ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ស័យ​រវល់​ចុចទូរស័ព្ទ​ បាត់បង់​ស្មារតី ​រេចង្កូត​​បុកចូល​ផ្ទះ​អ្នកភូមិ

​បាត់ដំបង​ ៖ ​ ​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ពីរ​នាក់​ដែរ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ ម៉ាក ​HYADAI​ ពាក់​ស្លាក​លេខ បាត់ដំបង​ ២B.៥០៣០​។

​សមត្ថកិច្ច​បានអោយដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បង្កឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤០​ នាទី​ ថ្ងៃ​២៨​ ខែឧសភា​ ថ្មីៗ​នេះ​ត្រង់ចំណុច ​ភូមិ​ពោធិ​ជ្រៃ​ ឃុំ​សិរី​មានជ័យ ​ស្រុក​សំពៅលូន​ ខេត្តបាត់ដំបង​។​ សមត្ថកិច្ច​បន្ត​ថា ករ​ណី​នេះដែរ​បាន​បណ្តាលអោយ​រងរបួស​អ្នកបើកបរម្នាក់​ធ្ងន់ធ្ងរ ត្រូវបានគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយ​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណនៅឡើយ​។ ​ដោយឡែក​ស្រី​ម្នាក់​ឈ្មោះ ​ហេង សុខលាភ ​ស្រី​អាយុ​៤០​ឆ្នាំ​ មុខរបរ​លក់ផ្លែឈើ​រស់នៅ​ ភូមិ​ត្រពាំង​ព្រលិត ​ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ជាអ្នករួមដំណើរ​របួសស្រាល​។​

បើ​តាម​សំដី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុ​ការណ៍​អោយ​ដឹងថា​ មុន​កើតហេតុ​រថយន្ត​ខាងលើ​បើកធម្មតា​ហាក់​មិនមាន​បញ្ហា​អ្វី​នោះ​ទេ ​លុះដល់​ចំណុច​កើតហេតុ​ខាង​លើ ​ស្រាប់តែ​ចាប់ផ្តើម​រេ​ចង្កូត​សំដៅ​ចូល​ផ្ទះ​អ្នកភូមិ​តែម្តង ​សំណាង​ម្ចាស់ផ្ទះ​គ្មាន​ន​រណា​ម្នាក់​រង​របួស​។ ​ពួកគាត់​បន្ត​ដាក់​ការសង្ស័យថា ​ទំនង​អ្នកបើកបរ​រវល់​និយាយ​ទូរស័ព្ទ​ទើប​បាត់បង់​ស្មារតី ​បណ្តាលអោយ​ហេតុការ​ណ៍​នេះ​កើតឡើង​យ៉ាងនេះ​តែម្តង​។

បើទោះបី​បែប​ណា​នោះ ​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រួចរាល់ ​បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ ​នៃ​អធិការ​ស្រុក​សំពៅ​លូន​ បាន​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114