ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​សព​មនុស្ស​ដេកស្លាប់នៅ​កណ្តាល​សួន​សាធារណៈ​

បាត់ដំបង ​៖ បុរស​វ័​យប្រមាណ​ ៤០ ​ឆ្នាំម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​នាគ​បាញ់​ទឹក​កណ្តាល​ក្រុង​បាត់ដំបង ដោយ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​បុរស​រូប​នេះឡើយ ដោយ​គ្រាន់តែ​ដឹងថា គេ​ជា​ជនអនាថា​ដែល​រស់​នៅតាម​បណ្តោយ​មាត់ច្រាំង​ស្ទឹង​សង្កែ​តែប៉ុណ្ណោះ។​

​ការប្រទះឃើញ​សព​មនុស្ស​ស្លាប់​នេះ គឺ​នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៨ នៅត្រង់ចំណុច​សួនច្បារ​នាគ​បាញ់​ទឹក ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ជនរងគ្រោះ​ម្នាក់នេះត្រូវបាន​ប្រភព​ជាច្រើន​និយាយថា គឺជា​ជន​អនាថា។​

​បុរស​រូបនេះមានអាយុ​ប្រហែល​ជាង ៤០ ឆ្នាំ (​មិន​ស្គាល់​សាវតារ​) ដោយសារតែ​ម្តុំ​នេះ​មាន​ជនអនាថាជាច្រើន​គ្រួសារបានមក​រស់នៅ​តាម​មា​ត់​ច្រាំង​ស្ទឹង​សង្កែ និង​មាន​មុខរបរ​ដើរ​សុំទាន​តាមសួន​សាធារណៈ និង​តាម​កន្លែង​លក់​ចំណីអាហារនៅពេល​យប់​ ហើយ​ប្រភព​មួយចំនួន​ក៏បាននិយាយថា បុរស​រូបនេះ​ទំនងជា​មាន​ជំងឺ​ប្រចាំកាយ​ ហើយក៏​ជា​មនុ​ស្សញៀន​សុរា​ផងដែរ។​

​បច្ចុប្បន្ន​សាកសពបុរស​រូបនេះ​ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​យកទៅ​បូជា​នៅ​វត្ត​ដំរី​ស​ហើយ ដោយសារតែ​គ្មាន​សាច់​សារ​លោហិត និង​ញាតិមិត្ត​ឯណា​មក​ទទួលយក​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114