ព័ត៍មានទាន់​ហេតុការណ៏
Search

ឈួន ​រិទ្ធី សាក​ជាមួយ ​វង្ស វិឆ័យ,លន បញ្ញា ជួប ឯម សុធី នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ ឈួន រិទ្ធី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ផ្គងឲ្យ​ជួប​ប្រកួត​ជាមួយ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នា​រសៀល​ថ្ងៃទី​០២​ ខែមិថុនា ឆ្នាំ២០១៨​ នេះនៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

​ឈួន រិទ្ធី អតីត​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង បាន​លេច​មុខមក​សាជាថ្មី​ម្តងទៀត ក្រោយពី​ចាញ់​ក្រោមកណ្តាប់ដៃ ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៣​ ឧសភា ២០១៨ ​កន្លងទៅនេះ។ រិទ្ធី ជា​អ្នក​ប្រដាល់​ម្នាក់​ដែលមាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង ពិសេស​កណ្តាប់ដៃ ​និងកែង​របស់គេ។ ប៉ុន្តែ​ជាមួយ​នឹងមាន​ថ្វីដៃ​ល្អ ឈួន រិទ្ធី មានចិត្ត​ប្រដាល់​តូច​ទៅវិញ។​

ទោះជាយ៉ាងណា ជួប​ប្រកួត​ជាមួយ ​វង្ស វិឆ័យ​ លើក​នេះ ឈួន រិទ្ធី ក៏​រឹតតែ​ពិបាក​ក្នុង​ការសង្ឃឹម​ឈ្នះ វិឆ័យ​ ដែរ ព្រោះថា ​វង្ស វិឆ័យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ មានបទពិសោធន៍​និងល្បិចកល​ប្រកួត​ច្រើន។ ការប្រកួត​ចុងក្រោយ​របស់ ​វង្ស វិឆ័យ (០៤ ​កុ​ម្ភៈ ​២០១៨) ក៏​វាយ​ចាញ់ ឯម ឡេង​លី ដោយ​ពិន្ទុ​ដែរ។ សម្រាប់​ការជួបគ្នា​រវាង​ ឈួន រិទ្ធី និង វង្ស វិឆ័យ នេះគេ​មិន​ហ៊ាន​ទាយ​ថា​ នរណា​ឈ្នះ នរណា​ចាញ់នោះឡើយ?។ ​ពួកគេ​ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៧០ ​គីឡូក្រាម។

​លន បញ្ញា អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយជើងចាស់ ​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៥៧ គីឡូក្រាម។ ពីរ​នាក់​នេះក៏​មិន​ធ្លាប់​ដែល​ជួបគ្នា​ដែរ​កន្លងមក។​

អ្នក​ប្រដាល់​ស្រករលោយ​ ​លន បញ្ញា នេះជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់​ខ្លាំង និង​មាន​កម្លាំង​ស៊ុហ្វ​រឹងមាំ។ គេ​ប្រកួត​ចុងក្រោយ​នេះវាយ​ចាញ់ ​ធន មករា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​។ ​ទោះជា​យ៉ាងណា ជួប​ជាមួយ ឯម សុធី ដែលជា​អ្នកប្រដាល់​ជើងចាស់​នោះ លន បញ្ញា រាង​យ៉ាប់​ដែរ។​ ប៉ុន្តែ​ ឯម សុធី ក៏​មិនសូវ​ទៀងទាត់​ប៉ុន្មាន​ដែរ ដែល​ការប្រកួត​របស់គេ ជួន​ល្អ ជួន​អន់។​ សុធី​ ប្រកួត​ចុងក្រោយវាយ​ចាញ់ ​ផាន ផាត់​យុទ្ធ អ្នកប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ។ សម្រាប់​ការជួប​ប្រកួត​ជាមួយ​ លន បញ្ញា​ លើក​នេះ ពុំដឹងថា​ ឯម សុធី អាច​វាយ​ឈ្នះ​ លន បញ្ញា បាន​ឬ​អត់​នោះទេ ?​។
​​ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​ឆាយ មាស អ្នកប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម។ អ្នកប្រដាល់​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​ពីមុនមក។​

​ឆាយ មាស ជា​អ្នក​ប្រដាល់​ចាស់វស្សា​ហើយ គេ​មាន​ក្បាច់គុន​ល្អ ទិច​និ​ក​ប្រកួត​ច្រើន តែ​គេ​អន់កម្លាំង​ស៊ុ​ហ្វ ដោយសារ​គេ​មាន​វ័យ​ច្រើន​ហើយ។ ការប្រកួត​ចុងក្រោយ​នេះ ឆាយ មាស វាយចាញ់​ក្មេង​ស្រករ​ក្រោយ គឺ​ ម៉ឺន មេឃ ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៩ ​ឧសភា កន្លងមកនេះ។

ចំណែកការប្រកួត​ចុងក្រោយ​របស់ ​ងួន គា ​វិញគេ​ក៏​វាយ​ចាញ់​ក្មេង​ស្រករ​ក្រោយ​ដែរគឺ​ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។ យ៉ាងណា​ ងួន គា​ នេះ​មិន​ងាយ​ចាញ់ដោយ​ស្រួលៗ​នោះឡើយ។ ងួន គា គេ​វាយ​ខ្លាំង​មិនចេះ​ញញើត​អ្នកណា​នោះឡើយ បើសិនជាជួប​ដៃគូ​ខ្លាំង នោះ ងួន គា នឹង​ហ៊ាន​ប្តូរ​មិន​ខាន។ ចាំមើលរវាង ​ងួន គា និង ឆាយ មាស​នេះ តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ។

​ចាន់ សុ​ខៃ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិបអង្គរ​ធំគុន​ខ្មែរ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម។ ​ពួកគេ​ទាំងពីរ​នេះជា​អ្នក​ប្រដាល់​ស្រករក្រោយ​ដូចគ្នា។ ​ដូច្នេះ​សម្រាប់​ការជួបគ្នា​នេះ មិនដឹងថា​នរណា​ឈ្នះ​នោះទេ?៕