ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែក្រវាត់​ក្រុង​ទី​៤ ដែលមាន​ភូមិសាស្ត្រ​ត​ភ្ជាប់​ពី​ខេត្តកណ្តាល​មក​រាជធានី​ភ្នំពេញ ការដ្ឋាន​ទាំងមូលបានបញ្ចប់ ១០០%​ ហើយ​

​ភ្នំពេញ ​៖ ផ្លូវ​ប្រទះ​ឡាង ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤ ដែលមាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្តកណ្តាល ខណ្ឌពោធិ៍​សែន​ជ័យ ​និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​ ១២ ​គីឡូម៉ែត្រ​ ដែល​បាន​បើកការដ្ឋាន​ស្ថាបនា​ជាង​មួយឆ្នាំ​កន្លងមកនេះ មកដល់ពេលនេះការដ្ឋាន​ទាំងមូល​បានបញ្ចប់ ១០០% ​ហើយ ដោយ​ចំណាយ​ថវិកា​ចំនួន​ ៥​ លាន​ដុល្លារ​អាមេរិក​។លោក​ សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានអោយដឹង​នៅ​ព្រឹកថ្ងៃទី​២៨ ឧសភា​ ២០១៨​ នេះ​ថា ផ្លូវ​បេតុង​ប្រទះ​ឡាង ចាប់ពី​ផ្លូវជាតិ​លេខ៣ ដល់​ផ្លូវជាតិ​លេខ៤ ដែលមាន​ប្រវែង ១២.៦២០​ ម៉ែត្រ ទទឹង ៧​ ម៉ែត្រ បានបញ្ចប់​ការដ្ឋាន ១០០% នៅថ្ងៃនេះ​ហើយ។ លោក ​សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា ផ្លូវ​នេះជា​ផ្លូវ​ខ្សែក្រវ៉ាត់​ទី​៤ ដែល​រថយន្ត​ធុន​ធ្ងន់ រថយន្ត​កុងតឺន័រ អាចធ្វើ​ចរាចរ​ពី​ផ្លូវជាតិ​លេខ៤ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ១ ដោយ​មិនចាំបាច់អោយ​យានយន្ត​ចូល​មកដល់​រង្វង់​មូល​ចោមចៅ​ ដែល​តែងតែ​កកស្ទះ​រាល់ថ្ងៃនោះទេ​។ផ្លូវ​ប្រទះ​ឡាង ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​នេះ គឺជា​ផ្លូវ​មួយដែលមាន​សារៈសំខាន់​ក្នុងការ​រំដោះ​ចរាចរ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ​ត្រង់ចំណុច​ផ្សារ​បែក​ចាន​មកផ្លូវជាតិ​លេខ៣​ ត្រង់ចំណុច​វត្ត​ស្លែង​។ ផ្លូវ​នេះបាន​រង​នូវ​ការខូចខាតស្ទើរ​ទាំងស្រុងដោយ​កត្តា​ជាច្រើន​ ទើបអាជ្ញាធរ​រាជធានី​ភ្នំពេញ និងអាជ្ញាធរ​ខេត្តកណ្តាល ​ស​ហ​ការ​គ្នា​ធ្វើការ​ជួលជុល​ឡើងវិញ តាម​បទបញ្ជា​ពី​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។លោក​ សាំ ពិសិដ្ឋ បញ្ជាក់ទៀតថា កំណាត់​ផ្លូវ​នេះបើតាម​ការគ្រោងទុក នៅពេល​ខាងមុខនឹងត្រូវពង្រីក​អោយមាន​ទទឹង​រហូត​ទៅដល់​ ១៤​ ម៉ែត្រ រួម​នឹង​ការដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវផងដែរ​។​ ប៉ុន្តែ​ដោយសារ​ថវិកានៅមានកម្រិត គឺ​អាជ្ញាធរ​សម្រេច​ស្ថាបនា​ទទឹង​តែ​ ៧​ ម៉ែត្រ​នេះសិន​។

គួរបញ្ជាក់​ផងដែរ​ថា កំណាត់​ផ្លូវ​ខាងលើនេះ​ បាន​បើក​ការដ្ឋាន​ជួសជុល​កាល​ថ្ងៃទី​៣១ ខែតុលា​ ឆ្នាំ២០១៦ ក្រោម​អធិបតីភាព​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្តកណ្តាល។ ផ្លូវនេះ​មិនមែនត្រឹមតែ​បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ទូទៅ ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់​នេះនោះទេ គឺអាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​លើ​កំណាត់ផ្លូវជាតិ​លេខ​៤ និង​លេខ​៣ ផងដែរ ជាពិសេស​ត្រង់ចំណុច​ប្រសព្វ​រង្វង់​មូល​ចោមចៅ ដែលជា​ចំណុច​ត​ភ្ជាប់ពី​ផ្លូវជាតិលេខ​៤ ទៅ​ផ្លូវជាតិលេខ​៣ និង​ពី​ផ្លូវជាតិ​លេខ​៣ មក​ផ្លូវជាតិ​លេខ​៤ ​វិញ​។

លោក​ សាំ ពិសិដ្ឋ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកបើក​បររថ​យន្ត​ធំៗដឹកទំនិញ និង​រថយន្ត​តូច​ជាដើម សូម​វាង​មក​ផ្លូវ​ខាងលើនេះ ដើម្បី​កុំអោយ​មានការ​កកស្ទះ​ចរាចរ​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​៕