដូចជា​កូនក្មេង​បែបនេះ។

សម្តេច​បាន​បន្តថា ​ចាត់ទុក​ខ្ញុំ​មាន​កំហុស​ទៅ​ចុះ ដោយសារតែ​ខ្ញុំ​អប់រំ​មន្ត្រី​របស់​ខ្លួន​មិនបាន​ល្អ។ ប៉ុន្តែ​អស់លោក​ត្រូវ​ទទួល​ការព្រមាន​ជា​លើក​ចុង​ក្រោយ​ដែល​មិន​អាច​ឲ្យ​អ្នកណាម្នាក់​ទៅ​រាយការណ៍​ឲ្យ​សារព័ត៌មាន​មុន​ធ្វើ​របាយ​ការ​ណ៍​មក​ឲ្យ​ខ្ញុំ​នោះ​ទេ។ ​សម្តេច​បន្តថា តើ​វា​មានន័យ​អី​ទៀត​ប្រសិនបើ​សារ​ព័ត៌មាន​ផ្សាយ​អស់​ទៅ​ហើយ​នោះ ​មានន័យ​អី​ទៀត បើ​ខ្ញុំ​មើល​សារព័ត៌មាន​ដឹក​អស់ហើយ​នោះ។

ពាក់ព័ន្ធ​នឹង​ការ​ចេញ​របាយការណ៍​ថ្មី​របស់​ក្រសួងបរិស្ថាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា ចុងក្រោយ​នេះ​បានការ​ចេញ​របាយការណ៍​ថ្មី​មួយទៀត របស់​ក្រសួង​បរិ​ស្ថាន ក៏ប៉ុន្តែ​ក្រសួងបរិស្ថាន​គេ​ពុំបាន​ធ្វើការ​បដិសេធ​នោះទេ គឺ​គេ​បាន​យក​សំណាក​ឈាម​ដែល​បាន​យក​ទៅ​ធ្វើ​ពិសោធន៍​នៅ​ប្រទេស​សិង្ហ​បុរី​មក​ធ្វើការ​អះអាង​ដោយ​បញ្ជាក់​ថា ការ​ពុល​ស្លាប់​នោះ​ដោយ​ជាតិ​មេ​តា​ណុល សម្រាប់​ផលិត​ស្រា។ ក៏ប៉ុន្តែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅតែ​បន្ត​ផ្សាយ​ថា ការ​ស្លាប់​នេះ​គឺ​ដោយ​សារជាតិ ហ្សា​នី​ដ ដែល​លោក ចម ប្រសិទ្ធ បានលើកឡើង។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ជា​ចុងក្រោយ​ថា​ ស្ដេច​មាន​សិទ្ធិ និង បណ្ដេញចេញ​នៅក្នុង​ពេល​ដែល​មន្ត្រី​ណាមួយ​រំលោភបំពាន​អំណាច និង មិន​គោរព​តាម​ឋានានុក្រម។

គួរ​បញ្ជាក់​ដែល​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា នេះ​របស់​រដ្ឋមន្ត្រី​ទាំង​បី​ក្រសួង ដែលមាន​ការពាក់ព័ន្ធ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​ដែលមាន​ខ្លឹមសារ​ថា រដ្ឋមន្ត្រីក្រសួង​ចំនួន​៣​រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧ​សហកម្ម និង​សិប្បកម្ម និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​ដើម្បី​បញ្ជាក់​មូលហេតុ​ជុំវិញ​ករណី​ពុល​របស់​ប្រជា ពលរដ្ឋ​ខេត្តក្រចេះ​ បណ្តាល​ឲ្យ​ស្លាប់​ជាច្រើន​នាក់​កាលពីពេល​ថ្មីៗ​នេះ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ទទួលស្គាល់​រួមគ្នា​របស់​រដ្ឋមន្ត្រី​ទាំង ៣​បាន​បញ្ជាក់​ថា «​ការពុល​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បណ្តាលមកពី​ស្រាស ដែល​មាន​លក់​ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ មេ​តា​ណុល​កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ និង អូរ​គគី មាន​សារ​ធាតុគីមី​មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​»​។

រដ្ឋមន្ត្រីក្រសួង​ទាំង​៣ មាន ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងសុខាភិបាល ក៏បាន​អះអាង​រួមគ្នា​ថា ខ្លួន​នឹង​បន្ត​សហការ​គ្នា​ដើម្បី​បង្ការ​ទប់ស្កាត់​និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​។

គួរ​រំលឹក​ថា កាលពីដើម​ខែឧសភា​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានកើត​ករណី​ពុល​បណ្តាល​ឲ្យ​ពលរដ្ឋ​១៣​នាក់​ស្លាប់​បាត់​បង់ជីវិត និង​ជាង ២០០​នាក់​ផ្សេងទៀត ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ និង​ព្យាបាល​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕