ព័ត៍មានទាន់​ហេតុការណ៏
Search

“​អ្នក​ទាំងអស់គ្នា​នឹង​ស្លាប់ ​”៖ វីដេអូ​របស់​អ្នកបាញ់​ប្រហារ​នៅ Parkland ត្រូវបាន​បញ្ចេញ

លោក Nikolas Cruz ដែលជា​អ្នកបាញ់​កាំភ្លើង​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ពីក្រោយ​ការសម្លាប់​រង្គាល​ក្នុង​សាលារៀន​ទីក្រុង Parkland កាលពី​ខែកុម្ភៈ​ គឺ​បាន​ថត​ផែនការ​រំខាន​របស់គាត់​ដើម្បី​វាយប្រហារ​នៅ​អតីត​សាលារៀន​របស់គាត់​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​រដ្ឋអាជ្ញា​រដ្ឋ Florida កាលពី​ថ្ងៃ​ពុធ​។​

លោក Cruz បាន​និយាយ​ដោយ​ថត​ជាមួយ​ទូរស័ព្ទដៃ​របស់គាត់​ថា “​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​។ នៅពេល​អ្នកឃើញ​ខ្ញុំ​ក្នុង​ព័ត៌មាន អ្នកនឹង​ស្គាល់​ថា ខ្ញុំ​ជា​អ្នកណា​”​។​

បុរស​អាយុ​១៩​ឆ្នាំ​រូបនេះ​បាន​និយាយថា “​ឈ្មោះ​របស់ខ្ញុំ​គឺ Nik ហើយ​ខ្ញុំ​នឹង​ក្លាយជា​អ្នកបាញ់​ប្រហារ​នៅ​សាលារៀន​បន្ទាប់​ក្នុង​ឆ្នាំ​២០១៨”​។ គាត់​បាន​និយាយ​ក្នុង​វីដេអូ​ដែល​បាន​ថត​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ដែលជា​ថ្ងៃ​នៃ​ការបាញ់ប្រហារ​ដែល​បានសម្លាប់​សិស្ស​និង​បុគ្គលិក​សរុប​ចំនួន​១៧​នាក់​នៅ​វិទ្យាល័យ Marjory Stoneman Douglas ។​
​គាត់​បាន​និយាយ​បន្ថែមទៀតថា “​គោលដៅ​របស់ខ្ញុំ​គឺ​សម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់​”​។​

លោក Cruz បាន​ពន្យល់​ពី​ផែនការ​របស់គាត់​ក្នុងការ​ជិះ​តាក់ស៊ី Uber ដោយ​ប្រដាប់​ជាមួយនឹង​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ AR-15 ទៅកាន់​សាលា​ចាស់​របស់គាត់​។ វីដេអូ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ដំបូង​គាត់​មាន​គោលបំណង​បាញ់សម្លាប់​សិស្ស​នៅ​ទីធ្លា​សាលារៀន​។​

លោក Cruz បាន​និយាយថា “​ក្មេងៗ​ទាំងអស់​នៅក្នុង​សាលារៀន​នឹង​រត់​ទាំង​ភ័យខ្លាច​ហើយ​លាក់ខ្លួន​។ ដោយសារ​កំហឹង​នៃ​អំណាច​របស់ខ្ញុំ ពួកគេ​នឹង​ដឹងថា ខ្ញុំ​ជា​នរណា​”​។​

ដោយ​ត្រូវបាន​បណ្តេញ​ចេញពី​សាលា​រៀន​ដោយសារតែ​ហេតុផល​វិន័យ​, លោក Cruz ត្រូវបាន​គេ​ដឹងថា​គឺជា​អ្នក​ចូលចិត្ត​អាវុធ​ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​ជាការ​គំរាមកំហែង​មួយ​ដល់​មិត្ត​រួម​ថ្នាក់​របស់គាត់​។​

លោក Cruz ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​ប្រសិនបើ​គាត់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឃាតកម្ម​កម្រិត​ទី​១៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114