ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអ៊ូឌីត ​ត្រៀម​ដាក់បញ្ចូល​ការ​យាយី​ផ្លូវភេទ ​ឲ្យ​ក្លាយទៅជា​រឿង​ខុសច្បាប់

មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​នេះ ​កំពុងតែ​ត្រៀម​ដាក់​ការ​យាយី​ផ្លូវភេទ​ឲ្យ​ក្លាយទៅជា​រឿង​ខុសច្បាប់​។ វិធានការ​នេះ​ បាន​កើតឡើង​តិច​ជាង​មួយ​ខែ​មុន​ពេល​ប្រទេស​អភិរក្ស​មួយ​នេះ ​ដក​បំរាម​រយៈពេល​ជាច្រើន​ទសវត្ស​របស់​ខ្លួន​លើ​ស្ត្រី​ដែល​បើកបរ។

ក្រុមប្រឹក្សា Shura របស់​អារ៉ាប៊ីសាអ៊ូឌីត​ ដែលជា​អ្នកផ្តល់យោបល់​ដល់​គណៈ​រដ្ឋមន្ត្រី​បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​នឹង​ណែនាំ​ទោស​ជាប់ពន្ធនាគារ​រហូតដល់​ប្រាំ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០០,០០០​រី​យ៉ា​ល់ (៨០,០០០​ដុល្លារ​)​។​

សមាជិក​ក្រុមប្រឹក្សារដ្ឋ Shura លោក Latifa al-Shaalan ត្រូវបាន​គេ​ដកស្រង់​សម្តី​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន​ថា “​សេចក្តីព្រាងច្បាប់​នេះ​គឺជា​ការបន្ថែម​ដ៏​សំខាន់​ទៅនឹង​ប្រវត្តិ​នៃ​បទបញ្ជា​នៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​”​។​

បំរាម​បើកបរ​លើ​ស្ត្រី​ត្រូវបាន​គេ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើ​សេរីភាវូបនីយកម្ម​សាធារណៈ​ដែល​ជំរុញ​ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman ។​

ព្រះអង្គ​ក៏បាន​ដក​បំរាម​ពាក់ព័ន្ធ​នឹង​រោងកុន អនុញ្ញាត​ឲ្យ​មានការ​ប្រគំ​តន្ត្រី​ចម្រុះ​ភេទ​និង​កាត់បន្ថយ​អំណាច​របស់​ប៉ូលិស​សាសនា​ដែល​គេ​កោតខ្លាច​ជា​យូរអង្វែង​មកហើយ​ផងដែរ​។​

ប៉ុន្តែ​កំណែទម្រង់សង្គម​នេះ​ហាក់ដូចជា​ត្រូវបាន​ញាំញី​ដោយ​ការចាប់ខ្លួន​សកម្មជន​យ៉ាងតិច​១១​នាក់​ដែល​ភាគច្រើន​ត្រូវបាន​កំណត់ដោយ​ក្រុម​សិ​ទិ្ធ​មនុស្ស​ថា​ជា​នារី​ធ្វើ​យុទ្ធនាការ​ជើងចាស់​សម្រាប់​សិទ្ធិ​ក្នុងការ​បើកបរ​និង​ដើម្បី​បញ្ចប់​ប្រព័ន្ធ​អាណាព្យាបាល​បុរស​របស់​ប្រទេស​នេះ​។​

អាជ្ញាធរ​បាន​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ថា “​មាន​ទំនាក់ទំនង​ដ៏​សង្ស័យ​ជាមួយ​ភាគី​បរទេស​”, ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់ “​សត្រូវ​” និង​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូច​ដល់ “​សន្តិសុខ​និង​ស្ថេរភាព​” របស់​ប្រទេស​។​

របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានដាក់​ចាត់ទុក​អ្នក​ជាប់ឃុំ​មួយចំនួន​ថា​ជា “​ជន​ក្បត់ជាតិ​” និង “​ភ្នាក់ងារ​ស្ថានទូត​”​។​

ក្រុម​សកម្មជន​និង​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយថា សកម្មជន​ដែល​ត្រូវបាន​ឃុំខ្លួន​យ៉ាងតិច​៤​នាក់​ត្រូវបាន​ដោះលែង​វិញ​កាលពី​សប្តាហ៍​មុន​ប៉ុន្តែ​ជោគវាសនា​របស់​អ្នក​ដទៃទៀត​នៅតែ​មិនទាន់​ច្បាស់លាស់​៕ AFP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114