ព័ត៍មានទាន់​ហេតុការណ៏
Search

កោះហៅ​កង​សន្តិសុខ​ទាំង ​១២ ​ខណ្ឌ​ មក​សិក្សា​រៀនសូត្រ​ក្នុង​អង្គ​សិក្ខាសាលា ​ស្តីពី​គោលការណ៍​មនុស្សធម៌​ ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​អ្នក​អនុវត្ត​​ច្បាប់

ភ្នំពេញ ​៖​ ដើម្បីអោយ​អ្នកអនុវត្ត​​ច្បាប់​នៅ​ថ្នាក់មូលដ្ឋាន ​ទទួលបាន​នូវ​ចំណេះដឹង​លើ​គោលការណ៍មនុស្សធម៌ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា បានធ្វើការ​កោះ​អញ្ជើញ​ក​ង​សន្តិសុខ​ទាំង​ ១២​ ខណ្ឌ​ មក​សិក្សា​រៀនសូត្រ​ក្នុងកម្មវិធី​អង្គសិក្ខាសាលា​ស្តីពី​គោលការណ៍​មនុស្សធម៌ ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​ច្បាប់។​អង្គ​សិក្សា​សាលា​នេះ​ បាន​ធ្វើឡើង​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ​នៃ​កាកបាទក្រហមកម្ពុជា លោក​ Roman Paramonov ប្រធានបេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក ​John Erik Jessen​ ប្រតិភូ​ផ្នែក​នគរបាល​ប្រចាំ ​ICRC​ នៅ​ទីក្រុង​បាងកក ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ និង​លោក ​Peter ElkJaer ​ប្រតិភូ​ផ្នែក​ន​គ​របាល​ប្រចាំ​ ICRC​ នៅ​ទីក្រុង​បាងកក ដែល​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ ដោយមាន​ការចូលរួម​ពី​កង​សន្តិសុខ​មកពី​រដ្ឋ​បាលខណ្ឌ​ទាំង ​១២​ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រាប់សិប​នាក់​។លោក ​Roman Paramonov ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ បាន​មានប្រសាសន៍​លើកឡើងថា កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ មាន​អាយុកាល ​១៥៥ ​ឆ្នាំ​ហើយ ហើយ​ក្នុង​រយៈពេល​នេះបានធ្វើ​សកម្មភាព​លើ​ការងារ​មនុស្សធម៌​រប​ស់​ខ្លួន​យ៉ាងច្រើន ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយ​គ្រោះធម្មជាតិ​ និង​រងគ្រោះ​ដោយសារ​សង្គ្រាម​ជាដើម។ ​លោក​បន្តថា បើ​យើង​មិនយល់​ពី​មនុស្សធម៌​ទេ គឺ​យើង​មិនអាច​ជួយ​ដល់​ជនរងគ្រោះ​អោយ​ចំ​គោលដៅ​ល្អ​នោះទេ ហើយការបង្កើតអោយមាន​ជា​អង្គសិក្ខាសាលា​រៀនសូត្រ​នេះ​ឡើង គឺ​ក្នុង​បំណង​អោយ​កងសន្តិសុខយល់ដឹង​អោយបាន​ស៊ីជម្រៅ​ពី​ជំនួយ​មនុស្សធម៌​នៅ​កម្ពុជា។ ​ការសិក្សា​នេះ​យើង​នឹង​បង្រៀន​អោយ​កង​សន្តិសុខ រៀន​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ធ្វើជា​ទុន​ជួយ​ដល់​ជនរងគ្រោះ​អោយចំ​គោលដៅ​។​លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ពិតជា​បាន​ជួយ​លើ​ការងារ​កាកបាទក្រហម​នេះ​ច្រើនណាស់ ហើយ​នេះ​ជា​លើក​ទី​២​ ហើយ​ដែល​យើង​បាន​បង្កើត​អោយ​មាន​កម្មវិធី​បណ្តុះបណ្តាល​នេះ​ឡើង ហើយ​កម្មវិធី​នេះ​ទៀតសោត គឺ​ពិតជា​បាន​ទទួល​ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​រាជធានីភ្នំពេញ​។​ លោកស្រី​បន្តទៀតថា ក្នុងនាម​យើង​ជា​អ្នក​មនុស្សធម៌ ​គឺ​ត្រូវតែ​ជួយ​ទាំងអស់ មិនថា​ជន​នោះ​ជា​នរណា​នោះទេ ពួកគាត់​មាន​បញ្ហា​គឺ​យើង​ត្រូវ​ចុះជួយ​ពួកគាត់​ភ្លាម​។ ច្បាប់​សង្គ្រាមជម្លោះ​ប្រដាប់អាវុធគេ​មានច្បាប់​របស់គេ ហើយ​ច្បាប់​នោះ​គេ​ក៏បាន​ចែង​ហើយ​ដែរ ចំពោះអ្នក​កាន់​ប្រដាប់អាវុធ​ត្រូវធ្វើ​យ៉ាងម៉េច​ចំពោះ​វិជ្ជាជីវៈ​មនុស្សធម៌​នេះ។លោកស្រី​បានដាក់​ចេញ​ជា​សំណួរ​ថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មិនមាន​សង្គ្រាម​នោះទេ ចុះ​ហេតុអ្វី​បានជា​យើង​នៅតែសិក្សា​រៀនសូត្រ​ទៀត​នោះ ការសិក្សា​រៀនសូត្រ​នេះ​គឺ ដើម្បីអោយ​កងសន្តិសុខ​បាន​យល់ ហើយ​យើង​នឹង​រួមគ្នា​បំពេញការងារ​មនុស្សធម៌​នេះ ដោយហេតុថា ការងារ​មនុស្សធម៌​ជា​ការងារបម្រើ​អោយ​ប្រជាជាតិ​ និង​សង្គមជាតិ​តែ​មួយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114