ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ សំណូម​ឱ្យ​អាជ្ញាធរ ​​ប្តូរ​ទីតាំង​កុង​ស៊ី កាប់គោ ក្របី ​ចេញពី​តំបន់​អភិវឌ្ឍជ្រោយចង្វារ

​ភ្នំពេញ៖ ទីតាំងស្តុ​ក និង​ចិញ្ចឹម ​គោ ក្របី សេះ សម្រាប់​កាប់យកសា​ច់លក់​ជាច្រើន​ទីតាំង នៅ​ក្នុងភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​ជាពិសេស​កុង​ស៊ីកាប់​គោ​របស់លោក ហ៊​យ​ ហៀ​ង ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ​លើកឡើងថា ​បាន​ជះក្លិន​ស្អុយ​អសោច ​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​របស់​ពួកគាត់​យ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋ​ជាច្រើន​គ្រួសារបានអោយដឹងថា ទីតាំង​ស្តុ​ក​ សត្វ​គោ ក្របី​ សេះ ​សម្រាប់​កាប់​យកសា​ច់លក់ មាន​ជាច្រើន​កន្លែង​ ជាពិសេស​កុង​ស៊ីកាប់​គោ ​របស់លោក ហ៊​យ ហៀ​ង នៅក្នុង​ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ​ជាប់​នឹង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់បរិស្ថាន ធំ​ក្លិន​ស្អុយអសោច និង​បង្ក​ជា​ជំងឺឆ្លង​ដល់​មនុស្ស សត្វ និង​ការ​រស់នៅ​របស់​អ្នកភូមិជាខ្លាំង។ ​ដោយសារតែ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បែបនេះ ប្រជាពលរដ្ឋ​ជាច្រើនគ្រួសាររស់នៅ​ជុំវិញ​តំបន់​នោះ បាន​នាំគ្នា​ធ្វើការ​អង្វរ​យ៉ាង​ទទូច​ ដើម្បីអោយ​មន្ត្រី​ជំនាញ ក៏ដូចជា​អាជ្ញាធរខណ្ឌ ​ឬ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ជួយ​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការណ៍ ដោយពួកគាត់​សំណូមពរ​ដល់​ម្ចាស់​ទីតាំង​កាប់​គោ ​លោក​ ហ៊​យ ​ហៀ​ង​ ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​ឱ្យឆ្ងាយ​ពី​ភូមិឋាន​ពួកគាត់​រស់នៅ។​

ប្រជាពលរដ្ឋ​បាន​អះអាង​ទៀតថា ​អាជីវកម្មចិញ្ចឹម និងស្តុក​សត្វ​គោ ក្របី​ ទាំងអស់ គឺ​ពុំមាន​ច្បាប់អនុញ្ញាតឡើយ​ ហើយ​ទីតាំង​ចិញ្ចឹម​គោ​នោះ ពុំមាន​លក្ខណៈ​បច្ចេកទេស ​និង​អនាម័យគ្រប់គ្រាន់​ទេ ដែល​កំពុងតែ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​បរិស្ថាន និង​មាន​ជំងឺ​រាលដាល ទៅសត្វ​ផ្សេងៗ​ទៀត​។

ពួកគាត់​បន្តថា សត្វ​គោ ក្របី សេះ ​ដែល​គេ​ចិញ្ចឹម​ស្តុក​ទុក ​ចូល​កាប់​ក្នុង​កុង​ស៊ីលោក ​ហ៊​យ​ ហៀ​ង នោះ ពេល​ថ្ងៃ​គេ​លែងឱ្យ​ចេញ​រក​ស៊ី​ប្រសេចប្រសាច​ពេញ​ផ្លូវ​ ពេញ​សួនច្បារ ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បង្ក​ជា​គ្រោះថ្នាក់​ចរាចរ​ណ៍ រថយន្ត​ និងម៉ូតូ​បុក​ស្ទើរ​រាល់ថ្ងៃ ​ធ្វើឱ្យមាន​មនុស្ស​របួស​ធ្ងន់ធ្ងរ​ជាញឹកញាប់ ហើយ​រាល់​គ្រោះថ្នាក់​ចរាចរណ៍​ម្តងៗ​ លោក​ ហ៊​យ​ ហៀ​ង​ មិនដែល​ចេញមុខ​មកទទួលខុស​ត្រូវ​ឡើយ។ ប្រការនេះ​អាជ្ញាធរ​ក៏​ធ្លាប់បាន​ណែនាំ​ ដល់​ម្ចាស់​កុង​ស៊ីកាប់​គោ​នោះដែរ ​តែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ។

ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​ ទីតាំង​ចិញ្ចឹម​និង​ស្តុក​សត្វ​គោ ក្របី​ នៅ​ភូមិ​ដើម​គ ​មួយចំនួនមិនបាន​ចូល​កាប់​នៅក្នុង​កុង​ស៊ីទេ​ គឺ​គេ​កាប់​នៅក្រៅ​កុង​ស៊ី តែ​គេ​នៅតែ​បង់លុយ​ឱ្យទៅលោក ​ហ៊​យ​ ហៀ​ង​ ជា​ម្ចាស់​កុង​ស៊ីដដែល​។ ការដែល​លោក​ ហ៊​យ ហៀ​ង ​អនុញ្ញាត​ឱ្យមានការកាប់​គោក្របី​ ក្រៅ​ទីសត្ដឃាត​យ៉ាង​អានាធិបតេយ្យ​នេះហើយ គឺ​បង្កឱ្យមាន​ផល​អ​វិជ្ជមានគ្រប់បែបយ៉ាង។

លោក ឃ្លាំង​ ហួត​ អភិបាលខណ្ឌ​ជ្រោយចង្វារ ធ្លាប់បាន​បញ្ជាក់​ ខណៈ​ចុះទៅ​ដោះស្រាយ​វិវាទនៅក្នុង​កុង​ស៊ីនោះ​ កាលពី​ចុងឆ្នាំ​ ២០១៥​ ថា ​ក្រោយពី​ដោះស្រាយ​បញ្ហា​ទាំង ​១០ ​ចំណុច​ជូនក្រុមអាជីវករ​រួចរាល់​ហើយ​នោះ​ លោក​បាន​ផ្ដល់ឱកាស​ឲ្យ​ម្ចាស់​ទីតាំង​កុងស៊ី​កាប់​គោ​ខាង​លើ ក៏ដូចជា​បងប្អូន​ក្រុម​អាជីវ​ករ​ បន្ត​ប្រកប​របរ​នេះ​ត្រឹម​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ​ដោយ​រាប់​គិតពី​ថ្ងៃទី​០១ ខែតុលា ​ឆ្នាំ​ ២០១៥ ​ដល់​ថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ​ ២០១៦។

លោកបន្តថា ​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ មិន​អនុញ្ញាត​ឲ្យ​ទីតាំង​កុងស៊ី​កាប់​គោ​ ដែល​កំពុង​ធ្វើ​អាជីវកម្មសព្វថ្ងៃនេះ​ ដំណើរការ​ទៀតឡើយ​នៅក្នុង​ទីក្រុង ព្រោះ​កុងស៊ី​កាប់​គោ​បច្ចុប្បន្ន​ មាន​ទីធ្លាតូចចង្អៀត​ និង​ជះក្លិន​ស្អុយ​ប៉ះពាល់​ផ្នែក​បរិស្ថាន​ នៅជុំវិញ​នោះយ៉ាងខ្លាំង ​ពិសេស​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​​ ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែម្ដង។ ផ្ទុយទៅវិញ ប្រសិនបើ​ទីតាំងកុងស៊ី​កាប់​គោ​ មាន​ទីធ្លា​ធំ​ទូលាយ​ចាប់ពី ​២ ​ហិច​តា​ឡើងទៅ​ និង​នៅ​កន្លែង​ដាច់ស្រយាលឆ្ងាយ​ពី​ទីក្រុង ​លោក​អភិបាល​ នឹង​ស្នើទៅ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​បងប្អូនក្រុមអាជីវករ​ បន្ត​អាជីវកម្ម​តទៅទៀតបាន​។

ជាមួយគ្នា​នោះ​ លោក ឃ្លាំង​ ហួត ក៏បាន​សង្កត់ធ្ងន់​ទៅលើ​អនាម័យ បរិស្ថាន​ និង​សន្តិសុខ នៅក្នុងកុង​ស៊ី រួមទាំង​ទឹកស្អាត​ផង តម្រូវឱ្យលោក​ ហ៊​យ ​ហៀង រៀបចំ​ឡើងវិញ ​ឱ្យ​ល្អ​មិនត្រូវ​រស់នៅ បែប​គ្មាន​អនាម័យ​ដូច្នេះ​ទេ​ ព្រោះ​វា​មាន​ក្លិនស្អុយ​ណាស់ ​ងាយ​នឹង​ចំលង​មេរោគ​ផ្សេងយ៉ាងខ្លាំង ប៉ុន្តែ​រហូតមកដល់ពេលនេះ​ មាន​រយៈពេល​ ២ ​ឆ្នាំ​ហើយ ​ម្ចាស់​កុង​ស៊ី​មិនបាន​អនុវត្តតាម ការណែនាំរ​បស់​លោក​អភិបាលខណ្ឌ​ឡើយ គឺ​បន្ត​អាជីវកម្ម​របស់ខ្លួន ​យ៉ាង​ព្រងើយ​មិនក្រែងរអែង​ នឹង​អាជ្ញាធរ​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114