ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកកាសែត​ប្រឆាំង​វិមាន​ក្រឹម​ឡាំង ​វិលត្រឡប់​ពី​ការស្លាប់ ​ខណៈ​អ៊ុយ​ក្រែ​ន​សារភាព​អំពី​ការរៀបចំ

អ្នកកាសែត​ប្រឆាំង​វិមាន​ក្រឹម​ឡាំង​លោក Arkady Babchenko បានបង្ហាញ​ខ្លួន​នៅ​រស់រានមានជីវិត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ពុធ ​ខណៈដែល​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សារភាពថា ខ្លួន​បាន​ក្លែងបន្លំ​ការស្លាប់​របស់គាត់​ដើម្បី​លាតត្រដាង​អំពី​ផែនការ​របស់​ប្រទេស​រុស្ស៊ី​ក្នុងការ​សម្លាប់​គាត់។

អ្នក​ឈរ​មើល​បាន​ភ្ញាក់ផ្អើល​និង​អបអរសាទរ​នៅពេល​លោក Babchenko បានបង្ហាញ​ខ្លួន​ដោយ​ត្រូវបាន​ណែនាំ​ដោយ​ប្រធាន​ផ្នែក​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​និយាយថា ការសម្លាប់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្អាក់​ការប៉ុនប៉ង​ដោយ​ក្រុង​មូ​ស្គូ​លើ​ជីវិត​របស់គាត់​។​

តិចជាង​២៤​ម៉ោង​មុន​នោះ អ៊ុយ​ក្រែ​ន​បាន​និយាយថា អ្នកយកព័ត៌មាន​រូប​នេះ​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ដែល​បាញ់​ចំ​ខ្នង​របស់គាត់​នៅ​ជណ្តើរ​ផ្ទះ​របស់គាត់​នៅក្នុង​ករណី​មួយ​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ទួញ​សោក​និង​ជម្លោះ​ការទូត​។​

ប្រមុខ​សេវា​សន្តិសុខ​លោក Vasyl Grytsak បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន​ថា “​ដោយសារ​ប្រតិបត្តិការ​នេះ យើង​អាច​បង្អាក់​ផែនការ​ដ៏​អាក្រក់​និង​ឯកសារ​អំពី​របៀប​ដែល​សេវា​សន្តិសុខ​រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​ដើម្បី​ឧក្រិដ្ឋ​កម្មនេះ​”​។​

លោក Grytsak បានប្រកាសថា អាជ្ញាធរ​បាន​ចាប់ខ្លួន​មេក្លោង​នៃ​ផែនការ​នេះ​ដោយ​និយាយថា ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ដែល​ឈ្មោះ​ផ្តើម​ដោយ​អក្សរ G គឺ​បាន​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​សម្លាប់​ហើយ​ចំណាយ​ប្រាក់​ប្រមាណ​៤០,០០០​ដុល្លារ​។​

ក្រោយមក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បាន​ជួប​ជាមួយ​លោក Babchenko ហើយ​បាន​សរសេរ​នៅលើ Facebook ថា “​មនុស្ស​រាប់លាន​នាក់​កំពុង​អបអរសាទរ​ចំពោះ​ជីវិត​ថ្មី​របស់​អ្នកកាសែត​រូបនេះ​”​។​

អំឡុង​សន្និសីទ​សារព័ត៌មាន​របស់គាត់ លោក Grytsak បាន​ថ្លែងអំណរគុណ​ដល់​លោក Babchenko និង​ក្រុមគ្រួសារ​របស់គាត់​ដែល​លោក​និយាយថា មានការ​ភ្ញាក់ផ្អើល​អំពី​ប្រតិបត្តិការ​សម្ងាត់​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកយកព័ត៌មាន​បាន​សុំទោស​ដល់​ប្រពន្ធ​របស់គាត់​ដែល​បានធ្វើ​ឲ្យ​នាង​មាន​ភាព​សោកសៅ​អស់​រយៈពេល​៣​ថ្ងៃ​ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេងទៀត​ទេ​” ។​

ព័ត៌មាន​អំពី “​មរណភាព​” របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម​និង​អតីត​ទាហាន​រុស្ស៊ី​ដ៏​ល្បីល្បាញ​រូបនេះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជា​បន្តបន្ទាប់​រវាង​ក្រុង​គៀវ​និង​មូ​ស្គូ​ហើយ​រូបភាព​និង​ផ្កា​ត្រូវបាន​ដាក់​ដោយ​អ្នក​កាន់ទុក្ខ​នៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​គៀវ​៕ AFP