ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​បរិស្ថាន​ខេត្តរតនគិរី ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ដឹកឈើ​ពីរ​គ្រឿង រួច​ដោះលែង​វិញទុក​តែឈើ ៦២ ​កំណាត់​

រតនគិរី ​៖ ​មន្ត្រី​បរិស្ថាន​ បាន​ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ដឹកឈើ​បាន​ ២ ​គ្រឿង បន្ទាប់ពី​សារព័ត៌មាន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បរិស្ថាន ដែល​ឈើ​ទាំងនោះគឺ​ឈ្មួញដឹកជញ្ជូន​ចេញពី​តំបន់​ឧទ្យាន​ជាតិ​អនុរក្ស​ស្រុក​អូរ​យ៉ា​ដាវ ខាង​បរិស្ថានបាន​ចាប់​ក្នុងបទល្មើស​ដឹកជញ្ជូន​ឈើ​ជាក់ស្តែង​នៅ​ចំណុច​ផ្លូវបំបែក ស្ថិតនៅ​ក្នុងភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ា​ដាវ កាលពី​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ ក្រោយមក​ក៏បាន​ដោះលែង​វិញ។​

​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ​នេះថា លោក​គ្រាន់តែ​ឮ​មន្ត្រី​បរិស្ថាន​ចាប់​រថយន្ត​ដឹកឈើ​បាន ​២ ​គ្រឿង តែ​មិនទាន់ឃើញ​របាយការណ៍​ណាមួយ​បញ្ជូនមក​ឲ្យ​ទេ ហើយ​ការចាប់​និង​ដោះលែង​នោះ​ក៏​លោក​មិនបានដឹង​ដែរ​។​

​លោក ជា ពេជ្រ បាន​បន្តថា ហើយ​មួយវិញទៀត​ការដោះលែង​រថយន្ត​ដឹកឈើ​នោះ សារព័ត៌មាន​បាន​តេ​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​ករណី​មន្ត្រី​បរិស្ថាន​បាន​ដោះលែង​រថយន្ត​ដឹកឈើ​ ២ ​គ្រឿងទាំងនោះ ចំណែក​ខាង​មន្ត្រី​បរិស្ថាន​មិនបាន​រាយការណ៍​ថា បាន​ចាប់​រថយន្ត​ដឹកឈើ​ ២​ គ្រឿងនៅ​ចំណុច​ខាងលើ​នោះដែរ ហើយ​មិនបាន​លាយលក្ខណ៍​ជា​អក្សរ​នោះទេ។ ករណីនេះ​លោកមិនទាន់​ធ្វើការ​កោះហៅ​មន្ត្រី​បរិស្ថាន​ទាំងនោះ​នៅឡើយ​ ហើយមន្ត្រីនគរបាល​យុត្តិធម៌ គឺមាន​ករណីបង្ក្រាប​បទល្មើស​ត្រូវតែ​រាយការណ៍​មក ឬក៏​មានការ​យឺតយ៉ាវ​ក្នុងការ​រាយការណ៍​មក ហើយលោក​មិនទាន់​ធ្វើ​អី​ទេ ក្នុងការ​កោះហៅ​មក​សួរនាំក្នុងករណី​ដោះលែង​រថយន្ត​ដឹកឈើ​ ២ ​គ្រឿង​នេះ មិនទាន់​អញ្ជើញ​មក​សួរនាំ​នៅឡើយ​ដែរ​។​

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សារព័ត៌មានយើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​​មិនអាច​ទំនាក់ទំនង​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114