ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់

បាត់ដំបង​ ៖ ​ ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់ និងពី​ស្ថានីយ​ពោធិ៍សាត់​-បាត់ដំបង ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ នូវ​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពីស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់ និងពី​ស្ថានីយ​ពោធិ៍សាត់​-​បាត់ដំបងនេះ ប្រព្រឹត្ត​ឡើងដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផងដែរ។​ ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នេះមាន​ប្រវែងសរុប ១០៧ គី​ឡូម៉ែត្រ ដែលក្នុងនោះ​ប្រវែង ៧៥ គី​ឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង និងប្រវែង ៣២ គី​ឡូម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់​។​ចំពោះ​ស្ថានីយ​ដែល​ត្រូវ​ឆ្លងកាត់​មាន​ចំនួន ១៦ ស្ថានីយ ដូចជា​ បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំងកេ​សី ស្វាយ​ជាតិ ភ្នំ​ធិបតី គោក​ត្រុំ កោះ​ចារ មោង​ឫស្សី ព្រៃ​ស្វាយ កា​ឡោម​ពុក ស្វាយដូនកែវ បឹង​ខ្នារ ត្រពាំង​ជង ស្នាម​ព្រះ និង​ពោធិ៍សាត់ ក្នុងនោះ​ខេត្តបាត់ដំបងមាន ១១​ ស្ថានីយ និងខេត្តពោធិ៍សាត់មាន ៥​ ស្ថានីយ​។សូមបញ្ជាក់​អោយដឹងថា ផ្លូវដែក​ភាគ​ខាងជើងរាជធានី​ភ្នំពេញ ចាប់ពី​រាជធានី​ភ្នំពេញ រហូតដល់​ក្រុងប៉ោយប៉ែត ព្រំដែន​ថៃ មាន​ប្រវែង​សរុប ៣៨៦ គីឡូម៉ែត្រ ត្រូវបាន​សាងសង់ឡើងអំឡុង​ឆ្នាំ ១៩២៩ ដល់​ឆ្នាំ​ ១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង​។ ក៏ប៉ុន្តែ​ផ្លូវដែក​នេះត្រូវ​ផ្អាក​លែង​ដំណើរការ ដោយសារតែ​សង្គ្រាម​អំឡុង​ឆ្នាំ ​១៩៧០ និង​បន្ត​ដល់​សម័យ​ខ្មែរក្រហម​។​ក្រោយ​ការរំដោះ​ចេញពី​របប​ខ្មែរក្រហម មានការ​ជួសជុល​ស្តារឡើងវិញ ហើយ​ដាក់​ឲ្យ​ដំណើរការរថភ្លើង ភ្នំពេញ​-​ប៉ោយប៉ែត និង ​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ តែ​មិន​ដំណើរការ​ដោយ​រលូន​ទេ។​ យ៉ាងណាក៏ដោយ ក្នុងដំណាក់កាល​ការស្តារ​ឡើងវិញ​នូវ​កំណាត់​ផ្លូវដែក​ពី​ភ្នំពេញ រហូតដល់ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅពេលនេះបាន​ចំណាយ​ថវិកា​ប្រមាណ ៩៦,៦ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះទឹកប្រាក់​ប្រមាណ ១៣ លាន​ដុល្លារ ជា​ជំនួយ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពីនោះជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា៕