ព័ត៍មានទាន់​ហេតុការណ៏
Search

TV5 បន្ត​បើក​ការប្រកួត​ដណ្តើមពាន​រង្វាន់​រដូវ​កាល​ថ្មី លើ​ទម្ងន់ ​៦០ ​គីឡូក្រាមទៀត

•​​ជុំ​ដំបូង​៖ ម៉ន ព្រហ្ម​ម៉ាញ ជួប សេក ចៅ​ជូត, លាភ រដ្ឋា ជួប ធា រិទ្ធី
​​TV5 នឹង​ចាប់ផ្តើម​បើក​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​“ TV5 Boxing Knock Out Series By K.cement ” លើ​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​បន្តទៀត លើស​ង្វៀន TV5 ព្រែកកំពឹស បន្ទាប់បានបញ្ចប់​ការប្រកួត​រដូវ​កាល​ចាស់ទម្ងន់ ​៥៧ ​គីឡូក្រាម កាលពី​ថ្ងៃទី​២៦ ​ខែឧសភា​ ឆ្នាំ២០១៨ ហើយ​ជើងឯក​បាន​ទៅលើ​កីឡាករ ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិនោះ។ ​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​“ TV5 Boxing Knock Out Series By K.cement ” រដូវ​កាល​ថ្មី លើ​ប្រភេទ​ទម្ងន់ ​៦០​ គីឡូក្រាម មាន​អ្នក​ប្រដាល់​ចាស់​-​ថ្មីចំនួន​ ៣២រូប នឹងត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​រូបមន្ត​ប្រកួតគឺ​ចាញ់​ជ្រុះ​ធ្លាក់​តែម្តង។

​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​១ ក្នុងដំណាក់កាល​ទី​១ នៅ​ថ្ងៃ​ដំបូង ​ថ្ងៃទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ ដែលមាន​ពីរ​គូ​នោះ គឺជា​ការជួបគ្នា​រវាង ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ជើងចាស់​ក្លិបការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ហើយ​មួយគូ​ទៀត​នោះគឺ លាភ រដ្ឋា ជើងចាស់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែរ គឺ ធា រិទ្ធី ក្លិប​អេ​ភូ​ថង​កីឡា។​ ​ការប្រកួត​ក្នុង​ដំណាក់​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី ហើយ​អ្នក​ដែល​ឈ្នះបាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។

​​រវាង ​ម៉ន ព្រហ្ម​ម៉ាញ និង សេក ចៅ​ជូត នេះពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ពួកគេ​ទាំងពីរនាក់ ម្នាក់​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ គឺ​ សេក ចៅ​ជូត ឯ​ ម៉ន ព្រហ្ម​ម៉ាញ ជា​អ្នក​ប្រដាល់ជើងចាស់​ស្រករ​មុន។ ទោះជា​យ៉ាងណា សេក ចៅ​ជូត ប្រហែលជា​មិនអាច​ឈ្នះ​ ម៉ន ព្រហ្មម៉ាញ បាន​នោះឡើយ។ ម៉ន ព្រហ្ម​ម៉ាញ គេ​មានប្រៀប​ឈ្នះ​លើ​ សេក ចៅ​ជូត ត្រង់បទពិសោធន៍ និង​ល្បិចកល ព្រមទាំង​ផ្លែ​ល្អ​ថែមទៀត។

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់ ​លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធខេត្តបន្ទាយមានជ័យ និងអ្នក​ប្រដាល់​ជើងចាស់ ធា រិទ្ធី ក្លិប​អេ​ភូ​ថង​កីឡា។ ពីរ​នាក់​នេះមិន​ធ្លាប់ជួបគ្នា​ដែរ​កន្លងមក​។ លាភ រដ្ឋា ជា​លើក​ទី​២​ របស់គេ​ហើយ ដែល​ចូលរួម​ការប្រកួតដណ្តើមពាន​រង្វាន់ TV5 Boxing Knock Out Series By K.cement នេះ។ ​កាលពី​ចូលរួម​ក្នុងទម្ងន់ ​៥៧ ​គីឡូក្រាម ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​កន្លងមកនេះ រដ្ឋា ជ្រុះ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​លើក​ទី​២ (១៦ ​នាក់​ចុងក្រោយ​)។ សម្រាប់​ការចូលរួម​លើក​នេះ​ពុំ​ដឹងថា​ លាភ រដ្ឋា ឆ្លង​ផុត​ដំណាក់កាល​ប៉ុន្មាននោះទេ។

​ចំពោះ​ការជួបគ្នា​ជាមួយ ​ធា រិទ្ធី លើក​នេះ មិនដឹងថា​នរណាជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួតបន្តទៀត​នោះទេ? តែ​យ៉ាងណា លាភ រដ្ឋា គេ​ជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​សំឡេងធ្លាប់ជួបជើង​ខ្លាំងៗ​ជាច្រើន​នាក់​មកហើយ និង​ពិសេសគេ​មាន​កលល្បិច​ និង​បទពិសោធន៍លើ​រេញ​ច្រើនជាង ធា រិទ្ធី។ ប៉ុន្តែ ​លាភ រដ្ឋា ក៏​មិនអាច​ធ្វេសប្រហែស ​ឬ​មើលស្រាល​ ធា រិទ្ធី​ បានដែរ ព្រោះ រិទ្ធី នេះគេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្នរៀងៗ​ខ្លួន។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះក៏​ឈ្នះ​ដោយវេទនា​ដែរ។ ចាំមើលក្នុងដំណាក់កាល​ទី​១ រវាង ​លាភ រដ្ឋា និង ធា រិទ្ធី តើន​រណា​នៅនរណាដើរ​ចេញពី​ការប្រកួត​នេះ​។

​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​“ TV5 Boxing Knock Out Series By K.cement ” រដូវកាល​ថ្មី​លើ​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និង​មាន​រូបមន្ត​ប្រកួត គឺ​ដំណាក់​ទី​១​ ជាការ​ប្រកួត​ជម្រុះក្នុងចំណោម​ ៣២​ នាក់ ទុក​តែ​ ១៦ ​នាក់។ ដំណាក់ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨នាក់ ហើយ​ដំណាក់កាល​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់ ​ទុក​៤​នាក់ និង​ដំណាក់កាល​ទី​៤​ និង​ ទី​៥ ជាការប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្តាច់ព្រ័ត្រ៕ ​វិ​សិទ្ធ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114