ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​កម្ពុជា​៤​រូប និង​កីឡាករ​ថៃ​៤​រូប​ ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ​Wurkz

​ភ្នំពេញ៖ ភេសជ្ជៈ​ Wurkz​ បានប្រកាស​បើក​ការប្រកួត​ប្រដាល់​លក្ខណៈ​ជា​អន្តរជាតិ​រជ្ជកាល​ទី​១ ដែលមានកីឡាករ​កម្ពុជា​៤​រូប និង​កីឡាករ​ថៃ​៤​រូប ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣.៥​ គីឡូក្រាម ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ប្រកួត​រៀងរាល់​រសៀលថ្ងៃអាទិត្យ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ អ្នកឈ្នះ​លេខ​១ ​បាន​ ៥ ​ពាន់​ដុល្លារ និង​អ្នកចាញ់​បាន ៣ ​ពាន់​ដុល្លារ​។ក្នុង​សន្និសីទ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា កន្លងមកនេះ​ លោក​ យិន ខេមរា នាយក​ទីផ្សារ និងទំនាក់ទំនង​សាធារណៈ​នៃ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍បានលើកឡើង​ថា​ នេះ​មិនមាន​ជាស​ង្វៀន​ថ្មីរបស់​ទូរទស្ស​ន៍​អាស៊ីអាគ្នេយ៍​នោះទេ ដោយ​យើង​គ្រាន់តែ​ផ្លាស់ប្តូរ​ពី​ការឧបត្ថម្ភ​ផ្តាច់មុខ​របស់​ស្រាបៀរ​ Barley Black ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខនេះ យើង​នឹង​ដំណើរការកម្មវិធី​នេះ ដែល​នឹង​រៀបចំ​អោយមាន​ការប្រកួត​លក្ខ​ណៈ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជាល្បីៗ និង​កីឡាករ​បរទេស​ ដើម្បី​ស្វែងរក​កំពូល​ជើងឯក​អន្តរជាតិ ​Wurkz​ តែម្តង​។ចំណែក​លោក ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​មានប្រសាសន៍ថា ការរៀបចំប្រដាល់​និ​មួយៗ​ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​អភិរក្ស​ក្បាច់គុន​ខ្មែរ មិនមែន​ធ្វើ​ធម្មតា​នោះទេ ដូចនេះ​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​ត្រូវ​ពង្រឹងសមត្ថភាព​ឲ្យ​បាន​ខ្ពស់​ ជៀសអោយផុត​ពីភាព​អសកម្ម​។ លោក​បន្តថា កីឡាករ​និ​មួយៗ​ត្រូវ​ត្រៀមខ្លួន​បៀ​ប​អាជីព ប្រឹង​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​ជោគជ័យ សម្រាប់​មុខមាត់​ខ្លួនឯង​ផង ក្លិប​ផង និង​ប្រទេសជាតិ​ផងដែរ ហើយ​កីឡាករ​កម្ពុជា​ដែលមាន​ឈ្មោះ​ប្រកួត​ជាមួយ​កីឡា​ករបរទេ​សទាំង​ ៤ ​នាក់​នេះ ត្រូវ​ថែរក្សាសុខភាព បើ​ប្រកួត​ចាញ់​ឬ​ឈ្នះ​គឺ​ឲ្យ​អស់ពី​សមត្ថភាព​ពិតៗ មិនត្រូវ​ដឹងថា​ខ្លួន​មិនបាន​ទៅ​វគ្គបន្ត​ហើយប្រកួត​លេងៗ​ឡើង​យកតែ​តម្លៃ​ខ្លួន​នោះទេ​។កីឡាករ​កម្ពុជា​ទាំង ​៤​ រូប​ ដែល​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ​Wurkz​ នេះ​មាន​ ទី​១ ​កីឡាករ ​ទេស ជីវ៉ា អ្នក​ប្រដាល់​នៃ​ក្លិប​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០,ទី​២ ​កីឡាករ ​វ៉េង សុ​ភ័​ក្រ អ្នក​ប្រដាល់​មកពីក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១,ទី​៣ ​កីឡាករ​ ឌុ​ម កែវ​ដា អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ និង​ទី​៤​ កីឡាករ​ ឡុង សំណាង អ្នក​ប្រដាល់​នៃ​ក្លិប​សាល​វ័​ន្ត​កីឡា​។ ដោយឡែក​កីឡាករ​ថៃ​ទាំង​ ៤​ នាក់​ ទី​១​ ឈ្មោះ ​Loom Leng,ទី​២ ​ឈ្មោះ​ Pha Yaklek,ទី​៣​ ឈ្មោះ ​Pek Thieng និង​ទី​៤​ ឈ្មោះ​ Fa Nemith​។

គួរ​បញ្ជាក់ថា ​ការប្រកួត​ខ្សែក្រវាត់​ Wurkz​ នេះ ​គឺ​ប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ គឺ​កីឡាករ​កម្ពុជា នៅក្នុងពូ​ល ​A ​មិន​ជួបគ្នា​នោះទេ ហើយ​កីឡាករ​ថៃ​នៅក្នុង ​B​ ក៏មិន​ជួបគ្នា​ដែរ ដោយ​កីឡាករ​កម្ពុជាត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ទាំងអស់​រក​ពិន្ទុ​ អ្នកណា​មាន​ពិន្ទុ​ច្រើនជាងគេ​តាម​ពូ​ល​និ​មួយៗឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​តែម្តង ហើយ​អ្នកឈ្នះ​ទទួលបាន​ខ្សែក្រវាត់​១ ពាន​១ និង​ថវិការ ​៥ ​ពាន់​ដុល្លារ ចំណែក​អ្នក​លេខ​២​ ទទួលបាន​ពាន​១ និង​ថវិការ​ ៣ ​ពាន់​ដុល្លារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114