ព័ត៍មានទាន់​ហេតុការណ៏
Search

ការចាត់វិធានការ​​ “ចំពោះអ្នកដែល​បំផ្លិច​បំផ្លាញ ដំណើរការ​បោះឆ្នោត” ​មិនមែនជាការ “​រំលោភសិទ្ធិ” ​នោះទេ​

លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC) បាន​និយាយថា ​ការដាក់​បញ្ជា​របស់​ក្រសួងមហាផ្ទៃ ​ដែល​នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​ អំពាវនាវ​មិនឱ្យ​ប្រជាជន​ទៅ​បោះឆ្នោត និង​ការស្នើ​របស់ គជប ទៅកាន់​ក្រសួងមហាផ្ទៃ ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់  ចំពោះ​សកម្មភាព​ទាំងឡាយ​ របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម ​ដែល​ល្មើសច្បាប់ ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​សិទ្ធិ សេរីភាព​ នៃ​ការបញ្ចេញមតិ​។​

«​ច្បាប់​មិនបាន​ចែង​ច្បាស់ ហើយ​វា​អាស្រ័យទៅលើ​ការបកស្រាយ​។ យើង​ចាំមើល តើ​ក្រសួងមហាផ្ទៃ​ គេ​ចាត់វិធានការ​យ៉ាងម៉េច​ ចំពោះ​សំណើ គ​.​ជ​.​ប​។ វា​ធ្វើឱ្យប៉ះពាល់​ដល់​សិ​ទិ្ធ​បញ្ចេញមតិ អាហ្នឹង​ហើយ​ជាការ​សំខាន់​។ គ្រាន់តែ​សម្តែង​មតិ ​វា​ជា​បទល្មើស​។​» លោកនាយក​ប្រតិបត្តិ​អង្គការ និ​ច​ហ្វិ​ក ត្រូវបាន​ដកស្រង់​សម្តី​ ដោយ​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន មាន​សារៈ​សំខាន់បំផុត​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ជាពិសេស​នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ ការបញ្ចេញមតិ និង​ផ្សព្វផ្សាយ​ព័ត៌មាន ប្រកបដោយ​ទទួលខុសត្រូវ និង​ស្របតាម​វិជ្ជាជីវៈ​សារព័ត៌មាន នឹង​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​កម្ពុជា​ដំណើរការ​ទៅ កាន់តែ​ល្អប្រសើរ​។

​ទន្ទឹមនឹងនេះ នៅក្នុង​អំឡុងពេល​បោះឆ្នោត ប្រជាពលរដ្ឋ​ចាំបាច់ ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ អំពី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​កម្មវិធី​នយោបាយ​របស់គេ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ ឱ្យបាន​ត្រឹមត្រូវ ក្នុងការ​បោះឆ្នោត ​ជូន​គណបក្ស​ដែល​គេ​ពេញចិត្ត​។​

​ទោះបីជា​យ៉ាងណា ការបញ្ចេញមតិ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ទុ​ច្ច​ចិត្ត ដែល​អាច​បង្ក​វិទ្ធង្សនា (ការ​បំផ្លិច​បំផ្លាញ) ​ដល់​សង្គម និង​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត មិនមែនជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ឬ​របស់​អ្នកសារព័ត៌មាន​ គ្រប់​ប្រភេទ​នោះដែរ​។ លើសពីនេះទៅទៀត ការអំពាវនាវ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត រឹងតែ​ជា​ទង្វើ​ប្រាស់ចាក​ពី​ច្បាប់ និង​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ​ទៀតផង​។​

​ម្យ៉ាងវិញទៀត នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ប្រជាពលរដ្ឋ​ណា​ម្នាក់ ​ដែល​មិន​ទៅ​បោះឆ្នោត ​អាច​ទទួលរង​នូវ​ការផាកពិន័យ​ផង កុំថាឡើយ​ដល់​ទៅធ្វើ​ការអំពាវនាវ ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​។​

​គួរ​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ ​អចិ​ន្រៃ្ត​យ៍​សម្រាប់​ការបោះឆ្នោត បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ ឱ្យ​ទប់ស្កាត់​ឧបាយកល​ពិសពុល​ របស់​ក្រុមប្រឆាំង ព្រមទាំង​ធ្វើការ​បង្ក្រាប និង​ចាត់វិធានការ​ផ្លូវច្បាប់ ​រាល់​សកម្មភាព​ទាំងឡាយណា ​ដែល​រារាំង និង​ចង់​បំផ្លិចបំផ្លាញ ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​ស្របគ្នា​នេះដែរ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ក៏បាន​ស្នើឱ្យ​ក្រសួងមហាផ្ទៃ ​ចាត់វិធានការ​ចំពោះ​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​ព័ត៌មាន​សង្គម ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត ​រារាំង​ដំណើរការ​បោះឆ្នោត​។​

​បទបញ្ជា​នេះ ត្រូវបាន​ដាក់ចេញ កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៨ ​នៅក្នុង​កិច្ចប្រជុំ​នៅក្នុង​ក្រសួងមហាផ្ទៃ​ ស្ដីពី​លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​ ដែលមាន​ការចូលរួម​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង នាយ​ឧ​ត្ត​ម​សេនីយ៍ ​នគរបាលជាតិ​ជាន់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍​ ទាហាន​ជាន់ខ្ពស់ អភិបាលខេត្ត​នានា និង​ប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង​បាន​និយាយប្រាប់​អង្គប្រជុំ​ថា ក្រុម​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ព្រមទាំង​អ្នកតស៊ូ​មតិ​លម្អៀង​មួយចំនួន​ ដែល​ធ្លាប់តែ​គាំទ្រ​អតីត​គណបក្សប្រឆាំង បាន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស ដើម្បី​បំភ្លៃ​ការពិត​ សំដៅ​បញ្ចុះបញ្ចូល​បរទេស​ឱ្យ​ដាក់​សម្ពាធ ឬ​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជាពិសេស​ពួកគេ​កំពុង​ប្រឹងប្រែង ​ធ្វើ​សកម្មភាព​បំផ្លាញ​ដំណើរការ​បោះឆ្នោត​ នៅ​កម្ពុជា​តែម្តង​។​

«​ដើម្បី​ទប់ស្កាត់ ​ឧបាយកល​ពិសពុល​ទាំងនេះ យើង​ត្រូវ​វាយតម្លៃ​ឱ្យបាន​ហ្មត់ចត់​ គ្រប់​ជ្រុងជ្រោយ​សំដៅ​ព្យាករណ៍​ជាមុន ​នូវ​ហេតុការណ៍​បង្ក​គ្រោះថ្នាក់ ​ដែល​ក្រុមប្រឆាំង​អាចធ្វើ​សកម្មភាព​ បំផ្លាញ​ដំណើរការ​បោះឆ្នោត​​ ជ្រើសតាំង​តំណាងរាស្ត្រ​ តាម​ការវាយតម្លៃ​ មាន​ឧបាយកល សកម្មភាព​ចំនួន ៦ ដែល​ពួកគេ​បាននឹងកំពុង​បន្ត ធ្វើ​សកម្មភាព​ដូចជា ការ​បំផុស​មិនឱ្យ​ប្រជាពលរដ្ឋ ​ចូលរួម​បោះឆ្នោត​, ការរារាំង​បង្កើត​គណបក្ស​ថ្មីៗ, ការរារាំង​គណបក្ស​នានា​ មិនឱ្យ​ចុះបញ្ជី​ ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​, បញ្ចុះបញ្ចូល​បរទេស​ មិនឱ្យ​ផ្តល់ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​បោះឆ្នោត​, ឃោសនា​បញ្ចុះបញ្ចូល​ប្រទេស​នានា និង​សមាគម​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ មិនឱ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​, បង្ក​សកម្មភាព​អុកឡុក​ បំពុលបរិយាកាស​សន្តិសុខ ចាប់ពីពេលនេះ​ រហូតដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ថ្ងៃ​បោះឆ្នោត និង​រហូត​ដល់ពេល​ប​ង្កើ​ត​រដ្ឋាភិបាល​ថ្មី​។​» កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ បាន​ស្រង់​សម្តី​សម្តេច​ក្រឡាហោម ពេល​ថ្លែង​ទៅកាន់​អង្គប្រជុំ​។​

​ជាការ​ពិតណាស់ ដូច​សម្ត​ច​ក្រឡាហោម ​បានលើកឡើង​៖ «(​កម្ពុជា ចាំបាច់​) ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ រាល់​បទល្មើស​គ្រប់​ប្រភេទ ​ក៏ដូចជា​រាល់​ឧបាយកល​ពិសពុល ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ ​រៀបចំ​ការបោះ​ឆ្នោត​ឱ្យបាន​គ្រប់​រូបភាព​ សំដៅ​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អព្យាក្រឹត ធ្វើឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​ នៃ​លទ្ធិប្រជាធិបតេយ្យ​ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​អំពើហិង្សា​។​»

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា​៖ «​គណៈបញ្ជាការ​ឯកភាព​ រដ្ឋបាល​រាជធានី និង​ខេត្ត​ គឺជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ ដែលមាន​សមត្ថកិច្ច​យ៉ាងសំខាន់​ ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​សភាពការណ៍​ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សរុប វិធាន​ការសរុប និង មធ្យោបាយ​សរុប​ ដើម្បី​ធានា​បរិមាណ​កម្លាំង​ឱ្យបាន​គ្រប់គ្រាន់​ តាម​ផែនការ​កំណត់​សម្រាប់​ ផ្តល់សេវា​សន្តិសុខ គ្រប់​ដំណាក់កាល​ នៃ​ការរៀបចំ​ការបោះឆ្នោត​ទាំងមូល ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ ​សមស្រប​រួម​នឹង​ការចាត់វិធានការ​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​រាល់​បញ្ហា​ទំនាស់ ឬ បាតុភាព​នានា​ នៅ​គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​បោះឆ្នោត​។ ត្រូវមាន​វិធានការ​បង្ក​ទប់ស្កាត់​ជាមុន និង​ចាត់ចែង​ប្រើប្រាស់ ​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ ឱ្យបាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​ នូវ​រាល់​ហេតុការណ៍​ដែល​កើតឡើង​ ជាពិសេស​អំពើ​ប្លន់​ប្រដាប់អាវុធ ឃាតកម្ម ការប្រើ​ហិង្សា ឬ​បាតុភាព​ដែល​បង្កឱ្យមាន ​ភាព​បាត់​បង់​របៀបរៀបរយ​សាធារណៈ​។​»

​ទន្ទឹមនឹងនេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​​ រៀបចំ​ការបោះឆ្នោត បានស្នើ​ក្រសួងមហាផ្ទៃ​ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ចំពោះ​សកម្មភាព​ទាំងឡាយ​ របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​ព័ត៌មាន​សង្គម ​ដែល​ល្មើសច្បាប់ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត​ ដែល​រារាំង​ប្រជាពលរដ្ឋ​ ដែលមាន​សិទ្ធិ​បោះឆ្នោត​ មិន​ឱ្យទៅ​បោះឆ្នោត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ​ នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​

«​ខ្ញុំ​សូម​គណៈបញ្ជាការ​សន្ដិសុខ​អចិ​ន្រៃ្ត​យ៍​ មាន​វិធានការ​ចំពោះ​សកម្មភាព​ទាំងឡាយណា​ របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម ​ដែល​ល្មើសច្បាប់ ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត​ ក្នុង​គោលបំណង​រារាំង ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ មិនឱ្យ​ទៅ​បោះឆ្នោត​, រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ​ មិនឱ្យ​ឃោសនា​តាម​ការកំណត់ ​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការសម្ងាត់ ​នៃ​ការបោះឆ្នោត​, ធ្វើឱ្យមាន​ការភាន់ច្រឡំ ​នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​បង្ក​ការរំខាន មិនឱ្យ​ដំណើរ​បោះឆ្នោត​បាន​។​» លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយ​។​

​គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នោះដែរ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អគ្គស្នងការ​នគរបាល​ជាតិ បាន​ត្រៀម​កងកម្លាំង​ប្រមាណ​៦​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ នៅក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។

«​សម្តេច ស ខេង ក៏បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច ​យើង​យកចិត្តទុកដាក់​ក្តាប់​ឱ្យបាន​សកម្មភាព ញុះញង់ បំផុសបំផុល និង​រារាំង​ប្រជាជន​មិនឱ្យ​ទៅ​បោះឆ្នោត ​ពីព្រោះ​ច្បាប់​បានចែង​ថា ​ទង្វើ​នេះ​ខុសច្បាប់ ដូច្នេះ​យើង​ត្រូវ​ក្តាប់​ឱ្យបាន​ថា នរណា​ធ្វើអំពើ​ខុស​បែបនេះ ហើយ​យើង​ក៏មាន​វិធានការ​ផ្លូវច្បាប់​ ដែរ​នៅពេលដែល​យើង​មាន​ឯកសារ​គ្រប់គ្រាន់​។​» លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​និយាយ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​ការកោតសរសើរ ​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ដែល​បាន​ត្រៀម​រៀបចំ​សន្តិសុខ​ យ៉ាង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ឱ្យ​ដំណើរការ​បោះឆ្នោត ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មិនមាន​ការរំខាន​នោះ​។​

​នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី ក៏​សូម​លើកទឹកចិត្ត​ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ និង​អ្នកសារព័ត៌មាន ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​របស់ខ្លួន ក្នុង​លក្ខណៈ​វិជ្ជមាន ដោយ​ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចៀសវាង​បង្ក​វិទ្ធង្សនា ​ដល់​ដំណើរការ​បោះឆ្នោត និង​ប៉ះពាល់​ដល់​សុខសន្តិភាព នៅក្នុង​ប្រទេស​កម្ពុជា​៕ (បទ​វិចារណ​ថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)​