ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ោ ភា​រិ​ទ្ធ និង​ ធន់ ចាន់​តាក់ ឡើង​ដណ្តើម​ ៣ ​ពិន្ទុ​ពី​កីឡាករ​ថៃ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​

ភ្នំពេញ ៖ កីឡាករ​ ប៉ោ ភា​រិ​ទ្ធ អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ឡើង​ជួប​កីឡាករថៃ ​ក្វាង​ងិន ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​ប៊ឹ​ង ខណៈ​កីឡាករ​ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​នៃ​សមាគមន៍កីឡាប្រដាល​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ ​ឃុន​ដេ​ត ប៉​.​យុទ្ធភូមិ ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​៣​ ឆ្ពោះទៅ​ដណ្តើម​ខ្សែក្រវាត់នៅលើ​សង្វៀន ​CNC នា​ថ្ងៃអាទិត្យ​ ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​ក្វាង​ងិន ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​ប៊ឹ​ង ក្នុង​ប្រភេទទម្ងន់ ​៦៣.៥​ គីឡូក្រាម ដើម្បី​ដណ្តើមយក ​៣​ ពិន្ទុ​បន្ថែម​។ កីឡាករ ​ក្វាង​ងិន ម៉​.​រ៉ា​ជ​ផាត់​មូបាន​ចម​ប៊ឹ​ង គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនលើក​មកហើយ មាន​ឈ្នះ​ចាញ់​ជាមួយ​កីឡាករកម្ពុជា គេ​មាន​កម្រិត​វិជ្ជា​គុន​ខ្លាំង​គួរសម​ផងដែរ គឺ​ពូកែ​ស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់ផ្តួល​គូប្រកួត​ឲ្យ​ដួល​មួយ​ជំ​ហរ។

​ចំណែក​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ក្នុងអំឡុង​កាល​រូបគេ​មិនទាន់​ធ្លាក់កូដ គេ​ជា​កីឡាករ​ជើង​ខ្លាំង​ធ្លាប់​ឈ្នះខ្សែក្រវាត់​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ព្រោះ​គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ស្នៀតទាត់ និង​ជង្គង់​ល្អ ហើយ​មាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុងការប្រកួត​។ តែ​មួយរយៈ​ចុងក្រោយ ត្រូវបាន​មហាជន​រិះគន់ និង​ដាក់​ការសង្ស័យ​ពី​ការប្រកួតរបស់​រូបគេ​ថា មិន​អស់ពី​សមត្ថភាព ​គឺ​ឡើងទៅ​គម្រប់​កិច្ច​ក្នុងឋានៈ​ជា​អ្នកចាញ់ តែយ៉ាងណា​ការប្រកួត​ជម្រុះ​នេះ​គេ​បាន ​៤ ​ពិន្ទុ​នៅក្នុង​ដៃ ​ហើយដោយ​យកឈ្នះ​១ និង​ចាញ់​១ប្រកួត​។ ចាំមើល​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ឬ​កីឡាករ​ថៃ ​ក្វាង​ងិន ម៉​.​រ៉ា​ជ​ផាត់​មូ​បាន​ចម​ប៊ឹ​ង នរណា​ជា​អ្នកឈ្នះដណ្តើមបាន​ ៣ ​ពិន្ទុ​បន្ថែម​?​។

​ដោយឡែក​កីឡាករ​វ័យក្មេង ធន់ ចាន់​តាក់ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ ឃុន​ដេ​ត ប៉​.​យុទ្ធភូមិ ដណ្តើមរក​ ៣ ​ពិន្ទុ​ដូចគ្នា ការជួបគ្នា​រវាង​កីឡាករ​ទាំងពីរ​នាក់​នេះ​មិនមាន​ប្រភព​ណា​អះអាងថា ខាងណា​មានប្រៀប​ជាង​ខាង​ណា​នោះទេ ព្រោះ​កីឡាករ​ថៃ​ ឃុន​ដេ​ត ប៉​.​យុទ្ធភូមិ ធ្លាប់​មក​ប្រកួត​នៅសង្វៀន​ប្រទេស​កម្ពុជា​ជាច្រើនលើក ដូចនេះ​ការ​វាយ​របស់គេ ​គឺ​ដឹង​ពី​ស្នៀត​របស់​កីឡាករ​កម្ពុជាច្រើន​។

​ចំណែក​កីឡាករ​ ធន់ ចាន់​តាក់ បើទោះជា​បច្ចុប្បន្នកំពុង​ទទួលបានការ​គាំទ្រ​យ៉ាងច្រើន​កុះករពី​អ្នកស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់ដៃ ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀកក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់គេ​ផង​នោះ ក៏គេនៅមាន​ចំណុចខ្សោយ​ផងដែរ​ គឺ​ត្រង់​វាយ​ចេញ​ហើយ​មិនសូវ​ការពារ ដូចនេះ​ការប្រកួត​រាល់លើក​ភាគច្រើន ​គឺ​បើ​មិន​បែក​គេក៏​បែក​ខ្លួនឯង​ដែរ បើទោះជា​ឈ្នះ​ឬ​ក៏​ចាញ់​ក៏ដោយ​។

ប្រកួតពីរលើក​កន្លងមក ​ធុន ចាន់​តាក់ គេ​ធ្វើ​មិនបាន​ល្អ​នោះ​ទេ​ ដោយ​ចាញ់​ទាំង​ពីរ​ប្រកួត​ មាន២ពិន្ទុ​ប៉ុណ្ណោះ បើ​មួយ​ប្រកួត​នេះ​ចាញ់​ទៀត​រូបគេ​ប្រឈម​នឹង​ជ្រុះ​ធ្លាក់​ពី​វគ្គ​ជម្រុះ​នេះ​មិន​ខាន​។ ចាំមើល​កីឡាករ​ ធន់ ចាន់​តាក់ និង​កីឡាករ​ថៃ ​ឃុន​ដេ​ត ប៉​.​យុទ្ធភូមិ នរណា​ជា​អ្នកឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114