ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាបនា​ស្ពាន​ថ្មី​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៧៨F ​ឆ្ពោះទៅកាន់​តំបន់​ទេសចរណ៍​

​ស្ទឹងត្រែង៖ ស្ពាន​ថ្មី​ ​​​​ត​ភ្ជាប់​ផ្លូវ​លេខ​៣៧៨F​ ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​បុប្ផា​ភ្លុក ​ក្នុង​សង្កាត់ស្រះ​ឫស្សី ​ក្រុង​ខេត្ត​ស្ទឹងត្រែង ​ត្រូវ​បាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ ស្ថាបនា​ជា​ស្ពាន​មេ​តុង​ថ្មី​ឲ្យ​ខ្ពស់​និង​ធំ​ជាង​ស្ពាន​ចាស់ ​ដែល​ពីមុន​ទាប​តូច​ចង្អៀត ពិបាកធ្វើ​ដំណើរ​ទៅមក​ ហើយ​ស្ពាន​នេះ​គ្រោង​បញ្ចប់​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ។

លោក​ ស ​គឹម​ណាត​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បញ្ជាក់​ថា នេះ​ដោយសារ​តែស្ពាន​ចាស់​រង​ការខូចខាត​ធ្ងន់ធ្ងរ កាលពី​ឆ្នាំ​ ២០១៣-២០១៤​ ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​លិច​ផ្ទួនៗ​ ហើយ​ជា​ស្ពានឈើ​ផង​ ដែលវា​ងាយ​នឹង​បាក់​ខូច​នៅ​រដូវវស្សា ដែលតម្រូវ​ឲ្យ​សាងសង់​ថ្មី។

លោក​បង្ហាញ​ថា ​ស្ពាន​ថ្មី​នេះ​ អាច​ផ្តល់​លទ្ធភាព​បាន​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​រមណីយដ្ឋាន​ជួរ​ចាប បុប្ផា​ភ្លុក និង ប្រាសាទ​គូ ផង និង​អាច​ទៅកាន់​តំបន់​វា​រី​អគ្គិសនី​សេសាន​ក្រោម​២ បាន​ដោយ​មិនបាច់​ប្រើប្រាស់​ទូក​ កាណូត ហើយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្លុក ឃុំ​សាមឃួយ ​ឃុំ​ស្រែគរ​ ស្រុក​សេសា​ន ក៏អាច​ចេញចូល​បាន​តាមផ្លូវ​នេះ​ដែរ ដែល​វា​ងាយ​បំផុត ជិត​បំផុត គឺខាង​ឃុំ​ភ្លុក​ និង​ឃុំផ្សេងទៀត​​ដែល​ត្រូវ​មក​ស្រុក​ផ្សេងៗ​​ មក​ផ្សារ អាចប្រើរយៈពេលលឿនមិនបាច់​ទៅតាម​ផ្លូវជាតិ​លេខ​៧៨ទេ​ ហើយ​កសិករ​ដឹក​កសិផល​តា​ម​ផ្លូវ​ហ្នឹង​បាន​លឿន​ផង​ដែរ។​

លោក ​នូ​ សុ​វណ្នា ​អនុប្រធាន​ការិយាល័យ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​បញ្ជាក់​ថា ការរៀបចំ​ផ្លូវ ស្ពាន ​បានល្អនៅក្នុង​ឃុំ​សង្កាត់ មិន​មែនមាន​ផលប្រយោជន៍​មួយ​មុខ​សម្រាប់ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​នោះទេ គឺ​ភូមិ ឃុំ​ សង្កាត់ ស្រុក ​ក៏​មាន​សោភណភាព​ស្អាត ហើយ​ប្រជាពលរដ្ឋ​ក៏​ទទួល​បាន​ផល​យោជន៍​ពី​ផ្លូវ​ស្ពាន​នេះ​ផង​ដែរ។ លោក​ថា​ ​ស្ពាន​នេះ​ ក្រុម​ការងារ​ បាន​ប្រឹងប្រែង​ចាក់​គ្រឹះ​ក្រោម​ឲ្យ​ហើយ​នៅ​ខែមិថុនា​ខាងមុខនេះ​ ដើម្បី​យើង​ងាយស្រួល​សាងសង់​តួ​ស្ពាន​ទាំងមូល ព្រោះ​ព្រែក​អូរ​ខ្លុង​នេះ ទឹក​ទន្លេ​សេសាន​ហូរ​ចូល​មក​ខ្លាំង​នៅ​ខែ​វស្សា។

​សូមបញ្ជាក់ថា ​ស្ពានបេតុង​ថ្មី​ព្រែក​អូរ​ខ្លុង​ មាន​ប្រវែង​បណ្តោយ ​៣៦​ ម៉ែត្រ​ ទទឹង​ ៨​​ ម៉ែត្រ ​ដែលក្រុមបច្ចេកទេសមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​ ​ហើយ​គ្រោង​បញ្ចប់​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ត្រូវ​ចំណាយ​ថវិកា​ជាតិ​ចំនួន​ ១០០០​ លាន​រៀល៕​