ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ សីហា ជួប Khamlaipetch ខ​ណៈ ចាន់ សាន់ ជួប Petchshunthorn នៅ​សង្វៀន​ស្ទឹងមានជ័យ

នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​០១​ មិថុនា ​២០១៨ ​នេះ អ្នក​ផ្គូផ្គង​បានផ្តល់​ឱកាស​អោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ​២​ រូបគឺ​ ពេជ្រ សីហា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ និង ចាន់ សាន់ ក្លិប​និរោធ​មានជ័យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ។

ពេជ្រ សីហា ត្រូវគេ​ផ្គូ​អោយ​ជួបប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Khamlaipetch Phakthung chai។ ពួកគេ​ទាំងពីរនឹង​ជួប​ប្រកួតគ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៧០ ​គីឡូក្រាម។ Khamlaipetch អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។ យ៉ាងណា Khamlaipetch​ ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ ហើយ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ ក៏​កម្រ​មានអ្នក​យកឈ្នះ​បានដែរ។ គេ​ធ្លាប់​វាយ​ឈ្នះ ​រឿង សោ​ភ័​ណ្ឌ ​ពីរលើក,ឈ្នះ​ ឡុង សុ​ភី​ មួយ​លើក,ឈ្នះ ​ឡុង សុវណ្ណ​ឌឿ​ន​ មួយ​លើក និង​ឈ្នះ​ ផុន ផាន់​ណា មួយ​លើក ហើយក៏​ធ្លាប់​ចាញ់ ​មឿ​ន សុខ​ហ៊ុ​ច មួយ​លើក,ចាញ់ ​ព្រំ សំណាង ពីរលើក​ផងដែរ។ ដូច្នេះ ពេជ្រ សីហា មិនអាចធ្វេសប្រហែស​បានឡើយ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត។

​ពេជ្រ សីហា ពិបាក​សង្ឃឹម​ឈ្នះ Khamlaipetch ណាស់។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់ពួកគេទាំងពីរ​វិញ Khamlaipetch មាន​ត្រឹម​១០៨​លើក ឈ្នះ​៨៨​លើក ចាញ់​១៨​លើក និង ស្មើ​០២​លើក ខ​ណដែល ពេជ្រ សីហា មានកំនត់​ត្រា​ប្រកួត​ចំនួន១៤២​លើក ឈ្នះ​១១២​លើក ចាញ់​២៥​លើក ស្មើ​៥​លើក នោះ។​ ទោះជា​យ៉ាងនេះ​ក្តី ពេជ្រ សីហា មិនអាច​មើលងាយ Khamlaipetch​ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះមិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើនរូបហើយ គឺ​បញ្ជាក់ថា​គេ​មិន​អន់​នោះទេ រឿង​អី​គេ​ខ្លាច​ជួប​ជាមួយ​ ពេជ្រ សីហា ​នោះ​?។ ចាំមើល ពេជ្រ សីហា អាច​យកឈ្នះ Khamlaipetch នេះបានដែរ​ឬ​អត់?​។ សីហា គេ​ប្រកួត​ជាមួយ​ថៃចុងក្រោយ​នេះវាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Watcharalek ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី១៣ ឧសភា កន្លងទៅនេះ។

​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ចាន់ សាន់ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នកប្រដាល់​ថៃ​ឈ្មោះ ​Petchshunthorn Singhamarsnussak ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម។ Petchshunthorn គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ ចាន់ សាន់ គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា ​ចាន់ សាន់ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ យ៉ាងណា Petchshunthorn ប៉ះ​ជាមួយ ​ចាន់ សាន់ ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា ​ចាន់ ​សាន់ ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​មិនជា​ច្រើនក្តី តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និងស្គាល់​ចាញ់​តិច​បំផុត។ ​

ជា​លើក​ទី​៣ ​ប៉ុណ្ណោះដែល ​ចាន់ សាន់ បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ​ក្នុងការ​ប្រកួតពីរលើក​កន្លងមក​នោះ គេ​វាយ​ឈ្នះ​ម្តង និង​ចាញ់​ម្តង។ តែ​យ៉ាងណា ចាន់ សាន់ ក៏ត្រូវ​ប្រយ័ត្នដែរសម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ ចាន់ សាន់ និង Petchshunthorn នេះ?។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦២​លើក ឈ្នះ​៥២​លើក ចាញ់​តែ០៧លើក​ប៉ុណ្ណោះ និង ស្មើ​០៣​លើក។ ចំណែក Petchshunthorn វិញគេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ៤២លើក ចាញ់២១​លើក និង​ស្មើ​០២​លើក​។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហូ សុធា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិសាត់ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ​អេ សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុងទម្ងន់​ ៥៤ គីឡូក្រាម។ ពួកគេ​ទាំងពីរមិនបាន​ប៉ះគ្នា​ទេ​កន្លងមក។ ហូ សុធា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ចិត្ត​ប្រដាល់​ធំ។ ទោះជា​យ៉ាងណា សុធា មិនដឹងថា​អាចយកឈ្នះ អេ សា​រ័ត្ន បាន​ឬ​អត់​នោះឡើយ ព្រោះថា ​អេ សា​រ័ត្ន ជា​អ្នក​ប្រដាល់ជើងចាស់​ដែល​វាយ​ខ្លាំង និង​វាយ​មិន​បណ្តាក់​ដៃ​ឡើយ។

​​អ្នក​ប្រដាល់ ឡេង ម៉ៅ ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ សំ ភក្តី ក្លិប​រ៉ា​ហាប់ស្វាយប៉ាក ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម។ ពីរ​នាក់​នេះជា​អ្នក​ប្រដាល់​ថ្មី​ស្រករក្រោយ​ដូចគ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114