ព័ត៍មានទាន់​ហេតុការណ៏
Search

ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ដំណាក់កាល​ទី​១ បាន​សម្រេច​​៩៥ % ​ហើយ គ្រោង​ចូល​អនុវត្ត​​ជំហាន​ទី​២ ​នៅពេល​ឆាប់ៗ​នេះ

​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ដំណាក់កាល​ទី​១ មកដល់ពេលនេះ​ បានឈានដល់​ចាក់​បេតុង​ស៊ី​ផាយ​បាន ​៩៥​% ​នៃ​គម្រោង​ហើយ ហើយ​ការអនុវត្ត​ជំហាន​ទី​២ គ្រោងនឹង​អនុវត្ត​​បន្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បីអោយ​តំបន់​នេះ​លែង​ទទួលបាន​លិចលង់ដោយ​ជំនន់​ទឹកភ្លៀង​ទៀត និង​ធ្វើអោយ​តំបន់​នេះ​ប្រែក្លាយ​ជា​តំបន់​រៀបរយ​ផងដែរ​។​លោក​ សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានអោយដឹង​នៅ​ព្រឹកថ្ងៃទី​២៩​ ឧសភា​ នេះ​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​ ១៤៩៨​ ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ។​ លោក​បញ្ជាក់ថា លើ​គម្រោង​នេះយើង​បាន​បែង​ចែកជា ៤​ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​ប្រវែង​ ៣២៦ ​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង ៦៥២​ ម៉ែត្រ ហើយ​ក្នុង​ដំណាក់កាល​ទី​១​នេះ ក្រុមការងារ​បា​ន​ស​ម្រេច​ការងារ​របស់ខ្លួន​បាន ​៩៥% ហើយ។ ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការ​ចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ក៏បាន​ចាក់​ជូនខ្លះហើយ​ដែរ​។ ចំណែក​ការ​កាយ​ភក់​ចេញពី​បាត​ប្រឡាយ​ គឺ​យើង​អនុវត្ត​ការងារ​សម្រេច​បាន ​១០០ ​ភាគរយ​ហើយ​ដែរ​។​គួរ​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះឆ្លងកាត់​ខណ្ឌ​ចំនួន ​២ នោះ​គឺ​ខណ្ឌមានជ័យ​ និង​ខណ្ឌ​សែនសុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​ ៥៦២ ​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ ​នឹងទទួលបាន​ដី​ទំហំ​ ៤​x​៦ ​ម៉ែត្រ​ ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​ប្រឡាយ​ស្ទឹងមានជ័យ ​នឹងត្រូវ​សាងសង់ឡើងដោយ​បុក​បេតុង​ស៊ី​ផាយ​ ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ ​៦​ ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹកភ្លើង​អគ្គិសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដាក់​បង្គោល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត។ ប្រឡាយ​ស្ទឹងមានជ័យ បានដើរតួ​យ៉ាងសំខាន់ក្នុង​ការនាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​ ២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​ ៦​ ម៉ែត្រ ផ្លូវ​មុខផ្ទះ​ ៥ ​ម៉ែត្រ ដី​នៅសល់មុខផ្ទះ​ ១ ​ម៉ែត្រ​កន្លះ ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​