ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង បុព្វេសន្និវាស ត្រូវបាន​ស្ថានីយទូរទស្សន៍​ PNN​ ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវការ

​ភ្នំពេញ ​៖​ ខ្សែភាពយន្ត​ភាគ​រឿង បុព្វេសន្និវាស ដែល​ទទួលបាន​ការគាំទ្រ​ និង​ចាប់អារម្មណ៍​ច្រើន​ពីមហាជន​ពេលនេះ​ ត្រូវបាន​ស្ថានីយទូរទស្សន៍ ​PNN​ បើក​សន្និសីទ​សារព័ត៌មាន​ប្រកាស​ត្រៀម​ចាក់បញ្ចាំង​ជា​ផ្លូវការ​ នា​អំឡុង​ខែមិថុនា ​ឆ្នាំ ​២០១៨ ​ខាងមុខនេះ​។ពិធី​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៣០​ ខែឧសភា ​ឆ្នាំ​២០១៨​ ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ​ដែល​ជា​ម្ចាស់​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ ក្នុង​គោលបំណង​ចង់​ឲ្យ​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ទទួលបាន​សិទ្ធិ​ក្នុងការ​ចាក់ផ្សាយ​រឿង បុព្វេសន្និវាស នៅលើ​ស្ថានីយ​ទូរទស្សន៍ ​PNN​ និង​ក្លាយជា​ដៃគូ​សហការ​យ៉ាង​ល្អ​ជាមួយ​ស្ថានីយទូរទស្សន៍ ​PNN​។​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​របស់​ស្ថានីយទូរទស្សន៍ ​PNN​ បាន​លើកឡើងថា​ ចំពោះមូលហេតុ​ដែល​នាំ​ឲ្យ​ទូរទស្សន៍ ​PNN​ សម្រេច​នាំយក​រឿងនេះ​មកចាក់​ផ្សាយ​នោះ ដោយសារតែ​រឿង​ភាគ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ រហូត​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុងបណ្តាញ​សង្គម​ Twitter ហើយក៏​ទទួលបាន​ចំនួន​អ្នកទស្សនា​រហូត​ទៅជា​ង​ ១០ ​លាន​នាក់​។​ រឿងភាគ​ថៃ​ដ៏​កក្រើក​មួយ​នេះ​ ក៏​ទទួល​បានការ​សាយភាយ​ទៅកាន់​តំបន់​នៃ​ប្រទេស​ផ្សេងៗ​ជាច្រើនទៀត​ ដែល​បាន​ចាប់អារម្មណ៍​យកទៅ​ចាក់ផ្សាយ​។​ ដូច្នេះ​ទើប ​PNN​ ជឿជាក់ថា នៅពេលដែល​រឿង បុព្វេសន្និវាស ចាក់ផ្សាយ​នៅលើ​ស្ថានីយទូរទស្សន៍ ​PNN នឹង​ទទួលបានការអារម្មណ៍​ច្រើន​ដូចគ្នា​។​ប្រភព​បាន​បន្តថា​ ខណៈ​ពេលដែល​រឿង បុព្វេសន្និវាស ទទួលបាន​ការគាំទ្រ​ និង​ល្បីល្បាញបែបនេះហើយ​ ទើប​ប្រធាន​ផ្នែក​គ្រប់គ្រង​ស្ថានីយទូរទស្សន៍​ PNN​ សម្រេច​ជ្រើសរើស​យក​​យក​ម៉ោង​ពិសេស​ចំនួន ​២ ​ម៉ោង​ ដើម្បី​ចាក់ផ្សាយ​រឿងនេះ​។ ​ចំពោះ​ម៉ោង​ដែល​ត្រូវនឹង​ចាក់ផ្សាយ​នោះ ​គឺ​ម៉ោង​ ៦ ​និង​ ០០ ​នាទី​ ដល់​ម៉ោង ​៧ និង ​០០​ នាទី​យប់​ និង​ពី​ម៉ោង ​១០ ​ដល់ ​១១ ​យប់​ផងដែរ​។សូមបញ្ជាក់ថា ​រឿង បុព្វេសន្និវាស ដែល​ត្រូវ​បានប្រកាស​ត្រៀម​​ចាក់​បញ្ចាំង​ផ្លូវការ​នោះ​ គឺ​នឹងចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​ ខាងមុខនេះ​ នៅ​ស្ថានីយ​ទូរទស្សន៍ ​PNN​។ ជាមួយគ្នានេះ​ក៏មាន​ការលើកឡើង​ថា ប​ន្ទា​ប់​ពី​រឿងនេះ​ត្រូវបាន​ចាក់​បញ្ចាំង​ នឹង​ទទួលបាន​ការគាំទ្រច្រើន​ពី​មហាជន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114