ព័ត៍មានទាន់​ហេតុការណ៏
Search

ផលិតកម្ម​ Rock​ ប្រកាស​ត្រៀម​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង​៣ខែ ​ជា​ផ្លូវការ​ហើយ

ភ្នំពេញ​៖ ​បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ​នៃ​ការប្រកួតប្រជែង​អ្នកនិពន្ធ​ឆ្នើម​ប្រចាំឆ្នាំ ​២០១៧ ​និងរកឃើញ​ម្ចាស់​ជ័យលាភី​លេខ​១ ​តាមរយៈ​ស្នាដៃ​ឆ្នើម​នោះ​ ពេលនេះ​ផលិតកម្ម​ Rock ​ បានប្រកាស​ត្រៀម​ថត​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​៣​ខែ ​ដើម្បី​ចាក់​បញ្ចាំង​ផ្លូវការ​នៅលើ​ទីផ្សារភាពយន្ត​។ចំពោះ​ភាពយន្ត​រឿង​៣​ខែ​ ដែល​ត្រូវបាន​ផលិតកម្ម​ Rock ​ប្រកាស​ត្រៀម​ថត​សម្តែង​នេះ ​គឺជា​ភាពយន្ត​មួយ​ដែលជា​ស្នាដៃ​ផលិត​របស់​ម្ចាស់​ជ័យលាភី​លេខ​១ ​គឺ​លោក ភេទ​ចា​។ ​ម្យ៉ាងទៀតការដែល​ផលិតកម្ម ​Rock​ សម្រេច​ជ្រើស​យក​ភាពយន្ត​មួយ​នេះ​មក​ដំណើរ​ការ​ថត​នោះ​ ក៏ព្រោះតែ​មើលឃើញ​ពី​ទីផ្សា​រគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ​ក្រោយពេល​ឈុ​ត​ខ្លី​នៃ​រឿងនេះត្រូវបាន​ទម្លាយ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូប​។
​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក យឹម សុស​ត្យា ហៅ លី ម៉េង ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​ផលិត Rock បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​​រសៀល​ថ្ងៃទី​៣០ ខែឧសភា​ ថា ​កត្តា​សំខាន់​ដែល​ផលិតកម្ម Rock​ សម្រេច​ជ្រើស​យក​រឿង៣​ខែ​នេះ​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ ​ដើម្បី​ដាក់​បញ្ចាំង​នៅ​រោងកុននោះ ​ដោយសារតែ​រឿង​មួយ​នេះ​មាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​។​ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​ផលិត​ Rock លោក​ យឹម​ សុស​ត្យា​ និយាយទៀតថា​ ខ្ញុំ​សង្ឃឹមថា ក្រោយពេល​ខ្សែភាពយន្ត​មួយ​បញ្ចប់​ការថត​ ហើយ​ចាក់​បញ្ចាំង​នៅ​រោងកុន​នឹង​អាច​ទទួលបានការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ ​ ខណៈដែល​កន្លងមក​យើង​មើលឃើញ​ពី​ទីផ្សារគាំទ្រ​រួចមកហើយ​ផង​នោះ​។ លោក យឹម សុស​ត្យា បន្ថែមថា​ អ្វី​ដែលជា​ចំណុច​ដ៏​រសើបនៅក្នុង​ខ្សែ​រឿង​មួយ​នេះ ​គឺ​ស្ថិតនៅត្រង់​ឈុត​ឆាក​ស្នេហា ​និង​អប្បិយជំនឿ​រន្ធត់ ​ដែល​ភាគី​ខាងប្រុស​បានសម្រេច​ចិត្ត​សុំ​គូស្នេហ៍​ដើម្បី​វះ​ពោះ​យក​កូន​ក្នុង​ផ្ទៃ​មាន​រយៈពេល​៣​ខែ ​មក​ធ្វើជា​កូនក្រក​វេទមន្ត​ក្នុង​ផ្លូវ​ងងឹត​។​ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ជ័យលាភី​ ដែលជា​អ្នកនិពន្ធ​រឿង​៣​ខែ ​លោក ភេទ​ចា បាន​ឲ្យដឹងថា​ ខ្សែភាពយន្ត​មួយ​នេះ​ដំបូង​ឡើយ​ខ្លួន​បាន​និពន្ធ​របៀប​ជា​រឿង​ប្រលោមលោក​នៅលើសៀវភៅ​អំឡុង​ឆ្នាំ ​២០០៩​។ ​ប៉ុន្តែ​ក្រោយមក​បន្ទាប់ពី​មានការ​ប្រកាស​ជ្រើសរើស​អ្នកនិពន្ធឆ្នើម​ពី​ខាង​ផលិតកម្ម​ Rock​ នោះ ​លោក​ក៏បាន​ដាក់ពាក្យ​ចូល​ក្រ​កួត​ប្រជែង ​និង​បាន​ជ្រើស​យក​ស្នាដៃ​និពន្ធ​មួយ​នេះ​មក​ផលិត​ជា​ខ្សែភាពយន្ត​ភាគ​ខ្លី​តែម្តង​។​អ្នកនិពន្ធ​វ័យក្មេង​លោក ភេទ​ចា បាន​បន្ថែមថា​ រឿង​ដែល​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្តខ្លាំង​នោះ ​គឺ​មិននឹកស្មានថា​ស្នាដៃ​នៃ​ការនិពន្ធ​រឿង​មួយ​នេះ ​ធ្វើ​ឲ្យ​លោក​ក្លាយជា​ម្ចាស់​ជ័យលាភី​ និង​ទទួលបានឱកាស​ការងារ​នៅ​ផលិតកម្ម ​Rock​ នោះទេ​។​ មិនតែប៉ុណ្ណោះ​ខ្សែភាពយន្ត​ខ្លី​ គឺរឿង​៣ខែនេះ ​ក៏ត្រូវ​បាន​ខាង​ភាគី​ផលិតកម្ម​សម្រេច​ជ្រើស​មក​ទៅ​ផលិត​ជាថ្មី​ ដើម្បី​ចាក់​បញ្ចាំង​នៅលើរោងកុន​ផ្លូវការ​ផងដែរ​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114