ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ បាន​ផ្តល់​កង់​ចំនួន​៤០០​ គ្រឿង ជួយ​កុមារ​កំព្រា និង​ជន​ក្រីក្រ​ជាច្រើន​នាក់​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ ​៖ ​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើងថា ជំនួយ​កង់ ៤០០​ គ្រឿង ដែលជា​ជំនួយរបស់​អង្គការ​កុ​កឺ​សៃ ប្រទេស​ជប៉ុន បាន​ជួយ​ដល់​កុមារកំព្រា និង​ក្រីក្រជា​ច្រើន​នាក់នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​ដើម្បី​បានធ្វើ​ដំណើរ​ទៅ​សាលារៀនងាយស្រួល​ជាងមុន​។

ការលើកឡើង​របស់រដ្ឋមន្ត្រី វង សូត បានធ្វើ​ឡើងនៅក្នុង​ពិធី​ប្រគល់​កង់​ដែលជាជំនួយរបស់​អង្គការកុ​កឺ​សៃ ប្រទេស​ជប៉ុន ជូន​ដល់សិស្សានុសិស្ស​ចំនួន​ ៤០០​ នាក់ នៅ​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ជាមួយគ្នា​នោះ លោក វង សូត បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​មន្ទីរ ព្រមទាំងមន្ត្រីរាជការ​នៃ​មន្ទីរ ស​.​អ​.​យ ខេត្ត​ត្បូងឃ្មុំ អង្គការ​កុមារ​អាស៊ី អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​ស្រុក​ពញាក្រែក ដែល​បាន​សហការ​រៀបចំ​កម្មវិធី​ចែក​កង់ ដែលជា​អំណោយ​របស់​អង្គការ​កុកឺ​សៃ ប្រទេស​ជប៉ុន និង​អង្គការ​កុមារ​អាស៊ី​នាពេលនេះ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្តសប្បុរសធម៌របស់​ប្រជាជន​ជប៉ុន ចំពោះ​ប្រជាជន​ជារួម និង​និយាយ​ដោយឡែក របស់លោក សា​ណុ ប្រធាន​អង្គការ​កុ​កឺ​សៃ ដែល​បាន​ចុះ​កិច្ចព្រមព្រៀងជាមួយ​ក្រសួង​សង្គមកិច្ច ស្តីពី​ជំនួយ​កង់ដល់​កុមារកំព្រា និង​សិស្ស​ក្រីក្រនៅ​កម្ពុជា​។លោក វង សូត បាន​បន្ថែមថា លោក សា​ណុ ប្រធាន​អង្គការ​កុ​កឺ​សៃ បាន​ខិតខំ​អំពាវនាវ និង​កៀរគរ​ជំនួយ​ពី​សប្បុរសជន​នៃ​ប្រទេស​ជប៉ុន ដើម្បី​សម្រួល​ដល់​ការ​លំបាកខ្វះខាត​របស់​កុមារ​កំព្រា និង​សិស្សានុសិស្ស​ក្រីក្រ សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សិក្សា​រៀនសូត្រ ដើម្បី​ក្លាយជា​សិស្សល្អ កូន​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព ដល់សង្គមជាតិ​សម្រាប់​ពេលអនាគត​។កន្លង​មក​ក្រសួង​សង្គមកិច្ច បាន​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ធ្វើ​ការងារ​យ៉ាង​សកម្មពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ ផ្តល់​ការចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​សេវា​សុខភាព ការអប់រំ​រៀនសូត្រ ជាពិសេស​ការគិតគូរដោយ​ផ្តោតទៅលើ​សិទ្ធិទទួលបាន​នូវ​ការអភិវឌ្ឍរបស់​កុមារ។ តាមរយៈ​កិច្ចសហការ​នេះ បានធ្វើ​ឲ្យ​កុមារ​កម្ពុជា ដែល​រងគ្រោះ និង​ងាយ​រងគ្រោះជាច្រើន មានសិទ្ធិសេរីភាពទទួលបាន​ការពារ និង​ទទួលបាន​ឱកាស​ស្មើគ្នាក្នុងការ​រស់នៅ រៀនសូត្រ និងការអភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កុមារ ដែលមាន​អនាគត​ល្អដូច​កុមារ​ដទៃទៀត​។​រដ្ឋមន្ត្រី វង សូត បាន​លើកឡើងថា តាមរយៈ​ការបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ លោក រ៉ូ​មាំ​ង ហ្សា​ក់​គី​យេ ប្រធាន​អង្គការ​ស​កុមារ​អាស៊ី និង​លោក សា​ណុ ប្រធាន​អង្គការ​កុ​កឺ​សៃ បានបង្ហាញ​ពី​ឆន្ទៈបន្ត​ជួយ​ដល់​កុមារកំព្រា និង​សិស្សានុសិស្ស​ក្រីក្រ កំព្រា ដែល​ខ្វះ​មធ្យោបាយធ្វើដំណើរទៅរៀនសូត្រ​។ ​ជាក់ស្តែង ​ដូច​ថ្ងៃនេះកង់​ចំនួន ​៤០០​ គ្រឿង ត្រូវបាន​ផ្តល់ជូនទៅដល់កុមារកំព្រា និង​សិស្សានុសិស្ស​ផងដែរ​។គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៦ ​ហើយដែល​អង្គការ​កុ​កឺ​សៃ ប្រទេស​ជប៉ុន ដែលមាន​លោក សា​ណុ ជាប្រធាន បានផ្តល់​កង់​ជូន​កុមារកំព្រា និង​សិស្សានុសិស្ស ក្រីក្រ ដែល​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​នៅ​កម្ពុជា ដែល​មាន​រហូតមកដល់​ពេលនេះចំនួន ២០,៨៥០​ គ្រឿង ហើយ​ក្នុងនោះក្រសួង​សង្គមកិច្ចទទួលបាន ៨,៨៦០​ គ្រឿង​៕