ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈ​បញ្ជា​ការឯកភាព​ខណ្ឌឫស្សីកែវ​ ចុះ​រដ្ឋបាល​បង្ក្រាប​ទូហ្គេម​បាញ់​ត្រីមួយគ្រឿង​ ឃាត់ជនសង្ស័យ​ ២​ នាក់ ​និង​គ្រឿងញៀន ​១៥​ កញ្ចប់​

ភ្នំពេញ​ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ មាន​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កាលពី​វេលា​ម៉ោង​ ៩​និង៣០​ នាទី​យប់ ថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ​២០១៨​នេះ បាន​បន្ត​ចុះ​ធ្វើ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​នៅក្នុងមូលដ្ឋាន ដោយបង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​គ្រឿងញៀន និងលេងល្បែង​ស៊ីសងខុសច្បាប់ ​(​ហ្គេម​បាញ់​ត្រី​)​ បាន​ចំនួន២​ គោលដៅ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ បានធ្វើការឃាត់​ជនសង្ស័យ​ចំនួន​ ០២​ នាក់ ​និង​គ្រឿងញៀន​មួយចំនួន។​

​បើតាម​អធិការនគរបាល​ខណ្ឌ​ឫស្សី​កែវ លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សារ បានអោយ​ប្រភព​នៃព័ត៌មាន​យើង​ដឹងថា នៅក្នុង​គោលដៅ​ទី​១ សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​ ២ ​នាក់ ពាក់ព័ន្ធ​នឹងការប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ​។​ ជនសង្ស័យទី​១/​ឈ្មោះ ភ្លី មូ​ស្លី​មីន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម​ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សែន​ជ័យ ឃុំ​កំពុង ស្រុក​ក្រចេះ ខេត្តក្រចេះ​ (​ប្រើប្រាស់​), ២/ឈ្មោះ ម៉ាត់ ម៉ាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រដាក ស្នាក់នៅក្រុម​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ (​ប្រើប្រាស់​)​ សម្ភារៈ​ដកហូត​រួមមាន ឧបករណ៍ប្រើប្រាស់សារធាតុ​ញៀន​មួយចំនួន និង​ដាវ​កែច្នៃ​ចំនួន​ ០១ ​ដើម​។​

​ដោយឡែក​គោលដៅ​ទី​២ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ ក្រុម​១ ភូមិ​ស្វាយប៉ាក សង្កាត់ស្វាយប៉ាក បាន​ដកហូត​វត្ថុតាង​រួមមាន​ ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​ ០១​ គ្រឿង ក្រាម​ពណ៌​សរ​ថ្លាចំនួន​ ១៥ ​កញ្ចប់​តូច និងឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​​ តែដោយ​ភូមិសាស្ត្រ​មិនអំណោយផលជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

​លោក​បន្តថា​ បច្ចុប្បន្ន​ជនសង្ស័យ​ពីរ​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការទៅតាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114