ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ​ចុះ​ពិនិត្យ និង​ជួសជុល​ផ្លូវលំ ១​ខ្សែ​ក្នុង​ក្រុង​បាន​លុង ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង

រតនគិរី ​៖ ​លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី អមដំណើរ​ដោយ​អភិបាលក្រុង​បាន​លុង រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត រួម​ទាំង​សប្បុរសជន​មួយ​ចំនួន​ទៀត ​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​ចុះ​ពិនិត្យ និង​ជួយ​ជួសជុល​ផ្លូវលំ ១​ខ្សែ ស្ថិត​ក្នុង​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដែល​រង​ការខូចខាត​ដោយសារ​មេឃ​បង្អោរ​ភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជាប់ៗ​គ្នា។

ការ​ចុះ​ពិនិត្យ និង​ជួយ​ជួសជុល​ផ្លូវលំ ១​ខ្សែ​នេះ​របស់ លោក ប៊ូ ឡាំ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមិថុនា​នេះ បន្ទាប់ពី​លោក​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​ពី​បញ្ហា​លំបាក​ក្នុងការ​ធ្វើដំណើរ​ក្នុង​រដូវវស្សា​នេះ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​នោះ។

ថ្លែង​ក្នុងឱកាស​នោះ​ផងដែរ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី​រូបនេះ ក៏បាន​ធ្វើការ​សំណូម​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នេះ សូមអោយ​ជួយ​ចូលរួម​ថែរក្សា​ផ្លូវលំ ១​ខ្សែ​នេះ​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ ជាពិសេស​ចំពោះ​សិស្សានុសិស្ស ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ទៅមក បន្ទាប់ពី​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ចុះ​មក​ជួយ​ជួសជុល​ផ្លូវ​នេះ​អោយ​បាន​ល្អ ស្អាត ក្នុង​រយៈពេល​ដ៏​ខ្លី​នា​ពេល​ខាងមុខនេះ ពោល​គឺ​ក្រោយ​មេឃ​ភ្លៀង​ធ្លាក់។

ជាមួយគ្នា​នោះ លោក ប៊ូ ឡាំ ក៏បាន​បញ្ជាក់ថា ការដែល​លោក​ ចុះមក​ពិនិត្យ និង​ជួយ​ជួសជុល​ផ្លូវលំ ១​ខ្សែ នាពេលនេះ គឺ​មិនមែន​មក​ឃោសនា សុំ​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​នេះ​ជាការ​មើលឃើញ​ពី​ការលំបាក​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​ជាក់ស្តែង៕