ព័ត៍មានទាន់​ហេតុការណ៏
Search

យ៉ាងយូរ ៦០ ថ្ងៃ​ទៀត កម្ពុជា នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប លើ​វិស័យ Telcom និង ICT

ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប បានកំណត់​ពេល ៦០ ថ្ងៃ​យ៉ាងយូរ ដើម្បី​រៀបចំ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ក្រោយពី​មាន​កិច្ចប្រជុំ​ដោយឡែក​មួយ​រវាង​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាមួយនិង​លោក Pretrov Alexander ជំនួយការ​សមាជិក​គ​ណៈ​កម្ម​ការ (​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​) សម្រាប់​ទីផ្សារ​អន្តរជាតិ គាំទ្រ​ព័ត៌មាន និង​ទំនាក់ទំនង​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីក្រុង ម៉ូស្គូ សហព័ន្ធ​រុស្សី ។​

(រូបភាព៖ លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍)

​កិច្ចប្រជុំ​ដោយឡែក​នោះ បានធ្វើ​ឡើង ខណៈពេលដែល លោក​រដ្ឋលេខាធិការ កាន ច័ន្ទ​មេត្តា ត្រូវបាន​អ​ញ្ចើ​ញ​ចូលរួម នៅ​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ លោកជំទាវ តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រួម​សម្រាប់​កម្ពុជា នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប​។​

​លោក កាន ច័ន្ទ​មេត្តា និង​លោក Pretrov Alexander បាន​ពិភាក្សា​ផ្តោតទៅលើ ការចែករំលែក​បទពិសោធ​ន៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស សម្រាប់ Tech Startup Eco System និង ICT, កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក Software, ការចែករំលែក​បទពិសោធ​ន៍ លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ជាពិសេស​ពាក់ព័ន្ធ​នឹង ហត្ថលេខា​ឌីជីថល (Digital Signature), ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង (Backbone), សន្តិសុខ ប​.​គ​.​ព​. (Cyber Security) , និង​សេដ្ឋកិច្ច​ឌីជីថល (Digital Economic), កិច្ច​សហ​ប្រតិ​ប​ត្ត​ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល សម្រាប់ MSMEs និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ រវាង​ការធ្វើ​អាជីវកម្ម និង​អាជីវកម្ម​(B2B)​ជាដើម​។​

​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ និង​ដើម្បី​ពង្រឹង​កិច្ច​ហ​ប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ភាគី​ទាំងពីរ​បានកំណត់​ពេល ៦០ ថ្ងៃ​យ៉ាងយូរ ដើម្បី​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​គណៈកម្មកា​រ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ជាពិសេស​លើ​ចំណុច​សំខាន់ៗ ដែល​បាន​ពិភាក្សា​ខាងលើ​៕ (អត្ថបទ និងរូបភាពផ្ដល់ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍)