ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សម្ពោធ​កាត់​ឫសសីមា​ព្រះវិហារ​ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សារាយ​អ​ណ្តែ​ត ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​ ៖ សម្តេច​វិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ​ឆ្នាំ​ ២០១៨​ នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បញ្ចុះ​កាត់​ឫសសីមា​ព្រះវិហារ ​ និង​ឆ្លង​សមិទ្ធផល​ថ្មី​នានា​នៅក្នុង​វត្ត​សារាយ​អ​ណ្តែ​ត ​ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ប្រគេន​ព្រះសង្ឃ​ និង​ដាក់ជូន​ពុទ្ធបរិស័ទ​គោរព​បូជា ​និង​ចូល​ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។​

លោក​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អាន​បារាយណ៍​សាងសង់​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​បន់ គឺជា​ស្រុក​មួយក្នុងចំណោម​ស្រុក​ទាំងបី​នៃ​ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង ​២០ ម៉ឺន​នាក់ ដែល​ភាគច្រើនប្រកបមុខរបរ​លើ​វិស័យ​កសិកម្ម​ នេសាទ​ និង​អាជីវករ​លក់ដូរ​។ ព្រះវិហារ​ និង​សមិទ្ធផល​ថ្មីខាងលើ​នេះ ​ចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅឆ្នាំ​ ២០០៩​ រហូតមកដល់បច្ចុប្បន្ន ដែលមាន​បណ្តោយ​ប្រវែង​ ២៤​ ម៉ែត្រ ទទឹង​ ១២​ ម៉ែត្រ និង​កម្ពស់ ​១៣.៦០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ​៣៤៨៦០០ ​ដុល្លារ ដែល​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​ព្រះចៅអធិការ គណៈកម្មាធិការ ​អាចារ្យ ពុទ្ធបរិស័ទ ​និង​សប្បុរសជន​ជិត​ឆ្ងាយ​ចូលរួម​កសាង​។មានប្រសាសន៍​ក្នុង​ពិធី​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានអោយដឹងថា ​ការកសាង​ព្រះវិហារ ​គឺជា​ទឹកចិត្ត​របស់​សប្បុរសជនគ្រប់​មជ្ឈដ្ឋាន​ក្នុងការ​កសាង​ ដែល​ចំណាយ​ទាំង​ធន់​ធាន​ និង​សម្ភារៈ​ ជា​ទង្វើ​នាំមក​នូវបុណ្យ​កុសល​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត ​ក៏ដូចជា​ការរួមចំណែក​ក​សាង​សង្គមជាតិ​ ក្រោមការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា​ ទើប​ធ្វើ​ឲ្យប្រទេសជាតិ​ឆ្ពោះទៅរក​វឌ្ឍនភាព​ដ៏រុងរឿង ដូចនេះ​កត្តា​សន្តិភាព​ពិតជា​មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ​ និងអាណាចក្រ​ មានន័យថា បើ​គ្មាន​សន្តិភាព​ក៏​គ្មាន​ការអភិវឌ្ឍន៍​ទាំងនេះ ​គឺជា​កត្តា​សត្យានុម័ត​ដែលយើងទាំងអស់គ្នា​មិនអាច​ប្រកែក​បានឡើយ​។ យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ចូលរួម​ថែរក្សាសន្តិភាព​ដ៏ល្អ​ផូរផង់ ​ដែល​យើង​ទទួលបាន​ដោយ​លំបាក​ជាទីបំផុត​នេះ​ ឲ្យ​បាន​ស្ថិតស្ថេរគង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ​កុំ​ឲ្យ​ជួប​វិបត្តិ​ទុក្ខភ័យ​មហន្តរាយ​នានាដែល​កើតឡើង​ដោយសារ​សង្គ្រាម​កើតឡើង​បន្តទៀត​។​​សម្តេច​បានបញ្ជាក់​បន្ថែម​ថា ​ដើម្បី​រក្សាសុខ​សន្តិភាព ​និង​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស​ផ្នែក​ព្រះពុទ្ធសាសនា​ និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ ហើយ​ចាត់ទុកជា​សាសនារបស់​រដ្ឋ​ និង​ដោយ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​កែលំអ​នៅតាម​បណ្តា​វត្ត​អារាម​នានា​ក្នុង ស្រុក ក្រុង ​ខេត្ត​ មានការ​រី​ចម្រើន ហើយ​ក្នុង​ពិធី​នោះ​ក៏មាន​ការបំពាក់មេ​ដាយគ្រឿង​ឥស្សរិយយស​ជូន​ដល់ព្រះសង្ឃ និង​សប្បុរសជន​នានា​ផងដែរ​៕​