ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​កូ​កា​កូ​ឡា​ និង​ក្រសួង​សាធារណការ សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​នៅ​ខេត្តកណ្តាល​ ដើម្បីលើកកម្ពស់​ការទទួលបាន​ទឹកស្អាត

​កណ្តាល​៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា និង​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​​ បានរួម​គ្នាដំឡើង និង​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត​ ស្ថិតក្នុង​បរិវេណ​អនុវិទ្យាល័យ​ព្រែកជ្រៃ នៅ​ខេត្តកណ្តាល ​ដែល​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ​នឹង​ផ្តល់​ទឹកស្អាត​សម្រាប់​ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ ​ប្រមាណ​ជាង ៣០០ នាក់ និង​ប្រជា​សហគមន៍​ប្រមាណ​ជាង ១៧០០ នាក់​ ដែល​រស់នៅក្នុង​សហគមន៍​ក្បែរ​នោះ​ផងដែរ​។

​ពិធី​សម្ពោធ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ​ដោយមាន​ការចូលរួម​ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​ លោក ​David Wigglesworth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។ នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី៥ហើយ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅក្នុង​ឆ្នាំ​ ២០១៨​ នេះ និង​ជា​ចំនួន​ប៉មបន្ថែម​លើ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៧ ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​ទូទាំងប្រទេសកម្ពុជា ​កាល​ពី​ឆ្នាំ​ ២០១៧ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ។

តំណាងក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បាន​ឲ្យ​ដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន​ ៣ បន្ថែមទៀត នឹងត្រូវ​ដំឡើងនៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ ២០១៨ នេះ ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត​នឹងត្រូវដំឡើង​បន្ថែម​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​បន្តបន្ទាប់ទៀត​។

​លោក David Wigglesworth បាន​មានប្រសាសន៍ថា កូ​កា​-​កូ​ឡា​ មាន​មោទនភាព​ដែលជា​ផ្នែក​មួយ​នៃសង្គម​កម្ពុជា អស់​រយៈពេលជាង ២០ ឆ្នាំ​មកហើយ ហើយ កូ​កា​-​កូ​ឡា ប្តេជ្ញាចិត្ត​ចូលរួម​កសាងសហគមន៍មួយ​នេះ​ប្រកប​ដោយនិរន្ត​ភាព​ តាមរយៈ​គំនិតផ្តួចផ្តើម​គម្រោង​ទឹកស្អាត​។ ប៉មចម្រោះ​ទឹកស្អាត​នេះ​ ដើរតួនាទី​យ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រនិរន្ត​ភាពនេះ។

លោក​បាន​បន្តថា នៅ ​កូ​កា​-​កូ​ឡា យើង​មាន​គោលបំណង​ផ្តល់​ទឹក​ត្រឡប់​ទៅ​សហគមន៍ ​និង​ធម្មជាតិ​វិញ នូវ​បរិ​មាណទឹកដែល​បាន​ប្រើប្រាស់​ក្នុងការ​ផលិត​ភេសជ្ជៈ​សម្រេច​របស់​យើង។ ជាក់ស្តែងនៅក្នុង​ឆ្នាំ ២០១៧ ​កន្លងទៅនេះ យើង​បាន​សាងសង់​ប៉ម​ចម្រោះទឹកស្អាតចំនួន ០៧ គ្រឿង និង​បានផ្តល់​ទឹកស្អាត​ចំនួន ៤.៧ បួន​ចុច​ប្រាំ​ពីរលាន​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណជាង ២០ ០០០ នាក់ (​ពីរ​ម៉ឺននាក់​)​។ តួលេខ​នេះ​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ទ្វេដងក្នុងឆ្នាំនេះ ដោយ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៨ បន្ថែមទៀត​៕​