ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ណែនាំ​អោយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់ អនុវត្ត​​​ការងារ​កុំ​ដុត​អោយ​ខ្លោច​រោច​អោយ​ឆៅ​

​ភ្នំពេញ ​៖​ អភិបាលរង​រាជធានី​ភ្នំពេញ​ លោក​ មាន ចាន់​យ៉ា​ដា បាន​ធ្វើ​ការណែនាំ​អោយកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ទាំងអស់ ត្រូវអនុវត្ត​​ការងារ​អោយបាន​ល្អ ក្នុង​ការរក្សាសន្តិសុខ​ និង​សណ្តាប់ធ្នាប់​អោយបាន​ល្អ ពោលគឺ​កុំអោយ​ដូច​ពាក្យចាស់​លោក​ពោលថា «​កុំ​ដុត​អោយ​ខ្លោចរោច​អោយ​ឆៅ​»​។ការណែនាំ​​របស់លោក​អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បានធ្វើ​ឡើងកាលពី​រសៀល​ថ្ងៃទី​៣០ ឧសភា ២០១៨ ក្នុង​កម្មវិធី​បញ្ចប់​អង្គសិក្ខាសាលា​ស្តីពី​គោលការណ៍​មនុស្សធម៌ ក្នុង​សកម្មភាពវិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​ន៍ច្បាប់​នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​កម្មវិធី​នេះមានការ​ចូលរួមពីលោកស្រី​ ហួន ច័ន្ទ​បូរ៉ា នាយិកា នាយកដ្ឋាន​ទំនាក់ទំនង​នៃ​កាកបាទក្រហមកម្ពុជា​ លោក John Erik Jessen​ ប្រតិភូ​ផ្នែកន​គ​របាល​ប្រចាំ​ ICRC ​នៅ​ទីក្រុង​បាងកក ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ និង​លោក​ Peter ElkJaer​ ប្រតិភូ​ផ្នែកន​គ​របាល​ប្រចាំ ​ICRC​ នៅ​ទីក្រុង​បាងកក ដែលជា​គ្រូបង្វឹក​ក្នុងកម្មវិធី​នេះ និង​មានការ​ចូលរួម​ពី​កងសន្តិសុខ​មកពី​រដ្ឋ​បាល​ខណ្ឌ​ទាំង​ ១២ ​ចំណុះអោយ​រដ្ឋបាលរា​ធានី​ភ្នំពេញ​រាប់សិប​នាក់​។

លោក​ មាន ចាន់​យ៉ា បាន​មានប្រសាសន៍​លើកឡើងថា ការបង្កើតអោយមាន​ក​ម្លាំ​ង​សន្តិសុខសណ្តាប់ធ្នាប់​នៅតាម​ខណ្ឌ​ទាំង​ ១២​ នេះ​ឡើង គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុងមូលដ្ឋាន​។ ប៉ុន្តែ​កា​រងារ​ជាក់ស្តែង ​គឺ​បងប្អូន​យើង​បាន​បំពេញការងារ​ ១០០ ​ជំពូក​។ ​កម្លាំងប្រជា​ការពារបាន​ចូលរួម​សហការ​យ៉ាង​ល្អ​ជាមួយ​កម្លាំងប្រដាប់អាវុធ ​ក្នុងការ​អនុវត្តន៍គោលនយោបាយ​ធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។លោក ​មាន ចាន់​យ៉ា បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​សិក្ខាសាលា​ស្តីពី​គោលការណ៍​មនុស្សធម៌ ក្នុងសកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​ន៍ច្បាប់​នេះហើយ បងប្អូន​ប្រជា​ការពារ​យើង​ទាំងអស់​នឹងទទួលបាន​ពុទ្ធិ ដើម្បី​យកទៅអនុវត្ត​ន៍ការងារ​អោយ​កាន់តែ​ល្អ ក្នុង​ការបម្រើ​ផលប្រយោជន៍ប្រជាពលរដ្ឋ​។

លោកបាន​បន្តទៀតថា ក្នុងនាម​យើង​ជា​អ្នកធ្វើការងារ​មនុស្សធម៌ គឺ​ត្រូវតែ​ជួយ​ទាំងអស់ មិន​ថា​ជននោះ​ជា​នរណា​នោះទេ ពេល​ពួកគាត់​មាន​បញ្ហា​គឺ​យើង​ត្រូវ​ជួយ​ពួកគាត់​ភ្លាម​។​ ការងារ​មនុស្សធម៌ជាការ​ងារ​បម្រើ​ឲ្យ​ប្រជាជាតិ និង​សង្គម​យើង​តែ​មួយ​។ លោក​អភិបាលរង​បញ្ជាក់ទៀតថា បងប្អូន​កងសន្តិសុខ​សុទ្ធតែជា​អ្នកអនុវត្ត​ន៍គោលនយោបាយ​ភូមិសង្កាត់​មាន​សុវត្ថិភាព។​ សព្វថ្ងៃការងារ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ បងប្អូន​កំពុង​ធ្វើ​ហើយ សុខសន្តិភាពផ្លូវកាយ​មាន​ហើយ តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវការ​សន្តិសុខ​ផ្លូវចិត្ត​ទៀត ព្រោះសន្តិសុខ​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​។

លោកស្រី ​ហួន ចាន់​បូរ៉ា នាយិការ​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា​បាន​ថ្លែងថា បើយើង​មិន​យល់​ពី​មនុស្សធម៌​ទេ គឺ​យើង​មិនអាច​ជួយ​ដល់​ជនរងគ្រោះ​អោយចំ​គោលដៅ​ល្អ​នោះទេ ហើយ​ការបង្កើតអោយមាន​ការ​បណ្តុះបណ្តាល​ចំណេះដឹង​នេះ​ឡើង ក្នុង​គោលបំណង​ឲ្យកងសន្តិសុខ​យល់ដឹង​ស៊ី​ជម្រៅ​ពី​ជំនួយ​មនុស្សធម៌​នៅ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114