ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌមានជ័យ ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ ការពារ​នូវ​ការរំលោភ​យក​ចិញ្ចើម​ផ្លូវ

ភ្នំ​ពេ​ញ ​៖ ​ លោក​ ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ ​បាន​ដឹកនាំ​កម្លាំង ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ចិញ្ចើមផ្លូវ​យកទៅ​ធ្វើជាកន្លែង​លក់ដូរ​។ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែឧសភា​ នេះ ​លោក​អភិបាលខណ្ឌ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាមបណ្តោយ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​រង្វង់​មូល​ក្បាលថ្នល់ ​ដល់​មុខ​សាលា​ខេត្តកណ្តាល​ ក្នុង​ទឹកដីសង្កាត់​ចាក់អង្រែលើ​ និង​សង្កាត់​ចាក់អង្រែ​ក្រោម ​ដោយ​រួមទាំង​លើក​តម្រង់​ក្បាល​នាគ​ចែកទ្រូងផ្លូវ​ ដែល​ត្រូវបាន​រថយន្ត​ធុន​ធំ​បើ​កបំ​បុក​ឲ្យ​ខ្ទាត​រប៉ាត់រប៉ាយ​លើ​ទ្រូងផ្លូវ​ ដែល​ងាយ​នឹងគ្រោះថ្នាក់​ពេលដែល​អ្នកធ្វើដំណើរ​ជិះ​ទៅបុក​។

​លោក​ ពេជ្រ កែវ​មុនី បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សង្ខាង​ផ្លូវ​ សូមចូលរួម​ថែរក្សា​បរិស្ថាន​ ដោយ​មិន​ត្រូវយក​សំរាម​ដាក់​គរ​មុខផ្ទះ​មុន​ពេលដែល​រថយន្ត​ដឹក​សំរាមមិនទាន់​មកដល់ឡើយ​ គឺ​វា​អាច​ប៉ើង​រប៉ាត់រប៉ាយ​ពេញ​លើផ្លូវ​។ ​ដូច្នេះ​គួរតែ​រង់ចាំ​រថយន្ត​ដឹកសំរាម​មកដល់​ចាំ​យកចេញ​ទៅ​ឲ្យ​កម្មករ​ប្រមូល​សំរាម​លើកដាក់​ក្នុង​រថយន្ត​។ចំពោះ​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ដាក់លក់​អីវ៉ាន់​នោះ ​គឺ​លោក​អភិបាល​បញ្ឈប់​ការណែនាំ​ទៀតហើយ ដោយ​តម្រូវ​ឲ្យ​កម្លាំង​សន្តិសុខ​សាលាខណ្ឌ​លើកយក​ទៅ​សាលាខណ្ឌ​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវមុនពេល​ប្រគល់​ឲ្យ​វិញ​។​ ប៉ុន្តែ​បើ​មិន​ព្រមស្តាប់​តាម​ការណែនាំ​ ឬ​នៅ​បន្ត​ការដាក់​លក់​លើចិញ្ចើមផ្លូវ​សាលាខណ្ឌ​នឹង​រឹបអូស​យកទៅ​រក្សាទុក ​ដោយ​មិន​ប្រគល់​ឲ្យ​វិញ ​រួមទាំង​សំយាបផ្ទះដែល​បំពាន​សង់​លយ​មកលើ​ផ្លូវ​ទៀត​នោះ​។​

ក្នុងឱកាស​នោះដែរ​ លោក​ ពេជ្រ កែវ​មុនី ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​នាំគ្នារក្សាទុក​ចិញ្ចើមផ្លូវ​មុខផ្ទះ​កុំ​រំលោភបំពាន​ឲ្យ​សោះ ​ព្រោះ​ចិញ្ចើមផ្លូវ​សម្រាប់​ទុក​អ្នក​ថ្មើរជើងបានធ្វើ​ដំណើរ​ចៀសវាង ​ពួកគាត់​ធ្វើដំណើរ​លើ​ទ្រូងផ្លូវ​ងាយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114