ព័ត៍មានទាន់​ហេតុការណ៏
Search

ទីតាំង​ដែល​ប្រជាពលរដ្ឋ​តែង​យក​សំរាម​ទៅ​បោះចោល​រាប់​ឆ្នាំ​ ត្រូវបាន​លុបបំបាត់​នៅថ្ងៃនេះ

​ភ្នំ​ពេ​ញ៖ ទីតាំង ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​បោះចោល​ជាច្រើនឆ្នាំ​មកហើយ​នោះ ត្រូវបានលោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​សម្រេច​លុបបំបាត់ចោល​ឲ្យអស់​នា​ថ្ងៃទី​៣១ ​ខែឧសភា​ នេះ​។យោងតាម​ប្រសាសន៍​លោក រស់ សុភ​ក្គ័ អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ​នេះ​ លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈអភិបាលខណ្ឌ​ច្បារអំពៅ​ បាន​អនុញ្ញាត​ឲ្យ​រូបខ្ញុំដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ និង​មន្ត្រី​សាលាសង្កាត់​ច្បារអំពៅ​ទី​២ ​ចុះមក​ធ្វើ​អនាម័យប្រមូល​សំរាម​ចេញពី​ទីតាំង​មាត់ច្រាំង​ទន្លេបាសាក់ ​ដែល​ស្ថិតនៅ​ព្រំប្រទល់​ភូមិ​ដើម​ចាន់​ និង​ភូមិ​កណ្តាល ​ក្នុង​ទឹកដី​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

លោក​អភិបាលរងខណ្ឌ​បាន​បន្តថា ​ទីតាំង​នេះ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ ដែល​ភាគច្រើន​ជា​ជនជាតិវៀតណាម ​បាន​យក​សំរាម​មក​បោះចោល​រាប់​ឆ្នាំ​ និង​សឹង​ក្លាយទៅជា​គំនរ​សំរាម​ហើយ ពិសេស​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ ​គឺ​ទឹកស្អុយ​ហូរ​ពី​គំនរ​សំរាម​ចូលទៅក្នុង​ដង​ទន្លេ បង្កផលប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បំផុត ​និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នករស់នៅ​តាមមាត់ច្រាំង​ទន្លេ​ទៀតផង​។ ​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារបាន​ប្រតិកម្ម​នោះ​ គឺ​អ្នកភូមិភាគច្រើន​គេ​នាំគ្នា​ថែរក្សា​បរិស្ថាន​យ៉ាង​ល្អ ​តែ​បែរជា​ជនជាតិ​វៀត​ណាមួយ​ចំនួន​តូចដែលមាន​លំនៅដ្ឋាន​ក្បែរ​ទីតាំង​នេះ ​នាំគ្នា​យក​សំរាម​ទៅ​បោះ​ចូលទៅក្នុង​ទន្លេ​យ៉ាង​ថោកទាបបំផុត​។​ទាក់ទិន​នឹង​ការចុះ​ទៅធ្វើ​អនាម័យ​នា​ព្រឹក​ថ្ងៃទី​៣១​ នេះ​ គឺ​លោក​នឹង​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ផ្ទះជួលឲ្យ​មក​ទៅប្រាប់​អ្នក​មក​ជួល​ផ្ទះ​ស្នាក់នៅ ​ដែល​តែងតែ​យក​សំរាម​មក​បោះចោល​នៅ​ទីតាំងខាងលើនេះ ​ត្រូវ​បញ្ឈប់​កុំ​មាន​បន្ត​ តែបើ​អាជ្ញាធរ​ចាប់បាន​នឹងត្រូវ​ចាប់​ឃាត់ខ្លួន​ផាកពិន័យដើម្បី​ឲ្យ​រាងចាល​ ​លែង​យោគយល់​ទៀតហើយ​ ព្រោះ​អាជ្ញាធរ​ហត់នឿយ​ក្នុងការណែនាំ​ឡើង​សាំ​ទៅហើយ​។ខ​ណៈ​ពេលដែល​អាជ្ញាធរ​ចុះទៅ​ធ្វើ​អនាម័យ​នៅ​ទីតាំង​ចុង​ដី​ច្រាំង​បាក់​នេះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោកមានការ​គាំទ្រ ​និង​កោត​សរសើរ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ដែល​ចាត់​វិធានការណ៍លុបបំបាត់​ដេប៉ូ​ចាក់សំរាម​ដែលមាន​ជា​យូ​រមកហើយ ​ឲ្យ​បាត់​ទាំងស្រុង​ចាប់ពី​ថ្ងៃនេះតទៅ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114